រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបនឹងចេញពីផឹកស៊ីក្នុងក្លឹប រីលីក្ស បើករថយន្តមួយគ្រឿងបួងចង្កូតបត់ស្តាំ ត្រឡប់ក្រោយយ៉ាងលឿនក៏ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្តាលឲ្យដួលសន្លប់ស្ដូកស្ដឹង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករានេះ នៅចំនុចក្លឹបកម្សាន្ត (រីលីក្ស ក្លឹប) មានទីតាំងនៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តបង្កម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាស្កុបពី ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 1AX- 2922 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នារងរបួស ធ្ងន់សន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅក្លឹបកម្សាន្តខាងលើបានប្រាប់អោយដឹងថា មុនកើតបុរសជាម្ចាស់រថយន្តបង្កខាងលើនោះបានចូលទៅផឹកស៊ីនៅក្លឹបកម្សាន្តខាងលើ ដោយចតរថយន្តនៅមុខក្លឹប បែរក្បាលរថយន្តទៅទិសខាងត្បូងលុះដល់ចប់កម្មវិធីនៅខាងក្នុងគាត់ក៏ចេញមកវិញបានឡើងបើករថយន្ត ហើយបួងចង្កូតបត់ត្រឡប់ក្រោយយ៉ាងលឿន
ខណៈនោះស្រាប់តែម៉ូតូរងគ្រោះខាងលើដែលធ្វើដំណើរបញ្ច្រាសទិសគ្នាមកក្នុងល្បឿនលឿនដែរនោះក៏ជ្រុលទៅបុកចំក្បាលរថយន្តផ្នែកខាងស្តាំ បណ្តាលអោយដួលសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ ។
ភ្លាមៗម្ចាស់រថយន្តបង្កភ័យស្លន់ស្លោក៏រយ៉ែរថយន្តថយក្រោយយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងឃឿនសួនច្បារមុខក្លឹបបណ្ដាលឲ្យបែកបាក់រងការខូចខាតទើបរថយន្តជាប់នៅលើឃឿននោះតែម្តង ហើយម្ចាស់រថយន្តបង្កភ័យពេកក៏ចុះពីរថយន្ដគេចខ្លួនចូលទៅសម្ងំនៅក្នុងក្លឹបកម្សាន្តបាត់ទៅ ។ ចំណែកជនរងគ្រោះភ្លាមៗនោះដែរត្រូវអ្នកឃើញហេតុការណ៍ទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ ។
ក្រោយកើតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត និងម៉ូតូប្រគល់ទៅអោយខាងសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលចរាចណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាពេលក្រោយ តាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ