បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ និងរថយន្ត២គ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ពីបទឆបោករឿងទិញលក់វត្ថុបុរាណតម្លៃ២៦,០០០ដុល្លារបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន១- ឈ្មោះ ឌី ហួត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ២-ឈ្មោះ ម៉ួន ង៉ូវ ហៅម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ៣- ឈ្មោះ ខុន វុទ្ធីយិន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិវត្តឃុំស្រែណយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ទឹម សាវួន ភេទស្រី អាយុ៤៥ឆ្នាំ (មុខរបបលក់បង្អែម) រស់នៅភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ បានប្តឹងជនសង្ស័យទាំង៣នាក់ពីបទឆបោករឿងខ្ចីលុយទិញវត្ថុបូរាណមានតម្លៃ២៦,០០០ដុល្លារដែលប្រព្រឹត្ត កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតភូមិ-សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះបានបញ្ជាក់ថា នៅពេលដែលលង់ខ្លួនចាញ់បោកជនសង្ស័យ៣នាក់ គឺជនរងគ្រោះត្រូវបានជនសង្ស័យបាននាំដើរលេង និងហូបចុកហើយអោយលុយចាយទើបលង់ខ្លួនចាញ់បោកជនសង្ស័យទាំងបីនាក់នេះដោយប្រើល្បិចទិញលក់វត្ថុក្នុងតម្លៃ២៦,០០០ដុល្លារហើយជនសង្ស័យប្រើល្បិចដកលុយដុល្លារ២ដុំ ទិញលក់វត្ថុបូរាណដែលមានចំនួន៣រូប ហើយថា ខ្វះលុយខ្ចីបង្គ្រប់ទិញវត្ថុបូរាណជាង១ម៉ឺនដុល្លារអោយភាគីលក់ ហើយទុកវត្ថុរាណអោយទៅស្ត្រីរងគ្រោះរក្សាទុក បើលក់បានសងហើយ ចំនេញចែកគ្នាស្មើ ហើយជនសង្ស័យទៅផ្ទះរាងខ្លួនរហូតទុកវត្ថុបូរាណយូរពេកមិនឃើញយកលក់ទើបដឹងចាញ់បោកបានប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវចាប់ខ្លួន ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយពេលទទួលពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាហើយសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជាបន្តបន្ទាប់ ជនសង្ស័យ៣នាក់ និងមធ្យោបាយមានរថយន្ត២គ្រឿង និងរូបសំណាក់ស្ពាន់៣រូប និងសម្ភារមួយចំនួនទៀត ដែលនៅកន្លែងដោយឡែកគ្នា កាលពីថ្ងៃទី០៥ -០៦ ខែមករា ឆ្នាំ២០១៩ នៅភ្នំពេញ និងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ៣នាក់ដោយយោងតាមចម្លើយសារភាព និងត្រូវបានចោទប្រកាន់ប្រើល្បិចឆបោកស្ត្រីរងគ្រោះត្រូវបានកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ