ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ចប់​ហើយ​កសិករ​បើ​បែប​នេះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កសិករ​អះអាង​ថា តម្លៃ​ជ័រកៅស៊ូ​ឆ្នាំ​២០១៩​នេះ បាន​ធ្លាក់​ចុះ​បន្តិច​វិញ នៅ​ចុងរដូវ​ប្រមូល​ផល​ខុស​ពី​ឆ្នាំ​២០១៨ តម្លៃ​ជ័រ​ក្នុង​ពេល​ដូច​គ្នា​បាន​តម្លៃ​ខ្ពស់​គួរសម ខណៈ ទិន្នផល​ក៏​មានការ​ថយ​ចុះ​ផង​ដែរ ។…

ខេត្តមណ្ឌលគិរី ៖ កសិករ​អះអាង​ថា តម្លៃ​ជ័រកៅស៊ូ​ឆ្នាំ​២០១៩​នេះ បាន​ធ្លាក់​ចុះ​បន្តិច​វិញ នៅ​ចុងរដូវ​ប្រមូល​ផល​ខុស​ពី​ឆ្នាំ​២០១៨ តម្លៃ​ជ័រ​ក្នុង​ពេល​ដូច​គ្នា​បាន​តម្លៃ​ខ្ពស់​គួរសម ខណៈ ទិន្នផល​ក៏​មានការ​ថយ​ចុះ​ផង​ដែរ ។

លោក ស៊ប អូន អ្នក​ប្រមូល​ទិញ​ជ័រកៅស៊ូ តាម​ភូមិ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៩ ថា​«​សព្វថ្ងៃ​គាត់​ប្រមូល​ទិញ​ជ័រកៅស៊ូ​កក​ពី​អ្នក​ភូមិ​ចាប់ពី​២១០០​រៀល ទៅ​២ ៥០០​រៀល ទៅ​តាម​ប្រភេទ​ជ័រ​…​ដោយ​ក្នុង​មួយ​ថ្ងៃ អាច​ប្រមូល​បាន​ពី​៨០០​គីឡូក្រាម ទៅ​១ ៥០០​គីឡូក្រាម …​រួច​នាំ​ចេញ​ទៅ​លក់​បន្ត​ឲ្យ​ថៅកែ​វៀតណាម​តែ​ម្តង​» ។

ប្រជា​កសិករ​ដាំ​ដំណាំ​កៅស៊ូ​គ្រួ​សារបាន​លើក​ឡើង​ថា «​បច្ចុប្បន្ន​ម្ចាស់​ចម្ការ​កៅស៊ូ​មិនសូវ​ទទួល បាន​ផល​ចំណេញ​ទេ ព្រោះតែ​តម្លៃ​ជ័រកៅស៊ូ​ឡើង​ចុះ​មិន​ទៀងទាត់ ចំណែក​តម្លៃ​ពលកម្ម​បែរជា​ឡើងថ្លៃ​ជា​បន្ទាប់​…» ។ ដោយឡែក​សម្រាប់​ដំណាំ​កសិឧស្សាហកម្ម​នេះ​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន និង​កំពុងធ្វើការ​វិនិយោគ ដាំ​ដំណាំ​កៅស៊ូ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ថែម​ទាំង​បង្កើត​រោងចក្រ​ជ័រកៅស៊ូ​ក្រែប​ច្នៃ ដើម្បី​ធ្វើការ​នាំ​ចេញ ហើយ​ក៏​ជាទី​ផ្សារ​ដ៏​ធំ​សម្រាប់​ប្រមូល​ទិញ​ជ័រកៅស៊ូ​របស់​បងប្អូន​កសិករ​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងអស់​ដែល​មក​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​លើ​ដំណាំ​កៅស៊ូ​ក្នុង​ខេត្តមណ្ឌលគិរី គេ​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា DTC Group បាន​មក​វិនិយោគ​លើ​ប្រភេទ​ដំណាំ​កសិកម្ម​ប្រមាណ ជាង​៥​ពាន់​ហិ​កតា និង​អាច​កែ​ច្នៃ​ជ័រកៅស៊ូ​ក្រែប បាន​ដោយ​ខ្លួនឯង​ផង​ដែរ ។

លោក តាំង ប៊ុ​ន​ធឿ​ន ប្រធាន​រដ្ឋបាល និង​គណនេយ្យ​របស់​ក្រុមហ៊ុន DTC បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន DTC ដាំ​ដំណាំ​កៅស៊ូ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ប្រមាណ​ជាង​៣.០០០​ហិ​កតា លើ​ផ្ទៃដី​សរុប​៥.៧០៤​ហិ​កតា ប៉ុន្តែ​សម្រាប់​កៅស៊ូ​ដែល​អាច​ចៀរជ័រ ដើម្បី​យក​មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិត​ទៅ​ជា​កៅស៊ូ​ក្រែប គឺ​មាន​ត្រឹម​៤៥០​ហិ​កតា​ប៉ុណ្ណោះ នៅ​មិន​ទាន់​គ្រប់​តាម​តម្រូវការ​នៅឡើយ​ទេ ដោយ​ក្រុមហ៊ុន ត្រូវការ​ទិញ​ជ័រកៅស៊ូ លក្ខណៈ​គ្រួសារ​ចូល​ក្នុង​រោងចក្រ​បន្ថែម ក្នុង​មួយ​ខែ​ចាប់ពី​៤០០​ទៅ​៥០០​តោន ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សង្វា​ក់​ផលិតកម្ម​កៅស៊ូ​ក្រែប​ក្នុង​ក្រុមហ៊ុន​បច្ចុប្បន្ន រយៈពេល​១​ម៉ោង​ក្រុមហ៊ុន​អាច​ផលិត​កៅស៊ូ​ក្រែប​បាន​ប្រមាណ​២​តោន ហើយ​ក្នុង​មួយ​ថ្ងៃ អាច​ផលិត​កៅស៊ូ​ក្រែប​បាន​១៦​ទៅ​២០​តោន ដោយ​កៅស៊ូ​ក្រែប​ដែល​សម្រេច​បាន គឺ​ក្រុមហ៊ុន​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​ដាក់​ដាំ ក្នុង​ខេត្តមណ្ឌលគិរី ។

លោក តាំង ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ដំណាំ​កៅស៊ូ​ក្រុមហ៊ុន​បាន​សាកល្បង ដាំ​ដំណាំ​ស្វាយកែវ​រមៀត​ត​បាន​២០២​ហិ​កតា ស្វាយចន្ទី​បាន​២៥០​ហិ​កតា និង​ដំណាំ​ម្រេច​បាន​៥០​ហិ​កតា​ផង​ដែរ ។ សម្រាប់​កម្មករ និង​បុគ្គលិក​ក្នុង​រោងចក្រ​វិញ​នោះ គឺ​ក្រុមហ៊ុន​បាន​ធ្វើ​ផ្ទះ​ឲ្យ​ស្នាក់​នៅ និង​បាន​ធ្វើ​សាលារៀន​ឲ្យ​ក្មេង​ៗ​រៀនសូត្រ​ក្នុង​ក្រុមហ៊ុន​តែ​ម្ដង ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​មាន​បុគ្គលិក​-​កម្មករ​សរុប​៤០៩​នាក់ ក្នុង​នោះ​ស្រី​៤០% មាន​ប្រាក់ខែ​ចាប់ពី​២០០​ដុល្លារ​ឡើង​ទៅ ហើយ​សម្រាប់​កម្មករ​ជំនាញ និង​មាន​ប្រាក់​ឧ​ប​ត្ថ​ម្ត​លើកទឹកចិត្ត ដែល​បាន​ធ្វើការ​ពេញ​មួយ​ឆ្នាំ​៥០​ម៉ឺន​រៀល​ក្នុង​នោះ​ដែរ​កម្មករ​ដែល​បាន​ធ្វើ​ចាប់ពី​២​ឆ្នាំ​ឡើង​ទៅ​ក្រុមហ៊ុន​តម្លើង​ប្រាក់ខែ​ឲ្យ​បាន​លើសគេ គឺ​១​លាន​រៀល​ក្នុង​មួយ​ខែ ។

លោក​ប្រធាន​រដ្ឋបាល និង​គណនេយ្យ​របស់​ក្រុមហ៊ុន DTC បាន​បញ្ជាក់​ថា ទោះបីជា​តម្លៃ​ជ័រកៅស៊ូ​នា​ពេល​បច្ចុប្បន្ន​មានការ​ធ្លាក់​ចុះ​ផល​ចំណេញ​របស់​ក្រុមហ៊ុន គឺ​ស្មើ​ចុង​ស្មើ​ដើម ប៉ុន្តែ​ក្រុមហ៊ុន​មិន​អាច​បិទ​អាជីវកម្ម​បាន​ទេ ព្រោះ​មាន​បុគ្គលិក​-​កម្មករ​រាប់រយ​នាក់​ត្រូវការ​ក្រុមហ៊ុន​មួយ​នេះ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ