រាជធានីភ្នំពេញ ៖ នៅពេលចូលដល់រដូវមង្គលការម្ដងៗ សំឡេងភ្លេងការបន្លឺកងរំពងស្ទើរពេញភូមិទូទាំងខេត្តពេញទាំងផ្ទៃប្រទេស ដែលបង្ហាញពីភាពសុខសាន្ដ និងសប្បាយរីករាយក្នុងការរៀបចំពិធីមង្គលជូនកូនប្រុសស្រីទៅតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពរៀងៗខ្លួន ។
ក្នុងរដូវនេះដែរក៏ជាកាលវេលាដែលមានការចំណាយខ្ពស់ផងដែរ រហូតដល់មានពាក្យថា «ធៀបការ ប្រហារប្រាក់ខែ » ទៅហើយ ។ ក្រៅពីពិធីអាពាហ៍ពិពាហ៍ហើយនោះ ក៏នៅមានពិធីខួបកំណើត ឡើងគេហដ្ឋាន និងពិធីបុណ្យផ្សេងៗទៀតដែលត្រូវចំណាយដូចគ្នា ។ ដូច្នេះវាកំពុងតែជាបន្ទុកចំណាយមួយទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ។
បើសិនបើអ្នកមានជីវភាពធូធារមិនសូវជាគិតច្រើនប៉ុន្មានទេ ព្រោះវាជាពេលដែលមានឱកាសជួបជុំគ្នា ដើម្បីរឹតចំណងមេត្រីភាព បង្កើតកិច្ចការរកស៊ីជាដើម ប៉ុន្ដែសម្រាប់អ្នកមានជីវភាពកម្រិតមធ្យម ឬក្រោមមធ្យមវិញ ក្រៅពីមិត្តភាពនោះក៏កំពុងតែបន្ថែមបន្ទុកចំណាយផងដែរ ។
បើតាមលោក វ៉ាន់ ថៃ អ្នកបម្រើការនៅស្ថាប័នឯកជនមួយរូបនៅរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់លោកពេលចូលដល់រដូវការម្ដងៗ ត្រូវចំណាយលើសពីរដូវធម្មតាទ្វេដង ។ លោកថា « ខែខ្លះការចំណាយក្នុងពិធីវាស្ទើរតែពាក់កណ្ដាល ឬលើសពីពាក់កណ្ដាលនៃប្រាក់ខែទៅហើយ ក្នុងនោះដូចជាថ្លៃសម្លៀកបំពាក់ និងចងដៃជាដើម » ។ លោកបន្ថែមថា « ពេលខ្លះការចំណាយទៅលើពិធីមិនថា មង្គលការ ខួបកំណើត និងពិធីផ្សេងៗឡើយអស់ច្រើនជាងការចំណាយប្រចាំថ្ងៃទៅលើអាហារ និងថ្លៃធ្វើដំណើរទឹកភ្លើងទៅទៀត តែធ្វើម៉េច បើនេះជាការរាប់អានគ្នាសង្គម ។ ពេលនេះដល់វេនគេ ថ្ងៃក្រោយដល់វេនយើងវិញក៏មិនដឹង » ។
លោក ទួន វណ្ណា ភ្នាក់ងារអចលនវត្ថុមួយនៅកម្ពុជាក៏បានឲ្យដឹងផងដែរថា ក្នុងមួយខែៗ ចាប់ពីខែតុលាមក ជាមធ្យម មានពិធីដែលគេអញ្ជើញពី៣ទៅ៥រោង តែមានខែខ្លះឡើងដល់ជិត១០រោងឯណោះ ដោយក្នុងមួយរោងៗត្រូវចំណាយជាមធ្យម៣០ដុល្លារអាមេរិក តែពេលខ្លះ ត្រូវចំណាយច្រើនជាងនេះ គឺអាស្រ័យទៅលើទំនាក់ទំនង និងបដិសណ្ឋារកិច្ចរបស់ម្ចាស់ដើមការ ។
លោកបន្ថែមថា ៖« មានពិធីខ្លះ ខ្ញុំត្រូវចំណាយថវិកា៥០ដុល្លារទៅលើចំណងដៃ តែយ៉ាងហោចណាស់ ក៏ត្រឹម៣០ដុល្លារអាមេរិកដែរ ព្រោះបច្ចុប្បន្នរាល់ទំនិញឡើងថ្លៃ ដូច្នេះដើម្បីជួយសម្រួលដល់ការចំណាយរបស់ម្ចាស់ដើមការបានខ្លះ »។
ស្រដៀងគ្នានេះដែរ លោក ជួង ឡៃហាវ បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅភ្នំពេញបាននិយាយថា កាលពីខែធ្នូ កន្លងទៅ លោកត្រូវចូលរួមពិធីសរុប១៣ពិធី ក្នុងនោះមានអាពាហ៍ពិពាហ៍ ខួបកំណើត ឡើងផ្ទះ ដែលត្រូវចំណាយសរុបអស់ជាង៣០០ដុល្លារអាមេរិក បើធៀបនឹងប្រាក់ខែវិញ ឃើញថា ប្រហាក់ប្រហែលគ្នាទៅហើយ ដូច្នេះលោកត្រូវយកប្រាក់សន្សំពីមុនមកចំណាយដើម្បីទប់ទល់នៅរដូវនេះវិញ ។
ដោយឡែក មន្ត្រីបម្រើការនៅទីស្ដីការ គណៈរដ្ឋមន្ត្រី មានឋានៈស្មើអគ្គនាយក ក៏បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជាមធ្យម លោកត្រូវចំណាយទៅថ្លៃចំណងដៃ១រោង ៥០ដុល្លារយ៉ាងទាប ចំពោះអាពាហ៍ពិពាហ៍ ហើយមានរោងខ្លះ ត្រូវចំណាយដល់ទៅ១០០ដុល្លារអាមេរិក ។ លោកថា ៖« ភាគច្រើននៃអ្នកដែលអញ្ជើញឲ្យចូលរួមជាអ្នកធ្វើការមានមុខមានមាត់នៅក្នុងសង្គម ឬអាចនិយាយថាឋានៈឯកឧត្តម ឧកញ៉ាទៅហើយ អីចឹងបើយើងចងដៃគេតិចតួច ក៏មិនសម អីចឹងហើយមានតែដាក់១០០ដុល្លារក្នុងមួយរោងទៅ ។
ប៉ុន្តែសម្រាប់អ្នកស្គាល់គ្នាធម្មតាៗ ជាអ្នកធ្វើការឬរាប់អានគ្នា ចងគេត្រឹម៥០ដុល្លារអាមេរិកអីទេ ហើយក្នុងមួយខែៗក៏មិនតិចរោងដែរ ដែលត្រូវទៅចូលរួម អីចឹងបើបូកសរុបទៅ ក្នុងមួយខែក៏អស់ប្រមាណ៥០០ទៅ៦០០ដុល្លារអាមេរិកអីដែរ » ។ នេះសម្រាប់តែបុរសៗប៉ុណ្ណោះ ក៏ប៉ុន្តែ បើសិនជានារីៗវិញ ត្រូវចំណាយច្រើនជាងបុរសៗទៅទៀត ដូចជាចំណាយទៅលើការតុបតែងខ្លួន និងសម្លៀកបំពាក់ជាដើម ព្រោះសុភាពនារីមិនអាចស្លៀកបំពាក់ធ្វើការទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ដូចបុរសបានឡើយ ហើយសម្លៀកបំពាក់នារីទៀតសោត ក៏ត្រូវផ្លាស់ប្តូរពីកម្មវិធីមួយទៅកម្មវិធីមួយ ដោយមាននារីមួយចំនួនលើកឡើងថា មិនអាចស្លៀកពាក់តែមួយសម្រាប់ចូលរួមគ្រប់កម្មវិធីនោះទេ ។
ការចំណាយទៅលើពិធីមង្គលការកូនប្រុសស្រីនេះ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ហើយក៏ជាបន្ទុកចំណាយដ៏ធ្ងន់ធ្ងរមួយសម្រាប់ឪពុកមម្ដាយផងដែរ ប្រសិនបើកូនប្រុសស្រីពុំទាន់មានលទ្ធភាពក្នុងការចំណាយផ្ទាល់ខ្លួន រហូតដល់ពលរដ្ឋមួយចំនួនខ្ចីលុយគេដើម្បីរៀបចំពិធីមង្គលឲ្យកូនក៏មាន ។
លោក ម៉ៅ ម៉ាណូរ័ត្ន ដែលទើបរៀបអាពាហ៍ពិពាហ៍កូនប្រុសកាលពីដើមខែមុននៅរាជធានីភ្នំពេញ បានឲ្យដឹង ការចំណាយទៅលើពិធីរៀបអាហ៍ពិពាហ៍ វាអាស្រ័យទៅលើពិធីនោះតូច ឬធំ ហើយសម្រាប់លោក ក៏មិនដឹងច្បាស់ថាខាងស្រីចំណាយអស់ប៉ុន្មានដែរ គ្រាន់តែដឹងថា លោកត្រូវចំនាយ១ម៉ឺនដុល្លារទៅថ្លៃបណ្ណាការ ខ្វះខាតខាងស្រីអ្នកចំណាយ ក៏ប៉ុន្តែក្នុងមួយរោង ការរៀបចំត្រូវចំណាយមិនក្រោម២ម៉ឺនដុល្លារទេ នេះគ្រាន់តែពិធីសមល្មមមួយប៉ុណ្ណោះ ព្រោះការចំណាយលើពិធីមង្គលការកើនឡើងជាបន្ដបន្ទាប់ ។
យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុង១ឆ្នាំៗ គ្រាន់តែនៅរាជធានីភ្នំពេញ មានអ្នករៀបអាពាហ៍ពិពាហ៍ ចន្លោះពី៥ពាន់ទៅ៦ពាន់គូ ហើយរដូវដែលមមាញឹកនោះ គឺនៅដើមឆ្នាំ នៅចុងឆ្នាំ ដែលកាក់កបសម្រាប់រៀបចំពិធី ៕
ចែករំលែកព័តមាននេះ