ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​សង្គម​អូស្ដ្រាលី​កំពុង​រួម​ចំណែក​​លើកកម្ពស់​ស្ដ្រី​កម្ពុជា​យ៉ាង​ធំធេង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគ្រាស​សង្គម​អូស្ដ្រាលី ជា​គម្រោង​អាជីវកម្ម​មួយ​ដែល​បង្កើត​ឡើង​ក្នុង​បេសកកម្ម​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ធានា​ឲ្យ​បាន​នូវ​និរន្ដរភាព​ហិរញ្ញវត្ថុ និង​ការ​លើកកម្ពស់​សហគមន៍​មូលដ្ឋាន​ឲ្យ​ប្រសើរ​ឡើង​។ បច្ចុប្បន្ន សហគ្រាស​សង្គម​អូស្ដ្រាលី កំពុង​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​រួមចំណែក​ពង្រឹង​អំណាច…

រាជធានី​ភ្នំពេញ ៖ សហគ្រាស​សង្គម​អូស្ដ្រាលី ជា​គម្រោង​អាជីវកម្ម​មួយ​ដែល​បង្កើត​ឡើង​ក្នុង​បេសកកម្ម​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​ធានា​ឲ្យ​បាន​នូវ​និរន្ដរភាព​ហិរញ្ញវត្ថុ និង​ការ​លើកកម្ពស់​សហគមន៍​មូលដ្ឋាន​ឲ្យ​ប្រសើរ​ឡើង​។ បច្ចុប្បន្ន សហគ្រាស​សង្គម​អូស្ដ្រាលី កំពុង​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​ការ​រួមចំណែក​ពង្រឹង​អំណាច និង​សមត្ថភាព​ស្ដ្រី​កម្ពុជា តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ ការ​ពង្រីក​អាជីវកម្ម និង​សហគ្រិនភាព ។

SHE Investments គឺជា​សហគ្រាស​សង្គម​អូស្ដ្រាលី​មួយ ដែល​បាន​និង​កំពុង​ជួយ​ស្ត្រី​កម្ពុជា​ដែល​មាន​​អាជីវកម្ម​ខ្នាត​តូច និង​តូច​បំផុត ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​តាម​រយៈ​កម្មវិធី​បណ្ដុះបណ្ដាល កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម ការ​ប្រឹក្សា​យោបល់​និង​ស្រាវជ្រាវ និង​ការ​ផ្ដល់​ព័ត៌មាន​អំពី​ទម្រង់​អាជីវកម្ម​ជាដើម ។ បច្ចុប្បន្ន​នេះ សហគ្រិន​ស្ដ្រី​កម្ពុជា​កាន់តែ​ច្រើន បាន​ចូលរួម និង​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​សហគ្រាស​សង្គម​នេះ ហើយ​ពួក​គេ​បាន​យកគំនិត​ទាំងនោះ​ទៅ​អនុវត្ត​អាជីវកម្ម​ប្រកបដោយ​ភាព​ជោគជ័យ ។

អ្នក​នាង Celia Boyd សហ​ស្ថាបនិក​នៃ​SHE Investments បាន​មាន​ប្រសាសន៍​ថា សហគ្រាស​សង្គម SHE Investments ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បណ្ដុះបណ្ដាល និង​ព​ន្លឿ​ន​អាជីវកម្ម ពិសេស គឺ​សម្រាប់​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​មាន​អាជីវកម្ម​ខ្នាត​តូច និង​តូច​បំផុត ដើម្បី​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ដឹកនាំ​អាជីវកម្ម ។

អ្នក​នាង​លើក​ឡើង​ថា «​ស្ត្រី​ប្រមាណ ៦៥% បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ប៉ុន្ដែ​ភាគច្រើន​នៃ​អាជីវកម្ម​ទាំងនោះ គឺជា​អាជីវកម្ម​ខ្នាត​តូច និង​តូច​បំផុត ។ ដូច្នេះ​យើង​បង្កើត សហគ្រាស​សង្គម​នេះ​ឡើង ដើម្បី​ជួយ​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ឲ្យ​កាន់តែ​មាន​វិសាលភាព​។ ជាង​នេះ​ទៅ​ទៀត គឺ​យើង​ចង់​ឲ្យ​សហគ្រិន​ស្ត្រី​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រង​អាជីវកម្ម​ដូច​បុរស​ដែរ »​។

អ្នក​នាង​បន្ថែម​ថា SHE Investments បាន​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​២០១៥ ដោយ​មានកម្ម​វិធី​ជា​ច្រើន​ដូច​ជា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម និង​ប្រឹក្សា​យោបល់​ជាដើម ដែល​កម្មវិធី​នីមួយ​ៗ​មាន​រយៈពេល​៦​ខែ ដោយ​ផ្តល់​ការ​បណ្ដុះបណ្ដាល និង​ណែនាំ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​សមត្ថ​ភាព​ក្នុង​ការ​ពង្រីក​អាជីវកម្ម បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត ។

អ្នក​នាង​បន្ដ​ថា «​បច្ចុប្បន្ន យើង​បាន​បណ្ដុះបណ្ដាល​សហគ្រិន​ស្ដ្រី​កម្ពុជា ចំនួន​២៥០​នាក់ ដែល​ពួក​គេ​សុទ្ធតែ​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន និង​ភាគច្រើន​ជា​អាជីវកម្ម​ខ្នាត​តូច​បំផុត ហើយ​ពេល​នេះ ពួក​គេ​ប្រមាណ​ជាង​១០០​នាក់​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល »​។ អ្នក​នាង​បន្ត​ទៀត​ថា ៖« ភាគច្រើន​អ្នក​ដែល​បាន​បញ្ចប់​វគ្គ​នេះ គឺ​បាន​ពង្រីក​អាជីវកម្ម ដោយ​បង្កើត​ការងារ​បាន​២​កន្លែង​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​យើង​នៅ​បន្ដ​តាមដាន​សកម្មភាព​របស់​ពួក​គេ ក្នុង​រយៈពេល​២​ឆ្នាំ​បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា ដោយ​ពិនិត្យ​មើល និង​ឈ្វេង​យល់​ពី​ដំណើរការ និង​ស្ថានភាព​អាជីវកម្ម​របស់​ពួក​គេ ហើយ​យើង​ក៏​តែង​រៀបចំ​សិក្ខាសាលា​ប្រចាំខែ ដើម្បី​​កសាង និង​ពង្រឹង​ទំនាក់ទំនង​ពួក​គេ​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ យើង​តែងតែ​រៀបចំ​សិក្ខាសាលា​ប្រចាំ​ឆ្នាំ ដោយ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​វិស័យ​រដ្ឋ វិស័យ​ឯកជន និង​អង្គការ​ជា​ដៃគូ​ផង​ដែរ »​។

សហគ្រិន​ស្ត្រី​ដែល​ជួប​បញ្ហា និង​ត្រូវការ​បណ្ដុះបណ្ដាល​ជំនាញ ឬ​ប្រឹក្សា​យោបល់​អំពី​អាជីវកម្ម​របស់​ខ្លួន អាច​ដាក់​ពាក្យ​បាន​តាម​រយៈ​វេ​ប​សាយ sheinvestments.com ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក SHE Investments ឬ​មក​ជួប​ផ្ទាល់ នៅ​អាសយដ្ឋាន​ផ្ទះ​លេខ​៣៣BE0E1 ផ្លូវ​លេខ​៥១០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទោះ​យ៉ាងនេះ​ក្ដី គ្រប់​កម្មវិធី​ទាំងអស់​មានការ​គិតថ្លៃ ប៉ុន្ដែ​ដោយសារ SHE Investments នេះ​មានការ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ជា​ច្រើន​ជា​ដៃគូ ពួក​គេ​បាន​ផ្ដល់​កម្មវិធី​អាហារូបករណ៍​ដល់​គម្រោង​នេះ ដូច្នេះ​បើ​ស្ត្រី​កម្ពុជា​ពុំ​មាន​លទ្ធភាព ពួក​គេ​អាច​ដាក់​ពាក្យសុំ​អាហារូបករណ៍​ដើម្បី​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល ។

អ្នក​នាង​មាន​ប្រសាសន៍​ថា « ជា​ធម្មតា កម្មវិធី​សិក្សា​នីមួយ​ៗ ត្រូវ​បង់ថ្លៃ​ជាង​២​ពាន់​ដុល្លារ​ក្នុង​១​នាក់​សម្រាប់​សិក្សា​រយៈពេល​៦​ខែ ប៉ុន្ដែ​ដោយសារ​យើង​មាន​អង្គការ​ជា​ដៃគូ គេ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​យើង ដោយ​តម្រូវ​ឲ្យ​សហគ្រិន​ស្ត្រី​ដែល​មាន​បំណង​មក​សិក្សា​ទាំងនោះ អាច​បង់ថ្លៃ​ត្រឹមតែ​ចន្លោះ​ពី​១០០​ទៅ​៤០០​ដុល្លារ​ប៉ុណ្ណោះ ហើយ​បើ​ពួក​គេ​ពុំ​មាន​លទ្ធភាព​ទៀត ពួក​គេ​អាច​ចុះ​ឈ្មោះ​សុំ​អាហារូបករណ៍​តែ​ម្ដង »​។

ទៅ​ថ្ងៃ​អនាគត SHE Investments ចង់​ពង្រីក​ការិយាល័យ​របស់​ខ្លួន​ទៅ​កាន់​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​កម្ពុជា ដើម្បី​ឲ្យ​គម្រោង​នេះ មាន​លទ្ធភាព​ជួយ​ដល់​ស្ត្រី​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​។ ដូច្នេះ បើ​សហគ្រិន​ស្ត្រី​កម្ពុជា មាន​បំណង​ចង់​ទទួល​បានការ​បណ្ដុះបណ្ដាល និង​ពង្រីក​ចំណេះដឹង​ទាក់ទង​នឹង​អាជីវកម្ម​របស់​ខ្លួន ពួក​គេ​អាច​ទាក់ទង​ដោយ​ផ្ទាល់ ឬ​តាម​វេ​ប​សាយ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ SHE Investments ក៏​បាន ដើម្បី​ឈ្វេងយល់​ពី​គំរូ​អាជីវកម្ម និង​ប្រឹក្សា​យោបល់​ពី​អាជីវកម្ម ។

សហ​ស្ថាបនិក​រូប​នេះ ក៏​បាន​លើកទឹកចិត្ត​ដល់​សហគ្រិន​ស្ដ្រី​កម្ពុជា​គ្រប់​រូប ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​ឲ្យ​បាន​ច្រើន ដើម្បី​ចេះ​រៀបចំ​ផែនការ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​មាន​និរន្ដរភាព​ផង​ដែរ ។ អ្នក​នាង​ថា «​ក្នុង​នាម​ជា​សហ​ស្ថាបនិក យើង​លើកទឹកចិត្ត​ឲ្យ​សហគ្រិន​ស្ដ្រី​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​ឲ្យ​បាន​ច្រើន​ដោយ​រៀន​ពី​សហគ្រិន​ស្ដ្រី​ខ្មែរ​ដូច​គ្នា ឬ​រៀន​ពី​ពួក​យើង ដើម្បី​ឈ្វេងយល់​ពី​បញ្ហា​ប្រឈម ដែល​អាច​ឲ្យ​ពួក​យើង​ជួយ​គាំទ្រ​ពួក​គេ​បាន​យូរអង្វែង »​។

ក្រៅពី​ការ​ចូលរួម​ជួយ​ស្ត្រី​កម្ពុជា​តាម​រយៈ ការ​ពង្រីក​អាជីវកម្ម ឲ្យ​កាន់តែ​ប្រសើរ​ឡើង សហគ្រាស​សង្គម​អូស្ត្រាលី ក៏​បាន​ចូលរួម​ជួយ​ដល់​ស្ដ្រី​រង​គ្រោះ​ពី​ការ​ជួញដូរ​ផ្លូវភេទ ឲ្យ​មាន​វិ​ថី​ជីវិត​ថ្មី​សម្រាប់​កសាង​អនាគត​របស់​ពួក​គេ​ផង​ដែរ ។ ជាក់ស្ដែង Outland Denim គឺជា​ម៉ាក​សម្លៀក​បំពាក់ និង​ជា​សហ​គ្រាស​សង្គម​ដែល​ផ្តល់​ឱកាស​ការងារ និង​វគ្គ​បណ្តុះបណ្តាល​ដល់​ស្ត្រី​រង​គ្រោះ​ពី​អំពើ​ជួញដូរ​ផ្លូវភេទ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដេរខោ​ខាវ​ប៊​យ ។

នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​Outland Denim លោក Caleb Bjorem បាន​មាន​ប្រសាសន៍​ថា Outland Denim ជា​សហគ្រាស​ផលិត​ខោ​ខាវ​ប៊​យ​ដែល​មានគុណ​ភាព​ខ្ពស់​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ហើយ​អាច​និយាយ​ដោយ​មោ​ទ​ភាព​ថា វា​ជា​ផលិតផល​ធ្វើ​នៅ​កម្ពុជា ឬ «Made in Cambodia»​។

លោក​ថ្លែង​ថា «​បច្ចុប្បន្ន សហគ្រាស​យើង​បាន​និង​កំពុង​បណ្ដុះបណ្ដាល និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​យ៉ាងច្រើន​ដែល​ពួក​គេ​សុទ្ធតែ​មាន​ជីវភាព​លំបាក ហើយ​ក្នុង​នាម​ជា​ផលិតករ យើង​ចង់​ប្រាប់​ថា​បុគ្គលិក​របស់​ពួក​យើង​ពិតជា​មាន​សមត្ថភាព​ក្នុង​ការ​បំពេញការងារ​របស់​ពួក​គេ »​។

លោក Caleb Bjorem បន្ថែម​ថា «​យើង​ក៏​ចង់​លើកទឹកចិត្ត​ដល់​រោងចក្រ​សហគ្រាស​ទាំងអស់​ឲ្យ​ចេះ​មើលថែ​កម្មករនិយោជិត​របស់​ពួក​គេ ហើយ​ក៏​ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ផង​ដែរ ។ ដូច្នេះ យើង​អាច​នាំ​កិត្តិយស​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​ថែរក្សា​កេរ្ដិ៍ឈ្មោះ និង​កិត្តិនាម​នៃ​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ​សម្លៀក​បំពាក់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ »​។

លោក Caleb Bjorem បញ្ជាក់​ថា «​ស្ថិត​ក្រោម​គុណ​តម្លៃ​នៃ​រដ្ឋាភិបាល​អូស្ដ្រាលី យើង​ចង់​ផ្ដល់​ឱកាស​ដល់​ស្ដ្រី​ដែល​មិន​មានឱកាស​នេះ ។ ហេតុនេះ​ហើយ​បានជា​យើង​ធ្វើការ​នៅ​តាម​ខេត្ត ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​ផង និង​មើលថែ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង ហើយ​នៅ​ថ្ងៃ​អនាគត ពួក​យើង​ចង់​ឃើញ​ភាពរឹងមាំ និង​សុវត្ថិភាព​របស់​កម្ពុជា​សម្រាប់​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស »​។

លោក​ជំទាវ Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​សម្ដែង​ក្ដី​សោមនស្ស​រីករាយ ដែល​បានឃើញ​សហគ្រាស​សង្គម​អូស្ត្រាលី កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​ស្ត្រី​កម្ពុជា ក៏​ដូច​ជា​លើក​ស្ទួយ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប្រកបដោយ​ស្ថិរភាព​។

លោក​ជំទាវ​ថ្លែង​ថា «​វា​ពិតជា​ប្រសើរ​ណាស់ ដែល​បានឃើញ​សហគ្រាស​សង្គម​អូស្ត្រាលី មាន ឥទ្ធិពល​យ៉ាង​ពិតប្រាកដ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដល់​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​កម្ពុជា »​។លោក​​ជំទាវ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​បន្ដ​ថា ៖« ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ ជួយ​លើក​កម្ពស់​មុខមាត់​ស្ត្រី​ក្នុង​សង្គម ដែល​ជា​កត្តា​ចំ​បាច់​ក្នុង​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ