ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ត្រៀម​បន្ទប់ និង​តង់​ជា​ស្រេច​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ត្រៀម​បន្ទប់​ស្នាក់​នៅ​ជិត​៩.០០០​បន្ទប់ និង​តង់​ចំនួន​៣០០ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​បុណ្យ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩​ខាង​មុខ​នេះ ។ អភិបាលខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ត្រៀម​បន្ទប់​ស្នាក់​នៅ​ជិត​៩.០០០​បន្ទប់ និង​តង់​ចំនួន​៣០០ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​បុណ្យ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩​ខាង​មុខ​នេះ ។

អភិបាលខេត្ត​ព្រះ​សីហ​នុ លោក យន្ត មីន​មាន​ប្រសាសន៍​កាល​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ កន្លង​មក​ថា រដ្ឋបាល​ខេត្ត បាន​ត្រៀម​រៀបចំ​រួច​ជា​ស្រេច​នូវ​ព្រឹត្តិការណ៍​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៨-២០១៩ នៅ​ឆ្នេរ​ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​រៀបចំ​នូវ​ព្រឹត្តិការណ៍​ជា​ច្រើន ដូច​ជា ការ​ប្រគំ​តន្ត្រី​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ឆ្នេរ​ឯករាជ្យ ដែល​មាន​តារា​ល្បី​ៗ​នៅ​កម្ពុជា ចូលរួម​សម្ដែង​ផង​ដែរ ។

លោក​អភិបាលខេត្ត បាន​បន្ដ​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ត្រៀម​បន្ទប់​ស្នាក់​នៅ​ជិត ៩.០០០​បន្ទប់ ក្រៅពី​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់ រដ្ឋបាល​ខេត្ត ក៏​បាន​ត្រៀម​រៀបចំ​តង់​ស្នាក់​នៅ​ចំនួន​៣០០​បន្ថែម​ទៀត នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល (​ឆ្នេរ​អា​រី​ស្តុ​ន​) ចំពោះ​តង់​នីមួយ​មាន​តម្លៃ​ចាប់ពី​១៥ សម្រាប់​មនុស្ស​២​នាក់​។ ចំណែក​២០​ដុល្លា​អា​មេ​រិ​ក សម្រាប់​មនុស្ស​៤​នាក់ និង​មាន​រៀបចំ​ភ្លើង​បំភ្លឺ​ពេល​យប់ បង្គន់​អនាម័យ​ចល័ត​ចំនួន​៤០ បន្ទប់​សម្រាប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ភ្ញៀវ និង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ​ប្រកបដោយ​ផាសុកភាព​ថែម​ទៀត ។

ទន្ទឹម​នោះ រដ្ឋបាល​ខេត្ត សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះ​សីហ​នុ បាន​រៀបចំ​ស្តង់​ពិព័រណ៍​ចំនួន​២៥០​ស្តង់ ដាក់​បង្ហាញ​នូវ​ផលិតផល​ខ្មែរ ដើម្បី​ត្រៀម​រៀបចំ​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨-២០១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា វា​ជា​រឿង​ល្អ​ប្រសើរ ដើម្បី​បញ្ចប់​មន្ទិល​ទាក់ទង​នឹង​តម្លៃ​និង​កង្វះខាត​បន្ទប់​ស្នាក់​នៅ​របស់​ភ្ញៀវ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត អាជ្ញាធរ​ខេត្ត​ត្រូវធ្វើ​ការងារ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ ពិសេស​រៀបចំ​សេវាកម្ម​ស្នាក់​នៅ ជាមួយនឹង​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ អាច​ទទួលយក​បាន ។ លោក​បន្ត​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​នៅ​ក្រុងព្រះសីហនុ នឹង​កើនឡើង​វិញ​នា​ពេល​អនាគត ខណៈ​ទីក្រុង​នេះ​នៅ​តែ​មាន​ភាព​ទាក់ទាញ »​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង កាលពី​ពាក់កណ្តាល​ខែធ្នូ កន្លង​មក​ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ពង្រឹង​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស​រៀបចំ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បញ្ជៀ​សការ​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ