ខេត្តយូណាន, ប្រទេសចិន ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និយាយថា អ្វីដែលសំខាន់ គឺយើងបានឯកភាពគ្នាធ្វើយ៉ាងណាធ្វើអោយបទឈប់បាញ់មានភាពស្ថិតស្ថេរ រឹងមាំ ត្រូវបានគោរព និងអនុវត្ត ។
បន្ទាប់ពីកិច្ចប្រជុំត្រីភាគី នៅខេត្តយូណាន ប្រទេសចិន ឯកឧត្តម ប្រាក់សុខុន បាននិយាយថា យើងបានឯកភាពគ្នាថា យើងបានសម្រេចសមិទ្ធផលច្រើន ហើយរហូតមក់ដល់ពេលនេះ។ ដូច្នេះ យើងមិនអាចធ្វើអោយសភាពការវិលត្រឡប់ក្រោយវិញទេ។ គ្មាននរណាចង់បានសង្គ្រាមឡើងវិញនោះទេ ។
ឯកឧត្តម ប្រាក់ សុខុន និយាយថា អ្វីដែលសំខាន់ទីមួយ គឺត្រូវធ្វើអោយបទឈប់បាញ់នេះ ស្ថិតស្ថេរ រឹងមាំ ត្រូវបានគោរព និងត្រូវបានអនុវត្ត ដើម្បីបង្កបរិយាកាសអំណោយផលមួយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងផ្សេងៗទៀត ។
កិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ និង ចិន នៅខេត្តយូណាន ប្រទេសចិន បានបញ្ជាក់អំពីការពង្រឹងបទឈប់បាញ់គឺជាអាទិភាពបន្ទាន់ ហើយចិន បានសន្យាបន្តជួយកម្ពុជា និងថៃ នៅក្នុងដំណើរការនេះ ។
នេះបើតាមការសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំត្រីភាគីកម្ពុជា ថៃ និង ចិន នៅខេត្តយូណាន ប្រទេសចិន ដែលចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូនេះ ។
សេចក្តីប្រកាសព័ត៌មាននោះ បានអោយដឹងថា អាទិភាពបន្ទាន់ គឺពង្រឹងបទឈប់បាញ់ និងការអនុវត្តអោយបានពេញលេញចំពោះសេចក្តីប្រកាសរួម។ ចំណែកប្រទេសចិន នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ ក្នុងរឿងនេះ តាមរយៈកិច្ចប្រឹងប្រែងរួមដើម្បីធានាវាមានលក្ខណៈទូលំទូលាយ និងមានរយៈពេលវែង ហើយបង្កើតជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពឡើងវិញ ។
យោធាចិន នឹងថែរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និងយោធាថៃ ដើម្បីគាំទ្រដល់ការពង្រឹងបទឈប់បាញ់ បើសិនជាចាំបាច់ និងនៅពេលមានសំណូមពរពីភាគីទាំងពីរកម្ពុជា និងថៃ ៕
ចែករំលែកព័តមាននេះ