លោក Elon Musk បានអះអាងយ៉ាងមុតមាំថា រថយន្តស្ព័រអេឡិចត្រូនិក Tesla Roadster នឹងអាចជាន់ល្បឿនពី០ដល់៦២ម៉ាយឬជិត១០០គីឡូម៉ែត្រ ដោយចំណាយថេរវេលាត្រឹមតែ១,៩វិនាទីប៉ុណ្ណោះដែលធ្វើឱ្យវាក្លាយជារថយន្តល្បឿនស្ទុះជាងគេក្នុងផលិតកម្ម ហើយអាចបញ្ចូលអាគុយម្តង ធ្វើដំណើរបានចម្ងាយ ៦២០ម៉ាយ ឬជិត១ពាន់គីឡូម៉ែត្រ ។ តែពេលថ្មីៗនេះ លោក Elon Musk បានបង្ហើបថា រថយន្ត Tesla Roadster អាចនឹងហោះបាននៅពេលខាងមុខ ។
លោក Musk បានឆ្លើយតបតាមរយៈសំណេរមួយទៅអ្នកប្រើម្នាក់នៅលើ Twitter ដែលបានបង្ហោះ GIF មានចលនាមួយរបស់រថយន្តហោះ DeLorean ក្នុងរឿង “Back to The Future” ថា « រថយន្ត Roadster ស៊េរីថ្មី នឹងអាចហោះបានដូចគ្នា»។
ការសរសេរបែបនេះ បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ។ ជាពិសេសនៅពេលដែលអ្នក Review ដ៏ល្បីលើ Youtube លោក Marques Brownlee បានសរសេរតបថា ៖« អ្វីដែលសំខាន់គឺខ្ញុំមានអារម្មណ៍ថាលោកនិយាយលេង »។
លោក Musk បានតបវិញថា ៖« ខ្ញុំមិននិយាយលេងទេ ។ ខ្ញុំនឹងប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនអវកាស SpaceX របស់ខ្ញុំ ក្នុងការធ្វើវាឱ្យបានសម្រេច» ។ នេះមិនមែនជាលើកទីមួយទេដែល Elon Musk បានបង្ហើបថារថយន្ត Tesla Roadster នឹងមានសមត្ថភាពហោះហើរ ។
កាលពីឆ្នាំមុនលោក Musk បានឱ្យដឹងថា នឹងមានជម្រើសពិសេសបំពាក់ជាមួយនឹងកូនកាំជ្រួចតូចៗនៅពីក្រោយ ដែលអាចឱ្យរថយន្តមានសន្ទុះលឿនខ្លាំងជាងមុនច្រើនដង រហូតដល់ថ្នាក់អាចហោះផុតពីដីថែមទៀតផង ។
វាជាពាក្យចចាមអារ៉ាមដ៏គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែសូមកុំភ្លេចថា លោក Musk គឺជាបុរសម្នាក់ដែលបានបញ្ជូនរថយន្ដទៅក្នុងអវកាសកាលពីប៉ុន្មានខែមុន ។ ម្យ៉ាងទៀតអ្វីដែលលោកនិយាយគឺហាក់បីដូចជាមិនមែនលេងសើចនោះទេ ។ នេះអាចនឹងមានមកជាប់ជាមួយនឹងរថយន្តថ្មីរបស់ Tesla នាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ