រាជធានីភ្នំពេញ ៖ បុរស២នាក់ជាជនជាតិចិនស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-300 បើកក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នបួងចង្កូតបត់ស្តាំជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលអោយខូចខាតអស់មួយកំណាត់ខាងមុខ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង1និង20នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចមុខសួនក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនជាតិចិនប្រុស២នាក់បើករថយន្តបង្កមួយគ្រឿងម៉ាកឡិចស៊ីស RX-300 ពណ៌ទឹកប្រាក់ ពាក់ផ្លាក
លេខ ភ្នំពេញ 2P-0432 បើកបរតាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះរថយន្តបង្កបើកក្នុងល្បឿនយ៉ាងលឿនហើយម្ចាស់រថយន្តជនជាតិចិន២នាក់នោះស្រវឹងស្រាទើបបើកបួងចង្កូតបត់ស្តាំឡើងផ្លូវសហព័ន្ធរុស្សីក៏ស្រាបតែជ្រុលចង្កូតទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្តាលបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខនឹងផ្ទុះពោងទាំងសងខាង ចំណែកឯជនជាតិ២នាក់នោះរងរបួសស្រាល ។

ប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានលើកឡើងថា នៅកន្លែងនេះគឺតែងតែមានម៉ូតូឡានបុកគ្នាជាញឹកញាប់ហើយក្បាលនាគនេះទើបតែដូរថ្មីក៏មានរថយន្តបុកទៀត ហើយភ្លាមៗនោះដែលជនជាតិចិន២នាក់នោះក៏បានទុករថយន្តចោលហើយដើរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕


ចែករំលែកព័តមាននេះ