ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំត្រូវរថយន្តកូរ៉េ 2 តោនកន្លះ បើកពីជើងទៅត្បូងបុកពេញទំហឹងធ្លាក់ចូលប្រឡាយកិនម៉ូតូពីលើខ្ទេចរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោងប្រមាណ5និង30នាទីល្ងាច ថ្ងៃទី18 ខែមករា ឆ្នាំ2019 ត្រង់ចំណុចផ្លូវជាតិលេខ7 ចុះទួលមួយកន្លែងស្ថិតក្នុងភូមិអូរឫស្សី ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
ជនរងគ្រោះដែលត្រូវរថយន្តបុកនោះមានឈ្មោះ កូ ហ្វាហ៊ីត ភេទប្រុស អាយុ18ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។


មុនកើតុហេតុគេឃើញយុវជនម្នាក់ជាជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម គ្មានស្លាកលេខ ស៊េរីឆ្នាំ 2017 មកឈប់មុខឡានមួយគ្រឿងចតនៅចិញ្ចើមផ្លូវហើយចេញមកមិនបានមើល ក៏ត្រូវបានរថយន្តកូរ៉េ2តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3392 បើកចុះមកចៀសរថយន្តចតស្ងៀមបានបុកម៉ូតូពេញទំហឹងតែម្ដងធ្វើឲ្យរថយន្តធ្លាក់ចូលប្រឡាយកិនលើម៉ូតូខ្ទេចតែម្ដង ចំណែកមនុស្សធ្វើឲ្យរបួសធ្ងន់ស្ទើរតែគ្មានសង្ឃឹមត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ករួមទាំងម៉ូតូជនរងគ្រោះយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី ។ ដោយឡែកអ្នកបើកបររថយន្តកំពុងឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ