ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រចំនួន៤គ្រឿងត្រូវបានមន្ត្រីជំនាញធ្វើការចាប់ឃាត់ និងរឹបអូសយករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច កាលពីវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ខណៈដែលត្រាក់ទ័រទាំងនោះកំពុងលួចឈូសឆាយព្រៃឈើស្ថិតក្នុងដែនគម្របព្រៃឈើរបស់រដ្ឋនៅចំណុចតំបន់បាយគង ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។

លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពុងត្រឡាចបានមានប្រសាសន៍ឲ្យដឹងថា លោកមិនបានដឹងថា មានត្រាក់ទ័រកំពុងលួចសម្ងំឈូសឆាយដីព្រៃរបស់រដ្ឋនោះទេ ។ នៅព្រឹកនោះរូបលោករួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានទៅពិនិត្យមើលស្ថានភាពគម្របព្រៃឈើរបស់រដ្ឋ ស្ថិតនៅចំណុចខាងលើដើម្បីធ្វើកំណត់ហេតុ និងរបាយការណ៍ជូនថ្នាក់លើពីស្ថានភាពនៃគម្របព្រៃទាំងនោះ ។

ពេលកំពុងតែធ្វើការត្រួតពិនិត្យវាស់វែងក៏ស្រាប់តែឃើញត្រាក់ទ័រចំនួន៤គ្រឿងកំពុងតែឈូសឆាយដីព្រៃរបស់រដ្ឋភ្លាមៗនោះលោកបានឃាត់ត្រាក់ទ័រទាំងនោះឱ្យឈប់ ប៉ុន្តែត្រូវបានអ្នកបើកត្រាក់ទ័រទាំងនោះនាំគ្នាចុះពីលើត្រាក់ទ័ររត់ចូលព្រៃអស់ទៅ ។

បន្ទាប់មកលោកក៏បានហៅកម្លាំងជំនាញ និងសមត្ថកិច្ចនគរបាលឲ្យមកជួយបើកយកត្រាក់ទ័រទាំង៤គ្រឿងយកមកទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើកំពង់ត្រឡាចដើម្បីរៀបកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ