រាជធានីភ្នំពេញ ៖ យុវជន៣នាក់ប្រុសម្នាក់ និងស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស បើកឆ្លងផ្លូវច្រមុះជ្រូក បើកទៅត្រង់មិនបានប្រយ័ត្នរថយន្តដឹកទឹកកកបើកបុកពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ទាំង៣នាក់សល់ដង្ហើមចង្រិត ។

ចំណែកឯម៉ូតូនឹងរថយន្តខូចខាតធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីកែងផ្លូវ១២១៥ នៅចំណុចមុខក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DD- 0511 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើត ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គាត់បើកឆ្លងផ្លូវច្រមុះជ្រូកម៉ូតូ MSX បើកទៅត្រង់មិនបានប្រយ័ត្ននោះទេ ក៏ស្រាប់តែមានរថយន្តកូរ៉េដឹកកក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2X- 3461បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនយ៉ាងលឿន ខណៈពេលដែលមកដល់ផ្លូវឆ្លងធ្វើអោយជ្រុលចាប់ហ្វ្រាំងអត់ទាន់បុកម៉ូតូ MSX ចំពីមុខពេញទំហឹង បណ្តាលអោយខ្ទេចម៉ូតូស្ទើរមួយរយភាគរយ ហើយរងរបួសធ្ងន់ទាំង៣នាក់ រីឯរថយន្តបង្កវិញខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ និងបែកកញ្ចក់មុខ ។

ភ្លាមៗនោះដែរជនរងគ្រោះទាំង៣នាក់ត្រូវបានមិត្តភក្តិដឹកទៅតាមម៉ូតូកង់បីយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯម្ចាស់រថយន្តវិញបានរត់ចោលរថយន្តគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ