ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់ សម្ភាសន៍​​ទៅ​រស់នៅ​អា​មេ​រិ​កជាប់​ហើយ ត្រលប់​មក​ពី​បកប្រែ​ឯកសារវិញ ដួល​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​ដែក​កិន​ស្លាប់

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ បាន​ពឹង​ឲ្យ​ក្មួយ​ប្រុស​បង្កើត​ម្នាក់ ជិះ​ម៉ូតូឌុប​គាត់​ទៅ​បកប្រែ​ឯកសារ ដើម្បី​ទៅ​រស់នៅ​ជាមួយ​កូនស្រី​គាត់ នៅ​ឯ​សហរដ្ឋអាមេរិក ព្រោះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ រូប​គាត់​បាន​សម្ភាសន៍​ជាប់​រួច​ហើយ គឺ​នៅ​តែ​ថ្ងៃ​កំណត់​ត្រូវ​ចេញដំណើរ​ទៅ​តែ​ប៉ុណ្ណោះ​។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ បាន​ពឹង​ឲ្យ​ក្មួយ​ប្រុស​បង្កើត​ម្នាក់ ជិះ​ម៉ូតូឌុប​គាត់​ទៅ​បកប្រែ​ឯកសារ ដើម្បី​ទៅ​រស់នៅ​ជាមួយ​កូនស្រី​គាត់ នៅ​ឯ​សហរដ្ឋអាមេរិក ព្រោះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ រូប​គាត់​បាន​សម្ភាសន៍​ជាប់​រួច​ហើយ គឺ​នៅ​តែ​ថ្ងៃ​កំណត់​ត្រូវ​ចេញដំណើរ​ទៅ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ជា​អកុសល ក្រោយ​ពេល​បកប្រែ​ឯកសារ​រួចរាល់ ឲ្យ​ក្មួយ​ប្រុស​ដឹក​ត្រលប់​ទៅ​ផ្ទះ​វិញ ដល់​ត្រង់​ចំណុច​ផ្លូវកែង ស្រាប់តែ​រអិល​ដីខ្សាច់ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ដឹក​ដែក ១​គ្រឿង កិន​អូស​ជាង​១០០​ម៉ែត្រ ខ្ទេច​សាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ឧប្បត្តិហេតុ​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង មុខ​វត្ត​ស្វាយ​ផ្អែម ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ តុ​ប សា​រ៉េ​ត អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​បុរី​ភព​ថ្មី គម្រោង​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល និង​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ចំណែក​ក្មួយ​ប្រុស ដែល​ជា​អ្នក​ឌុ​បរង​របួសស្រាល មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

សមត្ថកិច្ច បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​សម្ភាសន៍ ដើម្បី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាប់​ហើយ បន្ទាប់​មកនៅ​ថ្ងៃ​កើតហេតុ គាត់​បាន​ពឹង​ឲ្យ​ក្មួយ​ប្រុស​ម្នាក់ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ស ពាក់​ស្លាក​លេខ​កំពង់ធំ 1R-4000 ដឹក​គាត់​ទៅ​បកប្រែ​ឯកសារ​។ លុះ​ក្រោយ​ពេល​បកប្រែ​ចប់ ក៏​ឲ្យ​ក្មួយ​ប្រុស​ដឹក​ត្រលប់​មក​វិញ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បត់​ស្ដាំ ក៏​ស្រាប់តែ​រអិល​ដីខ្សាច់ បណ្ដាល​ឲ្យ​ដួល ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ថា ខណៈ​ដួល​នោះ ជន​រង​គ្រោះ​បាន​ខ្ទាត​ចូល​ក្រោម​កង់​ក្រោយ​រថយន្ត​ដឹក​ដែក​១​គ្រឿង ម៉ាក FUSO ព​ណ៍​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-1932 ដែល​កំពុង​បើក​ស្របគ្នា ពីក្រោយ ក៏​ត្រូវ​រថយន្ត​កិន​អូស​ជាង​១០០​ម៉ែត្រ បែក​ខ្ទេច​សាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ចំណែក​ក្មួយ​ប្រុស​ដែល​ជា​អ្នក​ឌុ​បរង​របួសស្រាល​។ បន្ទាប់​មក​រថយន្ត​បាន​ឈប់ ហើយ​អ្នកបើកបរ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ធ្វើការ​សម្រួល​ចរាចរ និង​រាយការណ៍​ជូន​នគរបាល​កា​រិ​យាយ​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ