ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! បច្ចុប្បន្ន​កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​ចន្លោះ​ប៉ុន្មានទៅប៉ុន្មាន​​ម៉ឺនខ្នង?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​កំណើន​អ្នក​រៀប​ការ​ថ្មីថ្មោង​កាន់តែ​ច្រើន បាន​ធ្វើ​ឲ្យ​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ តាម​ការ​វាយតម្លៃ​របស់​ភ្នាក់ងារ​អចលនទ្រព្យ តម្រូវការ​លំនៅ​ឋាន​ទូ​ទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ ៖ កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​កំណើន​អ្នក​រៀប​ការ​ថ្មីថ្មោង​កាន់តែ​ច្រើន បាន​ធ្វើ​ឲ្យ​តម្រូវការ​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ តាម​ការ​វាយតម្លៃ​របស់​ភ្នាក់ងារ​អចលនទ្រព្យ តម្រូវការ​លំនៅ​ឋាន​ទូ​ទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ មាន​រហូត​ដល់​ជិត​៨​ម៉ឺន​ខ្នង និង​ត្រូវ​ឲ្យ​មានការ​វិនិយោគ​បន្ថែម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ ។

លោក ច្រឹ​ក សុខ​នី​ម នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ Century 21 Mekong និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ទើប​ជាប់​ឆ្នោត បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ នៅ​មានការ​ខ្វះខាត​ច្រើន​ជា​ពិសេស នៅ​រាជធានី​ភ្នំពេញ ។ លោក​ថា ៖« បើ​តាម​ការ​ប៉ាន់ស្មាន​មើល លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង អាច​នៅ​ខ្វះ​ប្រហាក់​ប្រហែលជា​៧​ទៅ​៨​ម៉ឺន​ខ្នង​ទៀត ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ច្រើន​បន្ថែម»។

លោក​បន្ត​ថា គេ​អាច​ដឹង​បាន​ថា លំនៅ​ឋាន​ពិតជា​ត្រូវការ​ច្រើន តាម​រយៈ​ការ​បើក​លក់​គម្រោង​ថ្មី​ៗ​របស់​វិនិយោគិន ហើយ​ក៏​លក់​អស់​ភ្លាម​ៗ ដូចនេះ​វា​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា បើ​ទោះបីជា​មានការ​វិនិយោគ​បន្ថែម​ច្រើន​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មិន​ទាន់​ឆ្លើយ​តប នឹង​តម្រូវការ​ជាក់ស្ដែង​នៅឡើយ ។ តែ​យ៉ាងណា​ក៏​ដោយ នា​ពេល​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​លំនៅ​ឋាន ត្រូវ​បាន​ផ្លាស់​ប្តូរ​បន្តិច​ម្ដង​ៗ ដូច​ជា​ផ្លាស់​ប្តូរ​ពី​ការ​សាងសង់​ផ្ទះល្វែង មក​សាងសង់​ខុន​ដូ និង​អា​ផាត​ម៉ិ​ន​សម្រាប់​លក់ ឬ​ជួល​វិញ ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា មាន​ភាព​ស៊ី​វិ​ល័យ​ជាង​មុន ។

លោក​និយាយ​ថា ៖« ការ​សាងសង់​ខុន​ដូ និង​អា​ផាត​ម៉ិ​ន​នា​ពេល​នេះ មិនមែន​សម្រាប់​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ទេ តែ​គេ​សាងសង់​សម្រាប់​និន្នាការ​នៅ​រយៈពេល​៥​ទៅ ១០​ឆ្នាំ​ខាង​មុខ ដែល​យុវជន​នឹង​ងាក​ទៅ​រក​ការ​រស់នៅ​បែប​ទំនើប​បែប​នេះ » ។

លោក​បន្ថែម​ថា សម្រាប់​ទីក្រុង​ភ្នំពេញ នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​រីក​ចម្រើន​គ្រប់​ទិស​ទៅ​ហើយ ទៅ​លើ​ការ​អភិវឌ្ឍ​លំនៅ​ឋាន​ផ្គត់ផ្គង់​ឲ្យ​ស្រប​ទៅ​នឹង​កំណើន​របស់​ប្រជាពលរដ្ឋ និង​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី កើនឡើង​រីក​កាន់តែ​ធំ ។ ជាក់ស្ដែង ការ​អភិវឌ្ឍ​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​រីកសាយ​ខ្លាំង​ទៅ​ប៉ែក​ខាងកើត នៅ​ម្ដុំ​ផ្លូវជាតិ​លេខ​១ និង​តំបន់​មួយ​ចំនួន​ទៀត នៅ​ប៉ែក​ខាងលិច ដូច​ជា​នៅ​ក្រាំងធ្នង់ ដែល​កាលពីមុន​នោះ​តំបន់​នោះ គឺជា​វាលស្រែ និង​តំបន់​មិនសូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ ។

បើ​តាម​លោក ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រា​ជ្រាវ​នៃ​ក្រុមហ៊ុន VTrust Appraisal បាន​ឲ្យ​ដឹង​ថា តាម​ការ​ព្យាករ​ថា ការ​ផ្គត់ផ្គង់​អា​ផាត​ម៉ិ​ន​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ មាន​កំណើន​ប្រចាំឆ្នាំ ប្រមាណ​១០% ហើយ​បើ​គិត​ជា​យូ​នី​ត​វិញ ជា​មធ្យម​នឹង​កើនឡើង​ប្រមាណ​១.៥៨០​យូ​នី​ត​ក្នុង​មួយ​ឆ្នាំ​ៗ គឺ​កើន​ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៣០ ។

​លោក​ថា ៖« សម្រាប់​រាជធានី​ភ្នំពេញ ដែល​មាន​សកម្មភាព​ផ្គត់ផ្គង់​លំនៅ​ឋាន​ច្រើន​ជាងគេ ត្រូវ​បាន​គេ​មើល ឃើញ​ថា ខណ្ឌចំការមន​មាន​ចំនួន​ផ្គត់ផ្គង់​អា​ផាត​ម៉ិ​ន​ច្រើន​ជាងគេ​ដែរ ដែល​មាន​រហូត​ដល់​២៣០​គម្រោង ឬ​ស្មើនឹង​៥.៨២០​យូ​នី​ត ដែល​ស្មើនឹង​ប្រមាណ​៦៤%​នៃ​ចំណែក​ទីផ្សារ​ទាំងមូល » ។

លោក ពីង សេរី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Angkor Real Estate បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ពេល​តម្រូវការ​លំនៅ​ឋាន​នៅ​កម្ពុជា ជា​ពិសេស​ភ្នំពេញ កំពុង​តែ​កើនឡើង​នោះ អ្នក​អភិវឌ្ឍន៍​ជំនាន់​ក្រោយ​ៗ គួរតែ​គិតគូរ​អភិវឌ្ឍន៍​លំនៅ​ឋាន​បែប​ណា​ដែល​ទំនើប និង​ស៊ី​វិ​ល័យ ជា​ពិសេស​ការ​សាងសង់​អា​ផាត​ម៉ិ​ន​ជាដើម ។

លោក​ថា ៖« អ្នក​អភិវឌ្ឍន៍​អា​ផាត​ម៉ិ​ន​ជំនាន់​ក្រោយ​គួរតែ​មានការ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់ ដូច​ជា​សង់​ចំណត​យានយន្ត​ឲ្យ​បាន​ច្រើន និង​ទូលាយ​ជា​មុន ដើម្បី​ងាយស្រួល​ឲ្យ​អ្នក​រស់នៅ​ចេញចូល និង​មាន​ចំណត​ត្រឹមត្រូវ ព្រោះថា​បច្ចុប្បន្ន​នេះ អា​ផាត​ម៉ិ​ន​មួយ​ចំនួន មិន​មាន​ចំណត​ត្រឹមត្រូវ ហើយ​ការ​កង្វះ​ចំណត​នេះ ក៏​កំពុង​ចោទ​ជា​បញ្ហា​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ