រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាងថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ មិនមែនជាថ្ងៃមួយរបស់គណបក្សប្រជាជនកម្ពុជាផ្តាច់មុខដូចមនុស្សមួយចំនួនលើក ឡើងនោះទេ ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីមានប្រធានគណបក្សនយោបាយមួយបានលើកឡើងដោយថា ៧មករា គេដឹងគុណហើយ តើគេសងគុណដល់ពេលណា ។ ទាក់ទងនិងការលើកឡើងនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ មករានេះយ៉ាងដូច្នេះថា « មានប្រធានគណបក្សនយោបាយមួយ ដោយខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ តែគាត់កំពុងតាមដានស្តាប់ហើយ ។ ខ្ញុំចង់បញ្ជាក់ថា ៧មករាមិនមែនរបស់គណបក្សប្រជាជនទេ ! ៧មករា គឺជារបស់ប្រជាជនទាំងអស់ដែលចង់រស់ជាមនុស្ស ។

ដូច្នេះអត់ត្រូវមានអ្នកណាសង អ្នកណាទេ គឺ៧មករា ជារបស់ជីដូនជីតាជារបស់ឪពុកម្តាយក្មួយហើយជាទ្រព្យសម្បត្តិរបស់ក្មួយៗ» ។ សម្តេចបន្តថា ថ្ងៃ៧មករា មិនត្រូវការអ្នកសងទេ តែបញ្ហាសំខាន់នោះ គឺ៧មករា របស់អ្នកទាំងអស់គ្នា ។

សម្តេចបញ្ជាក់ថា « ខ្ញុំក៏មិនដែលចាត់ទុក៧មករារបស់ខ្ញុំ ហើយគណបក្សប្រជាជនក៏មិនដែលចាត់ទុក៧មករា ជារបស់ខ្លួនទេ តែ៧មករា ជារបស់រួមរបស់មនុស្សដែលចង់រស់ជាមនុស្ស» ។ សម្តេចបន្តថា ដើម្បីរក្សាទុកស្មារតី៧មករា ទើបគេបោះឆ្នោតរក្សាទុក ប៉ុន្តែមានតែអ្នកចង់ងាប់ទេដែលមិនដឹង ។បើមិនរំដោះទាន់ពេលទេ ឪម៉ែវាក៏ងាប់ដែរ ។ អីញ្ចឹងចង់បញ្ជាក់ថា ៧មករារបស់រួម ។

សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រាព្ធខួបលើកទី៤០ ឆ្នាំនៃខួបអនុវស្សាវរីយ៍ ថ្ងៃ៧ មករា ១៩៧៩ -៧មករា ឆ្នាំ២០១៩ ដោយមានការចូលរួ មពីប្រជាពលរដ្ឋយ៉ាងច្រើនកុះកកនៅពហុដ្ឋាន ជាតិ អូឡាំពិកកាលពីថ្ងៃទី៧មករាកន្លងមកនេះ ។ ថ្ងៃ៧មករា លើកទី៤០ ក៏មានការរៀបចំក្បួនព្យុះយាត្រាតំណាងខេត្តនានាដោយបានកែច្នៃធ្វើត្បូនតំណាងឲ្យធនធានខេត្តផងដែរ ៕
ចែករំលែកព័តមាននេះ