ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​ជ្រាប​ទេ ? ខណ្ឌ​ទួ​ួ​ល​គោក​មាន​ផ្សារ​ប៉ុន្មាន ឈ្មោះ​ផ្សារ​អ្វីខ្លះ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈ្មោះ​ទួល​គោក​ជា​ខណ្ឌ​មួយ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ខណ្ឌ​មួយ​ស្ថិត​នៅ​កណ្តាល​រាជធានី ដែល​ជាទី​ប្រជុំជន​មួយ​មាន​ផ្សារ​រដ្ឋ ឯកជន​តូច​-​ធំ ប្រមាណ​ជាង​១០​ផ្សារ ។ លោក…

រាជធានី​ភ្នំពេញ ៖ ឈ្មោះ​ទួល​គោក​ជា​ខណ្ឌ​មួយ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ខណ្ឌ​មួយ​ស្ថិត​នៅ​កណ្តាល​រាជធានី ដែល​ជាទី​ប្រជុំជន​មួយ​មាន​ផ្សារ​រដ្ឋ ឯកជន​តូច​-​ធំ ប្រមាណ​ជាង​១០​ផ្សារ ។

លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ បានឱ្យ​ដឹង​ថា ខណ្ឌទួលគោក​មាន​ព្រំប្រទល់ ខាងកើត​ទល់​នឹង​វិ​ថី​នេ​រុ​ហ៍​ខណ្ឌ​៧​មក​រា និង​ផ្លូវ​លេខ​១៣២​ខណ្ឌដូនពេញ ។ ខាងជើង​ទល់​នឹង​ផ្លូវ​លេខ​២៧៣ និង​ផ្លូវ​លេខ​៣៥៥ ជាប់​ព្រំប្រទល់​ខណ្ឌឫស្សីកែវ ។ ខាងលិច​ទល់​ផ្លូវ​លេខ​៥៩៨ ខណ្ឌឫស្សីកែវ ផ្លូវ​លេខ​២៧១ ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ ។ ខាងត្បូង​ទល់​នឹង​វិ​ថី​ព្រះ​មុនី​រ៉េ​ត ខណ្ឌចំការមន ។ ខណ្ឌទួលគោក​មាន​ផ្ទៃដី​ទំហំ​៧,៩៨​គីឡូ​ម៉ែត្រការ៉េ ស្មើនឹង​១,១៧​ភាគរយ​នៃ​ផ្ទៃដី រាជធានី​ភ្នំពេញ ។ ខណ្ឌ​ចែង​ចែក​ជា​១០​សង្កាត់ ១៤៣​ភូមិ ៩៩​មណ្ឌល រដ្ឋបាល​៥៤២​ក្រុម មាន​ប្រជាពលរដ្ឋ សរុប​ចំនួន​១២៧.៥០៧​នាក់ មាន​ស្រី្ត​ចំនួន​៦៥.២៥១​នាក់ មាន​ដង់ស៊ីតេ​ប្រជាជន​១៥.៩៥៨​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ។

ខណ្ឌទួលគោក ជា​តំបន់​ពាណិជ្ជកម្ម សេវាកម្ម សិប្បកម្ម និង​ជា​តំបន់​ស្នាក់​នៅ​ផង​ដែរ ព្រមទាំង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន​២ គឺ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ និង​មជ្ឈមណ្ឌល​ទួល​គោក ។
លោក​អភិបាល​ខណ្ឌ បានឱ្យ​ដឹង​ទៀត​ថា ខណ្ឌទួលគោក​ជាទី​ប្រជុំជន​មាន​ផ្សារ​រដ្ឋ​សំខាន់​ៗ​ចំនួន​៤ គឺ​៖
១-​ផ្សារ​ទួល​គោក (​វិនិយោគ​ឱ្យ​ឯកជន​) ស្ថិត​នៅ​សង្កាត់​បឹង​កក់​ទី​២ មាន​ទំហំ​១១.៧០០​ម៉ែត្រការ៉េ មាន​ចំនួន​៥៧២​តូប​ស្តង់ ។ ២-​ផ្សារ​ដើម​គ​ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គ មាន​ទំហំ​១០.៤១២​ម៉ែត្រការ៉េ មាន​៨២៥​តូប​ស្តង់ ។ ៣-​ផ្សារ​ដេប៉ូ (​វិនិយោគឯកជន​) ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ មាន​ទំហំ​៩.៧៨១​ម៉ែត្រការ៉េ មាន​ចំនួន​៥៤០​តូប និង​ស្តង់​ធំ​ៗ ។ ៤-​ផ្សារ​សាមគ្គី ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ មាន​ទំហំ​៥.៥០៨​ម៉ែត្រការ៉េ មាន​ចំនួន​៦៤៨​តូប ស្តង់ ។

ក្រៅពី​ផ្សារ​សំខាន់​របស់​រដ្ឋ ធំ​ៗ​នោះ​នៅ​មាន​ផ្សារ​រដ្ឋ និង​ឯកជន​មួយ​ចំនួន​ទៀត ដូច​ជា​ផ្សារ​មាន់​អាំង​(​រដ្ឋ​) ផ្សារ​៧​មក​រា​(​រដ្ឋ​) ផ្សារ​នាគ​មាស​(​ឯកជន​) ផ្សារ​សំណង់​១២(​ឯកជន​),​ផ្សារ​T K (​ឯកជន​) ផ្សារ​ផ្លែ​ឈើ​អា​៥ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គ មាន​១១១​តូប ផ្សារ​បន្លែ​នៅ​សង្កាត់​ផ្សារ​ដើម​គមាន​៨១​តូប ព្រមទាំង​មាន​ផ្សារ​ឯកជន​តូច​ៗ ដែល​ជា​ផ្សារ​ហៅ​ថា​ម៉ាត ជា​ច្រើន​កន្លែង​ទៀត ។ មាន​ផ្សារ​ក្រ​មូ​ន ដូច​ជា​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ផ្សា​រញ៉ែ ។ ផ្សារ​នីមួយ​ៗ​ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធតែ​មាន​ប្រវត្តិ ដែល​ផ្សារ​ខ្លះ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដាក់​ឱ្យ និង​បាន​ហៅ​ត​ៗ​រហូត​មក​ដល់​បច្ចុប្បន្ន ។

លោក វ៉ា​ន់ សា​រ៉េ​ត ចៅសង្កាត់​បឹង​កក់​ទី​២ បានឱ្យ​ដឹង​ថា នៅ​ក្នុង​សង្កាត់​របស់​លោក​មាន​ផ្សារ​ចំនួន​៣ គី​ផ្សារ​ទួល​គោក ផ្សារ​មាន់​អាំង និង​ផ្សារ​៧​មក​រា ។

លោក​ចៅសង្កាត់​បានឱ្យ​ដឹង​ទៀត​ថា ផ្សារ​ទួល​គោក​ជា​ផ្សារ​ធំ​មួយ​របស់​រដ្ឋ​ដែល​មាន​តាំងពី​សង្គមចាស់​ហើយ​នៅ​កំឡុង​ឆ្នាំ​២០០០ រាជរដ្ឋាភិបាល​ក៏​បាន​វិនិយោគ​ផ្សារ​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​របស់​ចិន ហើយ​បន្ត​បើក​ផ្សារ​លក់ដូរ​រហូត​មក​ដល់​ពេល​នេះ ។ ចំណែក​ផ្សារ​៧​មក​រា ជា​ផ្សារ​រដ្ឋ​ដែល​ស្ថិត​នៅ​លើ​ដី​ចំនួន​២​ឡូត៍ មាន​ទំហំ​ប្រមាណ​៣០​ម៉ែត្រ​គុណ នឹង​៨០​ម៉ែត្រ ។ ផ្សារ​នេះ​បានក​កើតឡើង​តាំងពី​ឆ្នាំ​១៩៨០ គី​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​លក់ដូរ​រហូត​មក ។

ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​នាំ​គ្នា​លក់ដូរ អាជ្ញាធរ ដែល​កាលនោះ​ក៏​បាន​ដាក់​ឈ្មោះ​ថា ផ្សារ​៧​មក​រា ព្រោះ​កើតឡើង​ក្រោយ​ថ្ងៃ​៧​មក​រា ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ឱ្យឈ្មោះ​ថា ផ្សារ​៧​មក​រា​រហូត​មក ។ បច្ចុប្បន្ន​ទីតាំង​ដី​ផ្សារ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​លក់ដូរ ប្រមាណ​៣០​គ្រួសារ​រួម​ជាមួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត ដែល​មាន​ដី​នៅ​ក្បែរ​នោះ​ក៏​បាន​លក់ដូរ ក្លាយជា​ទីប្រជុំជន​មួយ ។

ដោយឡែក​ផ្សារ​មាន់​អាំង ត្រូវ​បាន​លោក ចៅសង្កាត់​ឱ្យ​ដឹង​ថា ជា​ឈ្មោះ​ផ្សារ​មួយ​ដែល​កើត​ចេញពី​ការ​លក់ដូរ​ទៅ​តាម​ដងផ្លូវ តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ។ បន្ទាប់​ពី​ថ្ងៃ​រំដោះ ៧​មក​រា នៅ​កំឡុង​ឆ្នាំ​១៩៨៣ ប្រជាពលរដ្ឋ ក៏​បាន​នាំ​គ្នា​បន្ត​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​៣១៥ ហើយ​អាជ្ញាធរ​សង្កាត់​ក៏​បាន​រៀបចំ​សណ្តាប់ធ្នាប់ ហើយ​ក៏​បានឱ្យ​ពួក​គាត់​ទៅ​លក់ដូរ​លើ​ដី​របស់​ចៅសង្កាត់​ដែល​បាន​ថែរក្សា ចំនួន​២​ឡូត៍ ដែល​មួយ​ឡូត៍​មាន​ទំហំ​៤០​ម៉ែត្រ​គុណ​៦០​ម៉ែត្រ ។ នៅ​ឆ្នាំ​១៩៨៧ នៅ​ពេល​ដែល​លោក​ទៅ​ក​៥ ត្រូវ​បាន​រដ្ឋ​ដាក់​បញ្ចូល​ដី​នោះ ក្នុង​អាំង​វង់​ទែ​របស់​រដ្ឋ ហើយ​ដី​នោះ​ក៏​បាន​ក្លាយទៅជា​ផ្សារ​មាន់​អាំង​លក់ដូរ រហូត​មក​ដល់បច្ចុប្បន្ន ។

ដោយឡែក​ផ្សា​រញ៉ែ​វិញ បាន​កើតឡើង​តាំងពី​ឆ្នាំ​១៩៧៩ ដោយសារ​តែ​យោធា​នៅ​អគ្គ​បញ្ជាការដ្ឋាន​បាន​នាំ​គ្នា​ទៅ​ទិញ​បារី ផឹកស្រា និង​ទឹកត្នោតជូរ​ហើយ​អង្គុយ​ញ៉ែ​អ្នកលក់​ដូរ​លេង​យ៉ាង​រងុំ រហូត​ដល់​យប់​ជ្រៅ​ជា​រៀងរាល់ថ្ងៃ​យប់​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​ថា ផ្សា​រញ៉ែ ហើយ​ជាប់​ឈ្មោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។
ប្រវត្តិ​ផ្សា​រញ៉ែ​នេះ ក៏​ជា​ប្រវត្តិ​ស្នេហ៍​របស់​មន្ត្រី​យោធា​មួយ​ចំនួន​ផង​ដែរ ដែល​បាន​ទៅ​ផឹកស្រា​ញ៉ែ​អ្នកលក់​រហូត​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ពូន​ជា​កូន​ជា​ចៅ ។ នៅ​មាន​ផ្សារ​មួយ​ចំនួន​ទៀត សុទ្ធតែ​មាន​ប្រវត្តិ​របស់​ខ្លួន ដែល​កោះសន្តិភាព​ពុំ​បាន​លើកយក​មក​អត្ថាធិប្បាយ​ឱ្យ​បាន​អស់នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ