ផ្តើមចេញពីលំនៅឋានចេះតែឡើងថ្លៃ និងដើម្បីទប់ទល់ការទិញផ្ទះទុកលក់ឡើងថ្លៃផង ថ្មីៗនេះរដ្ឋាភិបាលចិនចេញគោលនយោបាយថ្មីអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានយកពន្ធ២០ភាគរយលើការទិញ-លក់ផ្ទះសម្បែង ។ អត្រាពន្ធថ្មីនេះខ្ពស់ជាងពន្ធកំពុងអនុវត្តសព្វថ្ងៃ បង្កឱ្យមានការជ្រួលច្របល់ក្នុងមជ្ឈដ្ឋានអ្នកមានប្រាក់ច្រើន ហេតុដូច្នេះហើយពួកគេគិតដល់មធ្យោបាយថ្មីសម្រាប់គេចពន្ធ នោះគឺការលែងលះក្លែងក្លាយ ។
ស្ម័គ្រចិត្តលែងលះក្លែងក្លាយដើម្បីផលប្រយោជន៍
លោកមេធាវី េចន ស៊ូ នៅប៉េកាំងបានឱ្យដឹងថាថ្ងៃណាក៏ដូចថ្ងៃណាមានមនុស្សទូរស័ព្ទរកគាត់ហូរហែ ដើម្បីសុំប្រឹក្សាច្បាប់ស្តីពីបញ្ហាលែងលះក្លែងក្លាយ ។ ពួកគេសួរវិលវល់ចុះឡើងជុំវិញបញ្ហានេះ ហើយចង់ដឹងសំខាន់ថាក្រោយលែងលះក្លែងក្លាយហើយពួកគេមិនបាច់ចេញពីផ្ទះដែលកំពុងរស់នៅបានទេ ឬត្រូវធ្វើយា៉ងម៉េចកុំឱ្យច្បាប់ចាប់ថ្នាក់បាន? អ្នកខ្លះសួរពីល្បិចធ្វើយា៉ងម៉េចទើបអាចរស់នៅជាមួយគ្នាដដែលបន្ទាប់ពីប្រកាសលែងលះគ្នា ។
អ្នកស្រីមា៉ រស់នៅទីក្រុងប៉េកាំងកំពុងខ្វាយខ្វល់រឿងថាគាត់អាចលែងលះក្លែងក្លាយមុនពេលច្បាប់ថ្មីចូលជាធរមានដែរឬទេ ។ អ្នកស្រី និងប្តីមានផ្ទះ២ល្វែង ពេលនេះចង់លក់មួយល្វែងដើម្បីទិញផ្ទះថ្មីក្នុងតំបន់ប្រមូលផ្តុំសាលារៀន ។ ផ្ទះ២ល្វែងនេះប្តីប្រពន្ធអ្នកស្រីទិញកាលពី៥ឆ្នាំមុន ដែលកាលណោះនៅថោកគួរសមនៅឡើយ ឥឡូវបើលក់វិញបានថ្លៃជាងមុនប្រហែល៥ដង ប៉ុន្តែក៏ត្រូវបង់ពន្ធមិនតិចដែរ ។ ទោះជាយា៉ងណាក្តីប្រសិនបើពួកគាត់លែងលះគ្នាក្លែងក្លាយ នោះពួកគាត់ចែកគ្នាផ្ទះមួយល្វែងម្នាក់ ដូច្នេះបើលក់វិញគឺមិនបាច់បង់ពន្ធ២០ភាគរយ ។
លែងលះក្លែងក្លាយមិនមែនរឿងថ្មីនៅចិន ទេ ។ បាតុភាពនេះកើតមានប៉ុន្មានឆ្នាំមកហើយ តាំងពីទីក្រុងនានារបស់ចិនចេញច្បាប់កំណត់លំនៅឋាន សម្រាប់ប្តីប្រពន្ធមួយគូម៉្លេះ ។ អ្នកស្រី មា៉ និយាយដោយដកដង្ហើមវែង «ពីមុនមានតែអ្នកទិញផ្ទះប៉ុណ្ណោះ ប្រើល្បិចលែងលះក្លែងក្លាយ តែឥឡូវសូម្បីអ្នកលក់ផ្ទះក៏ត្រូវប្រើល្បិចលែងលះក្លែងក្លាយដែរ » ។
មនុស្សរាប់លាននាក់អនុវត្តល្បិចលែងលះក្លែងក្លាយ លោកសាស្ត្រាចារ្យស៊ី នៅមហាវិទ្យាល័យ Fudan បានឱ្យដឹងថាបាតុភាពនេះចាប់ផ្ទុះតាំងពីឆ្នាំ២០០៩ ពេលដែលប្តីប្រពន្ធចង់គេចពន្ធ ដោយទិញផ្ទះមានរបស់ដាក់បញ្ចាំ ។ លោក ជឿថា គោលនយោបាយថ្មីស្តីពីផ្ទះសម្បែងនេះនឹងធ្វើឱ្យកើតមានការលែងលះក្លែងក្លាយរាប់លានករណីទៀតនៅប្រទេសចិន ។
ប្តីប្រពន្ធទាំងអស់ដែលស្ម័គ្រចិត្តលែងលះគ្នាក្លែងក្លាយ ត្រូវបានសម្គាល់ឃើញថា ពួកគេសុទ្ធតែបានព្រមព្រៀងគ្នារួចហើយថា ទោះបីលែងលះគ្នាមែន តែនៅតែរស់នៅជាមួយគ្នាដដែល មិនមែនលែងលះហើយអ្នកណាចង់រកគូថ្មីអាចរកបានតាមចិត្តទេ ។ រហូតដល់ប្តីប្រពន្ធខ្លះ ក្រោយពេលលែងលះគ្នាហើយប្រារព្ធពិធីរៀបការឡើងវិញភ្លាមក៏មាន ។
លោកសាស្ត្រាចារ្យស៊ី យល់ច្បាស់ហេតុម៉េចការលែងលះក្លែងក្លាយនៅមានទំនោរខ្លាំង។ តាមការយល់ឃើញរបស់គាត់«លំនៅឋានក្នុងតំបន់សំបូរសាលារៀននៅសៀងហៃឡើងថ្លៃ៨ឬ៩ដង កាលពីចុងទសវត្សមុន ។ ហេតុនេះមនុស្ស គ្រប់គ្នាមិនញញើតក្នុងការបង់៧០យាន់ (ប្រហាក់ប្រហែល១១ដុល្លារអាមេរិក) ជាថ្លៃតាមផ្លូវច្បាប់សម្រាប់ការលែងលះគ្នា និងបង់៧០យាន់សម្រាប់លិខិតស្នាមរៀបអាពាហ៍ពិពាហ៍ថ្មីទេ» ។
ប៉ុន្តែ ចេន ស៊ូ យល់ផ្សេងពីលោកសាស្ត្រាចារ្យស៊ី ។ គាត់និយាយថា ល្បិចលែងលះក្លែងក្លាយមិនអាចស្ថិតស្ថិរបានរហូតទេ មិនយូរមិនឆាប់គង់ត្រូវរដ្ឋអនុវត្តច្បាប់បណ្តាលឱ្យវ័ណ្ឌកមិនខាន ។ ម្យា៉ងទៀតពាក្យថាលែងលះគ្នាទោះពិតក៏ដោយក្លែងក្លាយក៏ដោយវាមានឥទ្ធិពលពាក់ព័ន្ធដល់ចិត្តសាស្ត្រ ធ្វើឱ្យអារម្មណ៍ផ្លូវចិត្តមនុស្សជុំវិញក៏ដូចខ្លួនឯងច្របូកច្របល់ស្រពាប់ស្រពោន។ បើវាមិនមែនជាការរីករាយទេ រឿងអីគិតថាមនុស្សរាប់លាននាក់ខិតខំស្រវាស្រទេញអនុវត្តបែបនេះ ស្មានថាអារម្មណ៍ពួកគេមិនឈឺចាប់ មិនអៀនខ្មាសក៏ដូចមិនស្រងេះស្រងោចអាណិតកូនចៅឬ?
ចេន ស៊ូ និយាយទៀតថា យកល្អរដ្ឋាភិបាលគួរពិចារណាគោលនយោបាយផ្ទះសម្បែងនេះឡើងវិញ ដើម្បីកាត់បន្ថយបាតុភាពអាក្រក់ដែលកើតឡើងដោយសារពួកមនុស្សអត់អៀនខ្មាសគិតឃើញតែលុយជាធំ ។ ឧទាហរណ៍ប្តីប្រពន្ធមានផ្ទះពីរល្វែង ហើយចង់លក់ផ្ទះមួយល្វែងដើម្បីយកប្រាក់កែលម្អផ្ទះដែលខ្លួនកំពុងរស់នៅមិនគួរត្រូវបង់ពន្ធទេ ។
ដោយឡែកលោកសាស្ត្រាចារ្យ ស៊ីជី សមាជិកក្រុមប្រឹក្សាច្បាប់និយាយតាមមួយបែបទៀតថា ច្បាប់នេះមិនមែនធ្ងន់រហូតដល់មិនអាចទទួលយកបានគ្រប់គ្នាទេ វាប៉ះពាល់ភាគច្រើនចំពោះតែអ្នករកស៊ីទិញផ្ទះ លក់ផ្ទះប៉ុណ្ណោះ ។ ដូច្នេះឱ្យតែរដ្ឋអនុវត្តធ្ងន់ដៃចំពោះសកម្មភាពគេចពន្ធតាមមធ្យោបាយអាក្រក់ដូចយា៉ងលែងលះក្លែងក្លាយជាដើម នោះច្បាប់នឹងមានប្រសិទ្ធភាពឡើងវិញ លែងមានការលែងលះក្លែងក្លាយទៀត ។ ប៉ុន្តែទន្ទឹមនឹងផាកពិន័យនោះ ប្រព័ន្ធឥណទានរបស់ចិនក៏គួររៀបចំឡើងវិញឱ្យសមស្របតាមភាពជាក់ស្តែងដែរ ៕
តាមឯកសារបរទេស
ចែករំលែកព័តមាននេះ