រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា៣ពាន់លានដុល្លារអាមេរិកដើម្បីអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩-២០២១នៃគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ដើម្បីជំរុញប្រជាជនខ្មែរម្នាក់ៗ ឲ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងកាលពីថ្ងៃទី២៥ ធ្នូកន្លងមកថា ថវិកាប្រមាណ៣ពាន់លានដុលារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។
លោកទេសរដ្ឋមន្ត្រីបន្តថា ៖« ការចំណាយថវិកាជាតិសរុបនៅក្នុងដំណាក់កាលទី២ គឺកើនឡើង បើធៀបនឹងដំណាក់កាលទី១ ដែលការបង្កើននេះគឺរាជរដ្ឋាភិបាលមានមហិច្ឆតា ដើម្បីលើកកម្ពស់គុណភាពជីវភាពប្រជាជនកម្ពុជាឲ្យមានជំនាញ មានធនធាន មានមុខរបរការងារ ដែលអាចធានាឲ្យប្រជាជនខ្មែរម្នាក់ៗរកចំណូលជាង៣.០០០ដុល្លារអាមេរិកនៅឆ្នាំ២០៣០ »។
លោករដ្ឋមន្ត្រីក្រសួងផែនការ បានបន្តថា ដើម្បីអនុវត្តផែនការសកម្មភាពនេះបានជោគជ័យ ក្រសួង ផែនការបានស្នើឲ្យបណ្តាក្រសួងទាំងអស់ បញ្ជូនផែនការសកម្មភាពរបស់ខ្លួនដាក់ចូលមកក្រសួង ផែនការ ដើម្បីដាក់បញ្ចូលក្នុងតារាងម៉ាទ្រីសរួមមួយរបស់ជាតិ ។
លោកបន្ថែមថា នៅក្នុងអំឡុងពេលនេះ ក្រសួងផែនការបានប្រមូលធាតុចេញបានចំនួន១៣៦ និងមានសកម្មភាពសរុបចំនួន២៣២ ដែលប្រមូលបានមកពីក្រសួងចំនួន២២ ហើយត្រូវដាក់បញ្ចូលនៅក្នុងតារាងម៉ាទ្រីស នៃផែនការសកម្មភាពឆ្នាំ២០១៩-២០២១ ដើម្បីឈានទៅរកការអនុវត្តចាប់ពីឆ្នាំ២០១៩ខាងមុខនេះ ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការចំណាយរបស់រាជរដ្ឋាភិបាលបែបនេះ ជាសញ្ញាវិជ្ជមានថ្មីមួយ ដែលនេះមានន័យថារាជរដ្ឋាភិបាលត្រូវចំណាយ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ហេតុនេះ លោកគិតថា ការចំណាយនេះ នឹងធ្វើឲ្យមានការប្រែប្រួលច្រើនលើសេដ្ឋកិច្ច សង្គមកម្ពុជា ។
លោកបណ្ឌិតបន្តថា អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ឋ លើកកម្ពស់វិស័យកសិកម្ម ពិសេសផលិតកម្មនិងសិប្បកម្មខ្នាតតូច នៅតាមមូលដ្ឋាន ដើម្បីពង្រីកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ។
លោកបណ្ឌិតថ្លែងថា ៖« ការបង្កើតឲ្យមានសិប្បកម្មតាមបែបភូមិ១ ផលិតផល១ នឹងធ្វើឲ្យប្រជាជនកាន់ តែមានប្រាក់ចំណូលកើនឡើង ប៉ុន្តែទាមទារឲ្យរាជរដ្ឋាភិបាលរកទីផ្សារឲ្យបានសម្រាប់ប្រជាពលរដ្ឋ »។ លោកបណ្ឌិតថា ៖« រដ្ឋាភិបាលថៃ ជំនាន់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ ស៊ីន បានអនុវត្តគោលនយោបាយផលិតផល១ តំបន់១ បានទទួលជោគជ័យ ហេតុនេះការបង្កើតឲ្យមានយន្តការបែបនេះបាននៅកម្ពុជា នឹងធ្វើឲ្យរាជរដ្ឋាភិបាលយើងទទួលបានជោគជ័យ »។
លោកបណ្ឌិត ហុង វណ្ណៈ បានបន្តថា ថៃបានចាប់យកទីផ្សារអឺរ៉ុប អាមេរិកសម្រាប់នាំចេញផលិតផលរបស់ខ្លួនទាំងសិប្បកម្ម បន្លែត្រីសាច់ ផ្លែឈើជាដើម ហេតុនេះការពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងប្រព័ន្ធសុខាភិបាល ពិតជាមានសារសំខាន់ណាស់ ដើម្បីកម្ពុជាឈានទៅដល់គោលដៅ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
គោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ បានកំណត់នូវវិស័យអាទិភាពចំនួន៤រួមមាន ៖ (១) ការអភិវឌ្ឍនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ។ (២) ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម។ (៣) ការពង្រីកវិស័យកសិកម្មពាក់ព័ន្ធ និង(៤) ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស ៕
ចែករំលែកព័តមាននេះ