ខេត្តបាត់ដំបង ៖ បើតាមលោកគឹម ពន្លក អធិការស្រុកកំរៀងបានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី៣១ធ្នូ នេះថា លើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនោះ គឺរថយន្តដែលបើកបរដោយជនជាតិចិន
២នាក់ប្ដីប្រពន្ធគឺធ្វើដំណើរក្នុងគោលដៅផ្ទុយគ្នា ជាមួយជនរងគ្រោះដែលជិះម៉ូតូ ។ លោកអធិការបានបញ្ជាក់ថា បើតាមការពិនិត្យស្លាកស្នាមកន្លែងកើតហេតុ គឺភាគីរថយន្តបានបើកឆ្លងហួសគំនូសទ្រូងថ្នល់ ជ្រុលទៅបុកអ្នកជិះម៉ូតូ ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនអ្នកបើកបររថយន្តដែលជាជនជាតិចិននោះហើយ។ ពេលនេះ ទាំងអ្នកបើកបររថយន្តបង្កទាំងរថយន្តកំពុងឃាត់នៅអធិការស្រុកកំរៀង និងកំពុងដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះនៅឡើយ ។
គួររំលឹកថា ក្មេងប្រុសជំទង់ចំនួន២នាក់ ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿង ដែលបើកបរដោយជនជាតិចិនបុកស្លាប់កាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី៣០ ធ្នូ ស្ថិតនៅលើដងផ្លូវ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខណៈកំពុងជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នា។
ជនរងគ្រោះទាំង២នាក់នោះ ម្នាក់ឈ្មោះដាវ ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោល ប៉ូលីន ភេទប្រុស អាយុ១៥ឆ្នាំ ពួកគេជាកម្មករផ្សារដែក និងរស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ប៉ៃលិន1B-3337 ។ ដោយឡែក ជនជាតិដែលបើករថយន្តបុកពលរដ្ឋខ្មែរស្លាប់នេះ គេមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ តែត្រូវកម្លាំងនគរបាលស្រុកកំរៀងឃាត់ខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់។ សមត្ថកិច្ចបានប្រាប់ថា ជនជាតិចិនបើករថយន្តសេរីទំនើបម៉ាក់ PORSCHE ពណ៍សពាក់ស្លាកលេខ2AJ-7162។
បើតាមប្រភពបានឲ្យដឹងថា រថយន្តស៊េរីទំនើបបង្ក គ្រោះថ្នាក់នោះបើកបរដោយជនជាតិចិន និងមានស្ត្រីម្នាក់រួមដំណើរផង ដែលទំនងជាភរិយាបុរសជនជាតិចិននោះ ។ ប្រភពដដែលបានបន្តទៀតថា ពេលបង្កគ្រោះថ្នាក់ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានឃាត់ខ្លួនបុរសជនជាតិចិននោះភ្លាមៗដែរ ខណ:អ្នកជិះម៉ូតូម្នាក់បានស្លាប់នៅកន្លែងកើតហេតុ រីឯម្នាក់ទៀតរបួសធ្ងន់ត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ តែបន្តិចក្រោយមកជនរងគ្រោះបានស្លាប់ទាំង២នាក់តែម្ដង ។
ចែករំលែកព័តមាននេះ