ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ពិពិធ​កម្ម​ដើម្បី​រក្សា​ទីផ្សារ​អង្ករ ខណៈ​EU​ដាក់​ពន្ធ​3​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​សហគមន៍​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ឈ្មួញ​នាំ​ចូល ហើយនឹង​ប៉ះពាល់​ដល់​កសិករ​ផ្ទាល់​តែ​ម្ដង ។ ដើម្បី​រក្សា​ទីផ្សារ​នេះ​ឲ្យ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត កម្ពុជា​នឹង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ដោយ​ងាក​ទៅ​រក​ទីផ្សារ​ថ្មី​ៗ​ក្រៅ​អឺរ៉ុប ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​សហគមន៍​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ឈ្មួញ​នាំ​ចូល ហើយនឹង​ប៉ះពាល់​ដល់​កសិករ​ផ្ទាល់​តែ​ម្ដង ។ ដើម្បី​រក្សា​ទីផ្សារ​នេះ​ឲ្យ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដដែល ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត កម្ពុជា​នឹង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ដោយ​ងាក​ទៅ​រក​ទីផ្សារ​ថ្មី​ៗ​ក្រៅ​អឺរ៉ុប ។

តាម​ប្រសាសន៍​លោក សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវការ​កែប្រែ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅ​លើ​អង្ករ​របស់​កម្ពុជា ដោយ​នឹង​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម ដូច​ជាទី​ផ្សារ​ចិន និង​ទីផ្សារ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ជា​ច្រើន​ទៀត ស្រប​ពេល​អង្ករ​កម្ពុជា​កំពុង​មានឈ្មោះ​ល្បី​ស្រាប់​នៅ​លើ​ទីផ្សារ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មក លោក​រដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​នៅ​តែ​ពឹង​លើ​ទីផ្សារ​ប្រទេស​ណាមួយ​ជា​ធំ​នោះ​ទេ គឺ​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​ផ្តោត​ទៅ​លើ​ប្រទេស​ដែល​ត្រូវការ​នាំ​ចូល​អង្ករ និង​ជា​ប្រទេស​ដែល​មិន​អំណោយផល​ដល់​ការ​ផលិត​ស្រូវ​អង្ករ ។ លោក​ថា​៖« អង្ករ​កម្ពុជា កំពុង​មាន​តម្រូវការ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ក្រៅពី​សហគមន៍​អឺរ៉ុប ដូច្នេះ​យើង​ត្រូវការ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ ដើម្បី​បើក​ច្រក​នាំ​ចូល​អង្ករ​របស់​យើង​ទៅ​បំពេញតម្រូវការ​របស់​គេ ដើម្បី​ឲ្យ​ទីផ្សារ​អង្ករ​យើង​កាន់តែ​ទូលំទូលាយ ខណៈ​កិត្តិ​ស័ព្ទ​អង្ករ​យើង​ក៏​កំពុង​តែ​ល្បី​ស្រាប់
ផង » ។

លោក​បន្ថែម​ថា ការ​ដាក់​ពន្ធ​អង្ករ​មក​លើ​អង្ករ​កម្ពុជា សម្រាប់​នាំ​ចូល​ទីផ្សារ​អឺរ៉ុប មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​អ្វី​ទាំងអស់ ។ នៅ​ក្នុង​សេចក្តីសម្រេច​របស់​សហគមន៍​អឺរ៉ុប​បាន​បញ្ជាក់​ច្បាស់​ថា ការ​ដាក់​ពន្ធ​នេះ គឺ​ធ្វើ​ឡើង ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ប្រជាជន​អឺរ៉ុប​មួយ​ចំនួន ដែល​ជា​កសិករ ដូច​ជា​ប្រទេស​អុ​ី​តា​លី និង​ប្រទេស​អេ​ស្ប៉ា​ញ​ជាដើម ក្នុង​រក្សា​ទីផ្សារ​អង្ករ​ក្នុង​តំបន់​របស់​គេ ។ លោក​ថា ៖« នេះ​គឺ​ច្បាប់​ដែល​បាន​ចែង​ដោយ​សហគមន៍​អឺរ៉ុប ក៏​ប៉ុន្តែ​ការ​យក​ច្បាប់​នេះ មក​ប្រើ​ក៏​មិន​សម​ស្រប​ទៅ​នឹង​ការ​ដាក់​ពន្ធ​មក​លើ​អង្ករ​កម្ពុជា​នោះ​ដែរ ពីព្រោះ​អង្ករ​ដែល​នាំ​ពី​កម្ពុជា ពុំ​អាច​ដាំ​នៅ​អុ​ី​តា​លី​និង​អេ​ស្ប៉ា​ញ​បាន​ឡើយ ហើយ​ដាំ​បាន​តែ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីបអាស៊ីប៉ុណ្ណោះ » ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​សម្ដេច​ជួប​សំណេះសំណាល​ជាមួយ និស្សិត​កំពុង​សិក្សា​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន បាន​ឲ្យ​ដឹងផង​ដែរ​ថា កម្ពុជា​ត្រូវ​ខិតខំ​បើក ពង្រីក និង​ពង្រឹង​ទីផ្សារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ក្រៅពី​ទីផ្សា​អា​មេ​រិ​ក និង​អឺរ៉ុប ដើម្បី​បញ្ចេញ​ទំនិញ និង​ផលិតផល​កសិកម្ម​កម្ពុជា​ចេញ​ក្រៅ ដូច​ជា​នៅ​ក្នុង​ប្រទេស​ចិន​, អាហ្វ្រិក​, មជ្ឈិម​បូព៌​៌ា និង​កូរ៉េ​ជាដើម ។ សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា សព្វ​ថ្ងៃនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ចិន​ក៏​បាន​កើនឡើង​ដល់​៥.៦០០​លាន​ដុល្លារ​ហើយ ។ ម្យ៉ាងទៀត​មិត្ត​ចិន​គឺ​អ្នក​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវថ្នល់ ស្ពាន ស្ពាន​អាកាស និង​វា​រី​អគ្គី​ស​នី ជាដើម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហភាព​អឺរ៉ុប​បាន​សម្រេច​ប្រកាស​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា នាំ​ចូល​ទីផ្សារ​អឺរ៉ុប ក្នុង​រយៈពេល​៣​ឆ្នាំ ដោយ​សំអាង​ថា ដើម្បី​ការពារ​ផលប្រយោជន៍​កសិករ​អឺរ៉ុប ។ នៅ​ក្នុង​សេចក្តីសម្រេច​របស់​អឺរ៉ុប បាន​បញ្ជាក់​ថា អង្ករ​ដែល​នាំ​ចូល​ពី​ប្រទេស កម្ពុជា និង​មី​យ៉ា​ន់​ម៉ា នឹង​ចាប់ផ្ដើម​បង់ពន្ធ ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា ២០១៩ ដោយ​ក្នុង​ឆ្នាំ​ដំបូង តម្រូវ​ឲ្យ​បង់ពន្ធ​១៧៥​អឺ​រ៉ូ ឬ​ប្រមាណ​២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន​, ឆ្នាំ​ទី​២​តម្រូវ​ឲ្យ​បង់ពន្ធ​១៥០​អឺ​រ៉ូ ឬ​ប្រមាណ​១៧០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្រូវ​ឲ្យ​បង់ពន្ធ​១២៥​អឺ​រ៉ូ ឬ​ប្រមាណ​ជាង​១៤០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ