រាជធានីភ្នំពេញ ៖ មេសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ សូមចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនទៀត ។ ការអំពាវនាវនេះ ស្របពេលដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេរ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

វគ្គបណ្ដុះបណ្ដាលនេះ គ្រោងរៀបចំរយៈពេល ៣ខែ ដោយបានចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦វគ្គ ។ វគ្គនីមួយៗមានសិក្ខាកាមចំនួន ៣៥នាក់ ហើយការបណ្ដុះបណ្ដាល មានរយៈពេល ៧ថ្ងៃជាប់គ្នាក្នុងមួយវគ្គ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា សម្រាប់បងប្អូនអតីតពលករត្រឡប់មកពីថៃ ដែលចង់បានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស គួរតែចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេរដោយឥតគិតថ្លៃនេះ ពីព្រោះក្រោយរៀនចប់នឹងទទួលបានការងារ ដែលនឹងទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ដែលអាចពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រមទាំងមានប្រាក់សោធនថែមទៀតផង។ លោក បានបន្តថា «ដូចនេះ បងប្អូនអតីតពលករសូមមកទទួលយកនូវឱកាស ទទួលបាននូវការបណ្ដុះបណ្ដាលជំនាញកាត់ដេរ ដោយមិនចាំបាច់ចំណាយប្រាក់បង់ថ្លៃរៀននូវជំនាញនេះ ហើយក្នុងអំឡុងពេលរៀនបងប្អូនទទួលបាននូវប្រាក់ឧបត្ថម្ភចំនួន ៨ដុល្លារក្នុងមួយថ្ងៃ ដូចកម្មករ-និយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ-សហគ្រាសផងដែរ» ។

លោក សំ សឿន បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បងប្អូនអតីតពលករដែលចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងទទួលបាននូវការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅ អាហារថ្ងៃត្រង់ និងអាហារសម្រន់ ហើយបន្ទាប់ពីរៀនចប់បងប្អូនអតីតពលករ នឹងទទួលបានឱកាសការងារនៅតាមរោងចក្រ-សហគ្រាស ដែលសហការក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ។
ចំណែកលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គិតត្រឹមចុងសប្ដាហ៍មុន មានពលករ និងប្រជាពលរដ្ឋ បានចុះឈ្មោះចូលរៀនវគ្គជំនាញកាត់ដេរប្រមាណជា ២៧៦នាក់ ដោយក្នុងនោះជាង ៩០ភាគរយ ជាពលករមកពីប្រទេសថៃ ។ លោកបន្តថា គិតចាប់តាំងពីថ្ងៃប្រកាសឱ្យមានការបើកវគ្គបណ្តុះបណ្តាលជំនាញដេរនេះមក ក្រសួង បានរៀបចំវគ្គបណ្តុះបណ្តាលបានចំនួន ៨វគ្គរួចមកហើយ ដែលក្នុងនោះអ្នកបានរៀនចប់ដោយជោគជ័យ នឹងទទួលយកឱកាសការងារនៅរោងចក្រ-សហគ្រាស ដែលពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលមានចំនួន ២៧២នាក់ ។

បើតាមអ្នកនាំពាក្យដដែល បងប្អូនអតីតពលករ និងប្រជាពលរដ្ឋ ដែលមានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាលនេះ អាចទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈលេខ ០៧៦ ៨៦៣ ៣៤៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤៣៦/ ០៧១ ៤៨៨ ៨៩០៥ ឬក៏អាចទាក់ទងមកលេខ Hotline ១២៩៧ ក៏បានដែរ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ