រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនចិនដែលទទួលបន្ទុកសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដឹកគ្រឿងចក្រមកដល់កម្ពុជានៅចុងខែមករានេះ ។
អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោកនូ វឌ្ឍនៈ បានមានប្រសាសន៍តាមទូរស័ព្ទនាសៀលថ្ងៃទី៤ មករាម្សិលមិញថា គ្រឿងចក្រសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ នឹងដឹកមកដល់កម្ពុជានៅចុងខែមករានេះ ដោយគ្រឿងចក្រទាំងនោះមានតម្លៃប្រមាណ១០០លានដុល្លារអាមេរិក។
លោកបន្តថា បច្ចុប្បន្នក្រុមអ្នកជំនាញចិនជិត២០០នាក់ បានមកដល់កម្ពុជាហើយ ហើយការសាងសង់ស្ថានីយ និងការរិយាល័យសំរាប់ស្នាក់នៅ នឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗ ។
លោកបន្ថែមថា ៖« ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននិងកំពុងពន្លឿនការដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ ដែលមានដីនៅតាមតំបន់ទាំងនេះ ដែលការងារនេះមានភាពស្មុគស្មាញបន្តិច » ។ លោកបន្តថា ៖« ពេលវេលាបើកការដ្ឋានសាងសង់នាពេលណា ខ្ញុំមិនទានច្បាស់នៅឡើយទេ ប៉ុន្តែគឺមិនចំណាយពេលយូរនោះទេ »។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក វ៉ាស៊ឹុម សូរិយា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាកចេញពីតំបន់អូរដឹមនៃចំណុចប្រសព្វរវាងផ្លូវទៅទំនប់កប់ស្រូវ និងអូសកាត់ផ្នែកខាងស្តាំដៃនៃផ្លូវជាតិលេខ៤។ លោកបន្តថា ចេញពីរាជធានីភ្នំពេញ ផ្លូវនេះនឹងស្ថិតនៅផ្នែកខាងស្តាំស្របតាមផ្លូវជាតិលេខ៤ ប្រវែងប្រមាណ៣០គីឡូម៉ែត្រ ទើបផ្លូវនេះងាកមកឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃវិញរហូតដល់ក្រុងព្រះសីហនុតែម្ដង ។ លោកបន្ដថា ៖« ផ្លូវនេះមានប្រវែងជាង១៩០គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់១.៩០០លានដុល្លារ ដោយប្រើពេលសាងសង់រយៈពេល៤ឆ្នាំ ហើយផ្លូវនេះនឹងមានរបងបិទជិតទាំងសងខាង ដើម្បីកុំឲ្យមានការរំខានពីការធ្វើចរាចរណ៍ឆ្លងកាត់ច្រើន »។
លោក វ៉ាស៊ឹម សូរិយា បានបន្តថា ផ្លូវល្បឿនលឿន ឬហៅថា Express Way នេះ នឹងមានទទឹង២៤ម៉ែត្រ ដោយរថយន្តអាចបើកបរបានពីរគន្លងទាំងទៅ ទាំងមក ហើយមានសួនច្បារនៅចំកណ្តាលតាំងពីរាជធានីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាវិទ្យាស្ថានសិក្សាការអភិវឌ្ឍ បានថ្លែងកន្លងមកថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធជារឿងប្រឈមមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរៀបចំគោលនយោបាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺស្ថិតក្នុងទិសដៅត្រឹមត្រូវមួយហើយ ។ ទោះយ៉ាងនេះក្ដី លោកស្នើសុំឱ្យមានការពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃដើមនៃការដឹក ជញ្ជូន ។
លោកថ្លែងថា ៖« វាជារឿងចាំបាច់ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀត ព្រោះបើចង់ឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង និងឈានទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត »៕
ចែករំលែកព័តមាននេះ