រាជធានីភ្នំពេញ ៖ ប្រធានគណនេយ្យជនជាតិចិនរបស់ក្រុមហ៊ុនលាយបេតុងម្នាក់ត្រូវបានអ្នកបើកបររថយន្តខ្លួនឯងធ្វើសកម្មភាពយកពិលឆក់វាយដណ្តើមយកលុយអស់ជិត១០ម៉ឺនដុល្លារបានសម្រេចហើយផ្លុងរថយន្តចោលរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ លុង លីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន ជាគណនេយ្យក្រុមហ៊ុន លាយបេតុង CHINA XIN CHENG CONCRETE CAMBODIA CO.LTD នៅក្បែរកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យជាអ្នកបើកបររថយន្តឲ្យជនជាតិចិននោះត្រូវបានក្រុមហ៊ុនប្រាប់ឲ្យស្គាល់មានឈ្មោះ អ៊ុង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយបេតុង ផ្នែកបម្រើការងារបើកបររថយន្តមានទីលំនៅផ្ទះលេខ៥៦E១ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានយកលុយចំនួន៩៩៦៧៩ដុល្លារ (ជិត១០ម៉ឺនដុល្លារ) គេចខ្លួនបាត់ស្រមោល ។

តាមការប្រាប់បង្ហាញពីអត្តសញ្ញាណជនសង្ស័យទើបចូលបម្រើការងារនៅក្នុងក្រុមហ៊ុនលាយបេតុង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងមកថ្មីៗនេះ ជាអ្នកបើកបររថយន្តឲ្យថៅកែ ។

តាមប្រភពបន្តទៀតថា មុនកើតហេតុនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមករានេះ ប្រធានគណនេយ្យរួមជាមួយជនសង្ស័យដឹកជូនទៅបើកលុយនៅធនាគារចិនមួយកន្លែងក្បែរស្ថានីយរថភ្លើងខណ្ឌដូនពេញ បើកលុយបានចំនួន៩៩៦៧៩ដុល្លារ ដោយធ្វើដំណើរតាមរថយន្តព្រុសមួយគ្រឿង ពណ៌ឈាម ជ្រូក ពាក់ស្លកលេខ ភ្នំពេញ 2AW-1763 ហើយបានវិលត្រឡប់មកក្រុមហ៊ុនវិញធ្វើដំណើរដល់ចំណុចខាងលើក្បែរក្រុមហ៊ុនទៅហើយ ស្រាប់តែជនសង្ស័យឈប់រថយន្តប្រដាប់ដោយពិលឆក់ធ្វើសកម្មភាពឆក់វាយលើជនរងគ្រោះដណ្តើមយកលុយបានហើយ ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃ្មួញ ឲ្យជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរកជនសង្ស័យ ៕





ចែករំលែកព័តមាននេះ