ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​និង​រើស​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ​2​បាន​បញ្ចប់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ការ​សិក្សា​និង​ការ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​២​បាន​បញ្ចប់​ហើយ ។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក​វ៉ា​ស៊ឹ​ម…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ការ​សិក្សា​និង​ការ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​២​បាន​បញ្ចប់​ហើយ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក​វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៧ មក​រា កន្លង​មក​ថា ការ​សិក្សា​សាងសង់​និង​ពង្រីក​ផ្លូវជាតិ​លេខ​២​បាន​បញ្ចប់​ហើយ ហើយ​ការ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នេះ​ក៏​បាន​បញ្ចប់​ដែរ នៅ​សល់​តែ​និ​តិ​វិធី​ការងារ​មួយ​ចំនួន​ប៉ុណ្ណោះ តែ​យើង​រំពឹង​ថា នឹង​បញ្ចប់​នៅ​ឆ្នាំ​នេះ ។ ទោះជា​យ៉ាងណា យើង​មិន​ទាន់​កំណត់​ពេលវេលា ដើម្បី​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ណា​នៅឡើយ​ទេ ។ លោក​មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ថា​ផ្លួ​វ​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់​បាន​នៅ​ពេល​ណា​ទេ ប៉ុន្តែ​អ្វី​ៗ​ទំនងជា​មិនយូរ​ពេក​ទេ »​។

តាម​គម្រោង​ផ្លូវជាតិ​លេខ​២ នឹង​ត្រូវ​ពង្រីក​ជា​៤​គន្លង​ដែល​អាច​រថយន្ត​បើកបរ​បាន​ពីរ​ទៅ​ពីរ​មក​នៅ​តំបន់​ខ្លះ និង​តំបន់​ខ្លះ​នឹង​ពង្រីក​ត្រឹម​១១​ម៉ែត្រ​ប៉ុណ្ណោះ ។ គម្រោង​នេះ​ជា​កម្ចី​មានការ​ប្រាក់​ទាប​របស់​រដ្ឋាភិបាល​កូរ៉េ ។ ទោះជា​យ៉ាងណា ពុំ​ទាន់​មាន​តួលេខ​ពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​នេះ​ទេ ។
លោក ឈឹ​ម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​កន្លង​មក​ថា បច្ចុប្បន្ន​ក្រសួង​កំពុងធ្វើការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​ឈាន​ទៅ​ធ្វើការ​ដេញថ្លៃ​សាងសង់​ផ្លូវ​នេះ ដែល​តំបន់​ខ្លះ​ត្រូវ​ពង្រីក​ពីរ​គន្លង​ទៅ​មក និង​តំបន់​ខ្លះ​មាន​ទំហំ​សម្រាប់​រថយន្ត​បើកបរ​មួយ​គន្លង​ទៅ​មក​ប៉ុណ្ណោះ ។

លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ មានការ​ឯកភាព​ជា​គោលការណ៍​ពី​រដ្ឋាភិបាល​កូរ៉េ ហើយ ហេតុនេះ​យើង​រំពឹង​ថា​ការ​ដេញថ្លៃ​សាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ »​។ លោក​ថា ៖« ការ​សាងសង់​ផ្លូវ​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៩​នេះ នៅ​ពេល​នីតិវិធី​នានា​បញ្ចប់​តាម​ផែនការ »​។

ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ និយោជិត​ក្នុង​ខេត្តតាកែវ កាលពី​ចុងឆ្នាំ​មុន​ថា ខេត្តតាកែវ​មាន​សក្តានុពល​ក្នុង​ការ​ពង្រីក​រោងចក្រ សហគ្រាស​បាន​ល្អ​នា​ពេល​អនាគត ដោយសារ​ខេត្ត​នេះ​មាន​សណ្ឋាន​ដី​ល្អ មា​នទី​តាំងនៅ​កៀក​នឹង​រាជធានី​ភ្នំពេញ និង​មាន​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ត​ភ្ជាប់​ខ្វាត់ខ្វែង ។

ទោះបី​យ៉ាងណា សម្តេច​តេ​ជោ បាន​រិះគន់​ពី​និ​តិ​វិធី និង​ភាពយឺត​យ៉ាវ​ក្នុង​ការ​សាងសង់ និង​ពង្រីក​ផ្លូវ​នេះ ដោយ​សម្តេច​បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ព​ន្លឿ​ន​ធ្វើ​យ៉ាងណា​ឲ្យ​ការ​សាងសង់​ផ្លូវ​នេះ​ធ្វើ​ឡើង​បាន​លឿន និង​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ