សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​2019​នៅ​តែ​បន្ត​វិជ្ជមាន


រាជធានី​ភ្នំពេញ ៖ ខណៈ​ឆ្នាំ​២០១៨​ទើបតែ​បញ្ចប់​ជាមួយ​លទ្ធផល​សម្រេច​បាន​គួរ​ជាទី​មោ​ទ​នៈ សូចនាករ​និង​ទស្សនវិស័យ​សម្រាប់​សេដ្ឋកិច្ច​ឆ្នាំ​២០១៩ នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ដដែល ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ​២០១៨ និង​ទស្សនវិស័យ​ឆ្នាំ​២០១៩ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​មក ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ។ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ភាពរឹងមាំ ទោះបីជា​បាន​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ក្តី ។ វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​បន្ត​មាន​កំណើន​ក្នុង​អត្រា​ពីរ​ខ្ទង់​ក្នុង​បរិយាកាស​អំណោយផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​ដោយ​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើ​វិត្ថារ​កម្ម​(​ការ​ពង្រីក​) គោលនយោបាយ​ហិរញ្ញវត្ថុ និង​ផ្លែផ្កា​នៃ​វ​ឌ្ឈ​នភា​ព និង​វិស័យ​ធនាគារ ព្រមទាំង​វិស័យ​ដទៃ​ទៀត »​។

របាយការណ៍​ដដែល​បាន​បន្ត​ថា ទោះបីជា​បាន​ប្រឈម​នឹង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ចិន និង​ឥទ្ធិពល​នៃ​ប្រក្រតី​កម្ម​នៃ​គោលនយោបាយ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​អភិ វឌ្ឍន៍​មួយ​ចំនួន​ក៏​ដោយ កំណើនសេដ្ឋកិច្ច​ពិភពលោក និង​តំបន់​មាន​ភាពល្អ​ប្រសើរ និង​បាន​ផ្តល់​កាលានុវត្តភាព​ល្អ​ដល់​សេដ្ឋកិច្ច​កម្ពុជា ។ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា បន្ត​កើនឡើង​ក្នុង​អត្រា​១២% ពិសេស​វិស័យ​ធនាគារ អចលនទ្រព្យ និង​វិស័យ​កាត់ដេរ ហើយ​បាន​គាំទ្រ​ជញ្ជីងទូទាត់​ឲ្យ​មាន​អតិរេក​(​ផល​លើស​)​ប្រមាណ​៤,៥%​នៃ​ផលទុនជាតិ​សរុប​ក្នុងស្រុក ។

អតិរេក​ជញ្ជីងទូទាត់​ពាណិជ្ជកម្ម បាន​រួមចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ដល់​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធានា​ការ​នាំ​ចេញ​ទំនិញ និង​សេវា​សម្រាប់​ឆ្នាំ​បន្ទាប់​បាន​៥,៤​ខែ ដែល​ជា​កម្រិត​ខ្ពស់​ធៀប​នឹង​កម្រិត​អប្បបរមា ដែល​ប្រទេស​អភិវឌ្ឍន៍​គួរ​មាន ។

សម្រាប់​ទស្សនវិស័យ​ឆ្នាំ​២០១៩ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា ទស្សនវិស័យ​សម្រាប់​ឆ្នាំ​២០១៩ សេដ្ឋកិច្ច​កម្ពុជា​រំពឹង​បន្ត​កំណើន​ក្នុង​រង្វង់​អត្រា​៧% ហើយ​អតិផរណា​បន្ត​ស្ថិត​ក្នុង​កម្រិត​ទាប​ក្នុង​រង្វង់​២,៦ ជាមួយនឹង​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​៤០៥០​រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ។ ចំណែក​ទុនបម្រុង​អន្តរជាតិ រំពឹង​កើន​ដល់​១១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធានា​ដល់​ការ​នាំ​ចេញ និង​សេវា​បាន​រយៈពេល​៥​ខែ ។
ម្យ៉ាងវិញទៀត ឥណទាន​ធនាគារ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ក្នុង​ល្បឿន​១៧,១% និង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ នឹង​បន្ត​កើន​ឡើងជា​លំដាប់ ដែល​កត្តា​ទាំងនេះ នឹង​បន្ត​រួមចំណែក​ជំរុញ​ការ​រីក​ចម្រើន​សកម្មភាព​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​បន្ថែម​ទៀត ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​គាំទ្រ​របាយការណ៍​នេះ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​យើង​គ្រប់គ្រង​បាន​នូវ​ម៉ាក្រូសេដ្ឋកិច្ច និង​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​នានា​បាន​ល្អ និង​គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​អ្នក​វិនិយោគ​នានា វា​ជំរុញ​ឲ្យ​មាន​ស្ថិរភាព និង​កំណើនសេដ្ឋកិច្ច ហើយ​កំណើន​នេះ​មិន​ត្រឹមតែ​សម្រេច​បាន​នៅ​ឆ្នាំ​២០១៩​នេះ​ទេ តែ​អាច​បន្ត​រុញ​កំណើន​បន្ត​នៅ​ឆ្នាំ​២០២០​ឬ​ឆ្នាំ​២០២១​បន្ថែម​ទៀត ។ លោក​បន្ត​ថា ៖« ជាមួយនឹង​កត្តា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​នេះ នឹង​ជា​ការ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ចូល​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ថែម ទៀត »​។

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧%​រយៈពេល​វែង​បន្ត ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ