ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកទោស​ឧក្រិដ្ឋ​ហែក​គុករត់​នៅ​បាត់​ដំបង ដូ​រឈ្មោះ​ធ្វើ​អ្នក​កាសែត​អស់លក្ខណ៍​ពេល​មាន​ជម្លោះ​ក្នុង​ហាង

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ អ្នក​ទោស​ឧក្រិដ្ឋ​ម្នាក់​ ក្នុង​ចំណោម​៥​នាក់​ ដែល​ហែក​គុក​រត់​ចេញ​កាល​ពី​អំឡុង​ខែ​មេសា​ ឆ្នាំ​២០១២​កន្លង​ទៅ​ នៅ​ខេត្ត​បាត់​ដំបង​ ត្រូវ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ ចាប់​ខ្លួន​បាន​កាល​ពី​យប់​ថ្ងៃ​ទី​៤​ សីហា​ ក្រោយ​ពី​ជន​នេះ​បង្ក​ការ​អុក​ឡុក​ក្នុង​ភោជនីយ​ដ្ឋាន​មួយ​នៅ​ចំ​កណ្តាល​បេះ​ដូង​ក្រុង​សៀម​រាប​ ហើយ​ក៏​បាន​បញ្ជូន​មក​ចូល​គុក​នៅ​ខេត្ត​បាត់​ដំបង​វិញ​ នៅ​វេលា​យប់​ថ្ងៃ​ទី​៦​ សីហា​ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ ជេត​ វណ្ណ​នី​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាត់​ដំបង​ ។​

ខេត្ត​បាត់​ដំបង​ ៖ អ្នក​ទោស​ឧក្រិដ្ឋ​ម្នាក់​ ក្នុង​ចំណោម​៥​នាក់​ ដែល​ហែក​គុក​រត់​ចេញ​កាល​ពី​អំឡុង​ខែ​មេសា​ ឆ្នាំ​២០១២​កន្លង​ទៅ​ នៅ​ខេត្ត​បាត់​ដំបង​ ត្រូវ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ ចាប់​ខ្លួន​បាន​កាល​ពី​យប់​ថ្ងៃ​ទី​៤​ សីហា​ ក្រោយ​ពី​ជន​នេះ​បង្ក​ការ​អុក​ឡុក​ក្នុង​ភោជនីយ​ដ្ឋាន​មួយ​នៅ​ចំ​កណ្តាល​បេះ​ដូង​ក្រុង​សៀម​រាប​ ហើយ​ក៏​បាន​បញ្ជូន​មក​ចូល​គុក​នៅ​ខេត្ត​បាត់​ដំបង​វិញ​ នៅ​វេលា​យប់​ថ្ងៃ​ទី​៦​ សីហា​ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ ជេត​ វណ្ណ​នី​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាត់​ដំបង​ ។​

លោក​ ជេត​ វណ្ណនី​ បាន​ឱ្យ​ដឹង​ថា​ ទណ្ឌិត​នោះ​ឈ្មោះ​ កែវ​ ឡុង​ អាយុ​៣១​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ពួក​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប​ តែ​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ភូមិ​ព្រែក​ព្រះ​ស្តេច​ សង្កាត់​ព្រែក​ព្រះ​ស្តេច​ ក្រុង​បាត់​ដំបង​ ។​ លោក​បន្ត​ថា​ ជន​ឈ្មោះ​ កែវ​ ឡុង​ ជា​អ្នក​ទោស​ឧក្រិដ្ឋ​ ដែល​បាន​ហែក​គុក​រត់​ចេញ​ពី​ខេត្ត​បាត់​ដំបង​ ជាមួយ​ទណ្ឌិត​៤​នាក់​ទៀត​ កាល​ពី​អំឡុង​ខែ​មេសា​ ឆ្នាំ​២០១២​កន្លង​ទៅ​ ។​ លោក​ឱ្យ​ដឹង​ទៀត​ថា​ សមត្ថ​កិច្ច​បាន​តាម​ប្រមាញ់​មិន​ឈប់​ឈរ​ រហូត​មក​ដល់​ពេល​នេះ​ តាម​ដីកា​របស់​តុលា​ការ​ លុះ​នៅ​យប់​ថ្ងៃ​ទី​៤​ សីហា​ ទើប​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ ចាប់​ខ្លួន​ក្រុម​នេះ​បាន​ម្នាក់​ ដោយ​សារ​ជន​នេះ​ទៅ​បង្ក​ការ​អុក​ឡុក​ក្នុង​ភោជ​នីយ​ដ្ឋាន​មួយ​ ។​ លោក​ ជេត​ វណ្ណនី​ បន្ថែម​ថា​ លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ចាត់​កម្លាំង​ឱ្យ​ទៅ​ទទួល​យក​ទណ្ឌិត​ម្នាក់​នេះ​ពី​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ នាំ​មក​បញ្ចូល​ក្នុង​ពន្ធនា​គារ​ខេត្ត​បាត់​ដំបង​វិញ​ហើយ​ កាល​ពី​យប់​ថ្ងៃ​ទី​៦​ សីហា​ ។ ប៉ុន្តែ​លោក​បញ្ជាក់​ដែរ​ថា​ លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ បាន​ចាត់​កម្លាំង​ជំនាញ​ឱ្យ​ចុះ​ទៅ​សួរ​នាំ​ទណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ ដល់​ក្នុង​ពន្ធនា​គារ​ ដើម្បី​ស្រាវ​ជ្រាវ​រក​បក្ខ​ពួក​បន្ត​ទៀត​ ។​

ស្តាប់​អ្នក​ទោស​ឧក្រិដ្ឋ​ កែវ​ ឡុង​ រៀប​រាប់​ក្រោយ​ការ​ហែក​គុក​រត់​ យោង​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​សួរ​នាំ​ទណ្ឌិត​ កែវ​ ឡុង​ ដល់​ក្នុង​ពន្ធនា​គារ​ ជន​នេះ​និយាយ​ថា​ ក្រោយ​ពី​រត់​ចេញ​ពី​ពន្ធនា​គារ​ខេត្ត​បាត់​ដំបង​ ជាមួយ​គូ​កន​៤​នាក់​ទៀត​ ខ្លួន​បាន​ទៅ​សម្ងំ​លាក់​ខ្លួន​មួយ​រយៈ​នៅ​ខេត្ត​សៀម​រាប​ និង​រាជ​ធានី​ភ្នំពេញ​ បែក​ពី​ក្រុម​ទណ្ឌិត​ដទៃ​ទៀត​ ។​ ដោយ​ឃើញ​ស្ថាន​ភាព​ស្ងប់​ស្ងាត់​ ខ្លួន​ក៏​បាន​ទាក់​ទង​អ្នក​ស្គាល់​មួយ​ចំនួន​ ដើម្បី​ចូល​ធ្វើ​ជា​អ្នក​យក​ព័ត៌​មាន​ឱ្យ​អង្គ​ភាព​កាសែត​  «ជីវិត​ថ្មី» ដែល​មាន​ចាង​ហ្វាង​ឈ្មោះ​ ឆេង​ ។ ជន​នេះ​បន្ត​ថា​ ខ្លួន​ត្រូវ​ចាង​ហ្វាង​ផ្តល់​ឋានៈ​ជា​អ្នក​យក​ព័ត៌​មាន​ទូ​ទាំង​២៤​រាជធានី​-ខេត្ត​ ដោយ​ប្តូរ​ពី​ឈ្មោះ​ កែវ​ ឡុង​ មក​ ចាន់​ ពាវ​ វិញ​ ដើម្បី​លាក់​បាំង​ប្រវត្តិ​ ។​ ប៉ុន្តែ​ភាគ​ច្រើន​ខ្លួន​តែង​ស្នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​ តែ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ដោយ​សារ​មាន​ជម្លោះ​ជាមួយ​ម្ចាស់​ភោជនីយ​ដ្ឋាន​មួយ​ ។​ នៅ​ពេល​សួរ​នាំ​រក​កាត​សម្គាល់​ខ្លួន​ ឬ​លិខិត​បេសក​កម្ម​របស់​អង្គ​ភាព​សារ​ព័ត៌​មាន​ ជន​នេះ​បញ្ជាក់​ថា​ កាត​ និង​លិខិត​បេសក​កម្ម​ទាំង​នោះ​បាន​ជ្រុះ​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ ពេល​ប្រតាយ​គ្នា​ជាមួយ​ម្ចាស់​ហាង​ និង​សមត្ថ​កិច្ច​នៅ​ខេត្ត​សៀម​រាប​ ។​ ទោះ​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​ការ​អះ​អាង​របស់​ទណ្ឌិត​ កែវ​ ឡុង​ ឬ​ចាន់​ ពាវ​ តែ​ប៉ុណ្ណោះ​ ដែល​សមត្ថ​កិច្ច​បាន​ដក​ស្រង់​សម្តី​ពេល​សួរ​នាំ​ ។​ កោះ​សន្តិ​ភាព​ មិន​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​ឈ្មោះ​ ឆេង​ ដែល​ជន​ឧក្រិដ្ឋ​ខាង​លើ​អះ​អាង​ថា​ជា​ចាង​ហ្វាង​កាសែត​ «ជីវិត​ថ្មី»​ បាន​ទេ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦​ សីហា​ ជុំវិញ​ករណី​នេះ ។

​ សូម​បញ្ជាក់​ថា​ អ្នក​ទោស​ឧក្រិដ្ឋ​ទាំង​៥​នាក់​របស់​ក្រុម​ កែវ​ ឡុង​ នេះ​ បាន​ប្រើ​រណារ​អា​រ​ដែក​ចម្រឹង​បង្អួច​បន្ទប់​ ក្នុង​ពន្ធ​នា​គារ​ខេត្ត​បាត់​ដំបង​ លួច​រត់​ដោយ​សុវត្ថិ​ភាព​ កាល​ពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ មេសា​ ឆ្នាំ​២០១២​កន្លង​ទៅ​ ។ កាល​នោះ​អ្នក​គ្រប់​គ្រង​គុក​បាន​អះ​អាង​ថា​ ក្រុម​អ្នក​ទោស​ឧក្រិដ្ឋ​ទាំង​៥​នាក់​នេះ​ សុទ្ធ​តែ​មាន​ជំងឺ​គ្រប់​ៗ​គ្នា​ស្ទើរ​តែ​ដើរ​មិន​រួច​ ហើយ​ត្រូវ​គេ​ដាក់​ឱ្យ​ស្នាក់​នៅ​រួម​គ្នា​ក្នុង​បន្ទប់​មួយ​នៃ​អគារ​ពេទ្យ​ក្នុង​ពន្ធ​នា​គារ​ ។ ក្រុម​អនុ​រក្ស​បាន​ប្រាប់​ថា​ ពេល​ចេញ​រួច​ពី​បន្ទប់​ឃុំ​ឃាំង​ ពួក​គេ​បាន​នាំ​គ្នា​ឡើង​ឆ្លង​កាត់​របង​សំណាញ់​ដែក​មួយ​តង់​ដែល​ហ៊ុម​ព័ទ្ធ​អគារ​ក្នុង​បរិ​វេណ​ពន្ធ​នា​គារ​ រួច​បាន​ឡើង​ផ្លោះ​កំផែង​ថ្ម​ពន្ធ​នា​គារ​មួយ​តង់​ទៀត​ កម្ពស់​ដល់​ទៅ​៤​ម៉ែត្រ​ ដែល​មាន​ហ៊ុម​ព័ទ្ធ​បន្លា​លួស​ត្រួត​លើ​គ្នា​ពី​២​ទៅ​៣​ជាន់​ផង​ ។ បន្ទាប់​ពី​កើត​ហេតុ​មួយ​ថ្ងៃ​ ក៏​មាន​ការ​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​មួយ​ដែល​មាន​សមា​សភាព​មន្ត្រី​ជំនាញ​មក​ពី​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ដើម្បី​ចុះ​ពិនិត្យ​ទី​តាំង​ពន្ធ​នា​គារ​ដែល​មាន​បញ្ហា​ ។ ប៉ុន្តែ​កាល​នោះ​បើ​តាម​មន្ត្រី​ជំនាញ​និយាយ​ថា​ គេ​រក​មិន​ឃើញ​ភស្តុ​តាង​ឬ​ស្លាក​ស្នាម​ណា​បន្តិច​ដែល​គួរ​ឱ្យ​ជឿ​បាន​ថា​ ទណ្ឌិត​ទាំង​៥​នាក់​ដែល​មាន​ជំងឺ​ដើរ​ស្ទើរ​មិន​រួច​អាច​ឡើង​ផ្លោះ​របង​សំណាញ់​ដែក​ និង​កំផែង​ថ្ម​ដ៏​ខ្ពស់​នោះ​បាន​ទេ​ ។

មន្ត្រី​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា​ ទី​តាំង​ដែល​ត្រូវ​ពិនិត្យ​ស្លាក​ស្នាម​នោះ​ហាក់​ដូច​ត្រូវ​គេ​រៀប​ចំ​ជា​ស្រេច​ មុន​ពេល​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​ចុះ​ទៅ​ពិនិត្យ​ ។ រី​ឯ​ការ​ហែក​ពន្ធ​នា​គារ​រត់​របស់​ក្រុម​ទណ្ឌិត​ទាំង​៥​នាក់​នោះ​ ក៏​គេ​សង្ស័យ​ថា​ អាច​មាន​អ្នក​រៀប​គម្រោង​ទុក​ជា​មុន​ដែរ​ ទាំង​ផ្នែក​ការ​ពារ​ ទាំង​ច្រក​សុវត្ថិ​ភាព​សម្រាប់​លួច​រត់​ចេញ​ ។ ពន្ធ​នា​គារ​ខេត្ត​បាត់​ដំបង​ត្រូវ​គេ​ដឹង​ថា​ សំបូរ​រឿង​អាស្រូវ​បំផុត​រវាង​អ្នក​ទោស​ និង​អនុ​រក្ស​ ។
ក្រុម​ទណ្ឌិត​ទាំង​៥​នាក់​នោះ​មាន​ ១-ឈ្មោះ​ កែវ​ ឡុង​ (ចាប់​ខ្លួន​បាន​)​ ២-​ឈ្មោះ​ ញ៉ុង​ រីុ ៣-ឈ្មោះ​ ឈន​ វុធ​ ៤-ឈ្មោះ​ សំ​ សុផាត​ និង​៥-​ឈ្មោះ​ នូ​ ប៉ូ​លីន​ (៤​នាក់​ក្រោយ​នេះ​កំពុង​រត់​គេច​ខ្លួន​) ។ លោក​ ជេត​ វណ្ណ​នី​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​អ្នក​ទោស​ឧក្រិដ្ឋ​ម្នាក់​បញ្ចូល​គុក​វិញ​ហើយ​ ប៉ុន្តែ​នៅ​៤​នាក់​ទៀត​គឺ​កម្លាំង​ជំនាញ​ នៅ​តែ​បន្ត​តាម​ប្រមាញ់​នៅ​ឡើយ​ ហើយ​ដី​កា​តាម​ចាប់​ខ្លួន​ក្រុម​នេះ​ ក៏​មាន​នៅ​ក្នុង​ដៃ​សមត្ថ​កិច្ច​ស្ទើរ​គ្រប់​ទី​កន្លែង​ផង​ដែរ​ ៕