ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5​ចាប់ផ្ដើម​ឡើងថ្លៃ​ស្រឺ​ត​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ពង្រីក​ផ្លូវជាតិ​លេខ​៥ ឲ្យ​ទៅ​ជា​៤​គន្លង​សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​សកម្មភាព​ពាណិជ្ជកម្ម​នានា ដីធ្លី​នៅ​តាម​បណ្តោយ​ជាតិ​នេះ ចាប់ពី​ព្រែក​ក្តាម​រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​តែ​ឡើងថ្លៃ​បន្តិច​ម្តង​ៗ និង​កំពុង​មាន​សកម្មភាព​ទិញ​លក់​យ៉ាង​ផុសផុល​។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ពង្រីក​ផ្លូវជាតិ​លេខ​៥ ឲ្យ​ទៅ​ជា​៤​គន្លង​សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន និង​សកម្មភាព​ពាណិជ្ជកម្ម​នានា ដីធ្លី​នៅ​តាម​បណ្តោយ​ជាតិ​នេះ ចាប់ពី​ព្រែក​ក្តាម​រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​តែ​ឡើងថ្លៃ​បន្តិច​ម្តង​ៗ និង​កំពុង​មាន​សកម្មភាព​ទិញ​លក់​យ៉ាង​ផុសផុល​។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ឈឹ​ម ផល្លា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ កន្លង​មក​ថា តាម​ពិត​ដីធ្លី​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​បាន​ឡើងថ្លៃ​រួច​ទៅ​ហើយ​តាំងពី​ឆ្នាំ​២០១១​ម្ល៉េះ គ្រាន់តែ​តម្លៃ​មាន​ភាព​ខុស​គ្នា អាស្រ័យ​ទៅ​តាម​តំបន់​នីមួយ​ៗ ដូច​ជា តំបន់​ទីរួមខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​កំពង់ឆ្នាំង​ជាដើម​មាន​តម្លៃ​ផ្សេង ហើយ​ដី​តំបន់​ធម្មតា​មាន​តម្លៃ​ផ្សឹ​ង ។ ទោះជា​យ៉ាងនេះ​ក្ដី លោក​មិន​បាន​បញ្ជាក់​ពី​ដី​នៅ​តំបន់​នីមួយ​ៗ មាន​តម្លៃ​ប៉ុន្មាន​ជាក់លាក់​នោះ​ទេ។

លោក ឈឹ​ម ផល្លា បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង់ខាង​ផ្លូវជាតិ​លេខ​៥ កំពុង​តែ​ទទួល​ផល​ច្រើន​ពី​ការ​លក់​ដី​របស់​ពួក​គាត់ និង​ការ​ធ្វើ​ជា​អាជីវកម្ម​ផ្សេង​ផង​ដែរ ។ ការ​ពង្រីក​ផ្លូវ​នេះ គឺ​ដើម្បី​ត​ភ្ជាប់​ផ្លូវ​អាស៊ាន​-​ហា​យ​វេ ឆ្លងកាត់​ព្រំដែន​ថៃ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន កំពុង​ព​ន្លឿ​ន​ការ​ស្ថាបនា និង​ពង្រីក​ផ្លូវ​នេះ ។

ម្យ៉ាងទៀត រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​នៅ​សេសសល់​ខ្លះ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សង់ខាង​ផ្លូវ​នេះ​ដែរ តែ​មិន​ច្រើន​នោះ​ទេ ។

លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែង​តាម​រយៈ​វី​ដេ​អូ​មួយ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ដោយ​លោក​បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​ជួសជុល​កំណាត់​ផ្លូវជាតិ​ពី​ព្រែក​ក្តាម​ដល់​ប៉ោយ​ប៉ែ​ត​ប្រវែង​៣៦៨,៧​គីឡូម៉ែត្រ និង​សំណូមពរ​ប្រជាពលរដ្ឋ​កម្ពុជា បង្កើន​ការ​យកចិត្តទុកដាក់​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥​នេះ ។

លោក​ឯកអគ្គរាជទូត​ថ្លែង​ថា ៖« ការ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៥ នឹង​ត្រូវ​បង្កើន​ពី​ស្ថានភាព​បច្ចុប្បន្ន​ដែល​មាន​តែ​២​គន្លង ទៅ​ជា​៤​គន្លង និង​មាន​ប្រវែង​សរុប​៣៦៨,៧​គីឡូម៉ែត្រ ចាប់ពី​ក្រុង​ប៉ោយ​ប៉ែ​ត មក​ដល់​ព្រែក​ក្តាម »​។

ការ​ពង្រីក​ស្ថាបនា​ផ្លូវជាតិ​នេះ ស្ថិត​ក្នុង​គម្រោង​កែ​លម្អ​ផ្លូវជាតិ​លេខ​៥(National Road No.5 Improvement Project)​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជា​កម្ចី​មក​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៥ តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា​JICA​។ ការ​ស្ថាបនា​ផ្លូវ​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ។

លោក​ឯកអគ្គ​ទូត​ជប៉ុន ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ​លេខ​៥ មេត្តា​យោគយល់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ជាមួយ​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​ការ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ