រាជធានីភ្នំពេញ ៖ នេះគឺជាលើកទី១ហើយដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរស់នៅជនបទ សាងសង់លំនៅឋានឲ្យបានរឹងមាំ ដើម្បីបន្សាំុនឹងការប្រែប្រួលអាកាសធាតុ ។
យោងតាមក្រសួងដែនដី បានចេញគោលការណ៍៩ចំណុចសម្រាប់ការសង់លំនៅឋានដើម្បីបន្សាំុនឹងការប្រែប្រួលអាកាសធាតុ ស្របពេលបច្ចុប្បន្ន ការគំរាមកំហែងពីអាកាសធាតុកាន់តែធ្ងន់ធ្ងរដូចជា ខ្យល់កន្ត្រាក់ និងព្យុះបោកបក់កើនមានឡើងនៅព្រះរាជាណាចក្រកម្ពុជាជាហូរហែ ដែលគួរឲ្យព្រួយបារម្ភ ។
ក្រសួងបានឲ្យដឹងថា ៖« ប្រជាពលរដ្ឋ ដែលរស់នៅតាមជនបទត្រូវអនុវត្តនូវគោល ការណ៍សំខាន់ៗចំនួន៩ចំណុច ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការពារបានគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងជាយថហេតុ ។
យោងតាមគោលការណ៍ណែនាំស្តីពី លំនៅដ្ឋានធន់ឬបន្សាំុនិងខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់សម្រាប់លំនៅឋានបែបរចនាបទខ្មែរ ដែលក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់ផ្សព្វផ្សាយនៅទំព័រហ្វេសប៊ុនរបស់នាថ្ងៃទី២០ ខែធ្នូ កន្លងមក បានឲ្យដឹងថា គោលការណ៍៩ចំណុចស្តីពីការសាងសង់នេះ រួមមាន (១)ការពង្រឹងគ្រឹះក្នុងដី, (២)ការពង្រឹងជើងតាង កសសរ និងសសរ, (៣) ការពង្រឹងកម្រាលជាមួយនឹងគ្រឿងបង្គុំកម្រាល, (៤) ការពង្រឹងជញ្ជាំងជាមួយនឹងគ្រឿងបង្គុំជញ្ជាំង, (៥) ពង្រឹងដំបូលជាមួយនឹងគ្រឿងបង្គុំដំបូល, (៦) សម្ភារដែលត្រូវជ្រើសរើសយកមកសាងសង់, (៧) សិក្សាពីទិសខ្យល់ ឬចរន្តខ្សល់ចេញចូលក្នុងផ្ទះ និងតួផ្ទះ ,(៨) ការដាំដើមឈើ កម្ពស់ដើមឈើ និងគម្លាតពីដើមឈើមកតួផ្ទះ និងទិសខ្យល់ ល្បឿនខ្យល់ច្បាស់លាស់ និង(៩) ស្ថានភាពទឹកជំនន់ និងបរិស្ថានជុំវិញ ។
ការជំរុញឲ្យមានការសាងសង់លំនៅឋានតាមគោលការណ៍ក្រសួងនាពេលនេះ បានធ្វើឡើង ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានជួបបញ្ហាការប្រែប្រួលអាកាសធាតុជាប់ៗគ្នា ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ដែលបណ្តាលឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន បានបាក់ដួលរំលំជាច្រើនខ្នង បង្កឲ្យមានអ្នកស្លាប់ និងរបួស ដោយសារផ្ទះទាំងនោះ មិនបានសាងសង់តតាមគោលការណ៍បទដ្ឋានស្តង់ដាបច្ចេសត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ