រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងបន្តនៅថ្ងៃទី២២ មករា ដដែលនេះ លើករណីឪពុកមាធំវាយក្មួយប្រុសអាយុ៤ឆ្នាំបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះ ស្ថិតនៅចំពោះមុខសមត្ថកិច្ច ជនដៃដល់សារភាពឱ្យដឹងទៀតថា គឺខ្លួនប្រើដៃវាយក្មួយប្រុសនេះជារៀងរាល់ថ្ងៃ ដោយសារខឹងក្មួយនេះវារពិសខ្លាំងពេក ចាប់មិនឈ្នះ ។
សេចក្តីរាយការណ៍បន្តថា ជនដៃដល់ ឈ្មោះប៉ែន ចាន់ត្រា អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះសង់ថ្មីផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះហ៊េល ទេវា អាយុ៤ឆ្នាំ មានម្តាយឈ្មោះប៉ែន ចិន្តាពេជ្រ អាយុប្រមាណ៣០ឆ្នាំ ជាអ្នកបម្រើការហាងខារ៉ាអូខេ ដោយនៅរសៀលថ្ងៃដដែលនេះ នៅមិនទាន់មកពីខេត្តព្រះសីហនុ មកមើលកូនប្រុសនៅឡើយ ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនដៃដល់ជាឪពុកធំរូបនេះ បានវាយនិងធ្វើទារុណកម្មទៅលើក្មេងប្រុស បណ្តាលឱ្យមានស្នាមរបួសនិងឈាមពេញខ្លួន ព្រមទាំងបាក់ឆ្អឹងដងកាំបិតទៀត។ ពេលវាយរួច ក៏ចាក់សោទ្វារបង្ខាំងទុកក្នុងផ្ទះ ទើបចេញទៅរត់ម៉ូតូកង់៣ ។ ពេលនោះ ត្រូវប្រជាពលរដ្ឋឃើញបានជួយរាយការណ៍មកនគរបាលប៉ុស្តិ៍ឱ្យចុះទៅអន្តរគមន៍ ដើម្បីដឹកយកទៅសង្គ្រោះក្មេង ។
តាមព័ត៌មានឱ្យដឹងទៀតថា ក្មេងរងគ្រោះគឺជាកូនកំព្រាឪពុក ដោយម្តាយបានយកទៅផ្ញើឪពុកធំ (ជនដៃដល់)ឱ្យជួយមើលការខុសត្រូវ រួមជាមួយបងស្រីម្នាក់ទៀតមានអាយុប្រមាណជិត១០ឆ្នាំ តាំងពីកំឡុងខែតុលាឆ្នាំ២០១៨មកម្ល៉េះ ហើយម្តាយទៅធ្វើការនៅក្នុងខេត្តព្រះសីហនុ ។
តាមព័ត៌មានឱ្យដឹងទៀតថា ឪពុកធំតែងតែខឹងឆេវឆាវ មួរម៉ៅ និងវាយក្មួយជាញឹកញាប់ ដោយសាតែភាពរពិសនេះ ។ ការប្រើហិង្សា ត្រូវក្មេងស្រីជាបងបានប្រាប់សមត្ថកិច្ចទៀតថា ជួនកាលចាប់បោកនឹងឥដ្ឋក៏មានដែរ ហើយពេលខ្លះវាយខ្លួននិងប្អូនប្រុសទៀតផង ។
ចែករំលែកព័តមាននេះ