ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​វិមាន​ឈ្នះ​- ឈ្នះ ជា​កេរ្តិ៍​របស់ CPP​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បានដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​វិមាន​ឈ្នះ​-​ឈ្នះ ជា​កេរ្តិ៍​ដំណែល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​ពី​ស្នាដៃ​ដឹកនាំ​កសាង​មាតុភូមិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពី​បា​តុ​ដៃទទេ ។ លោក សុខ…

រាជធានី​ភ្នំពេញ ៖ សំណង់​វិមាន​ឈ្នះ​-​ឈ្នះ ជា​កេរ្តិ៍​ដំណែល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង​ពី​ស្នាដៃ​ដឹកនាំ​កសាង​មាតុភូមិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពី​បា​តុ​ដៃទទេ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា នយោបាយ​ឈ្នះ​-​ឈ្នះ បាន​កសាង​ឡើង​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​មាគ៌ា​ឆ្ពោះទៅ​រក​សន្តិភាព​សម្រាប់​ប្រជាជន​កម្ពុជា​និង​មាតុភូមិ​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​រាប់រយ​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ។ លោក​បន្ត​ថា​ដោយសារ​កម្ពុជា​បាន​ឆ្លងកាត់​របត់​នយោបាយ​ដ៏​ជូរ​ចត់​រង​ទុក្ខវេទនា​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​បរទេស​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជា​៣​លាន​នាក់​ត្រូវ​ស្លាប់​យ៉ាង​អយុត្តិធម៌ ឆ្លងកាត់​សង្គ្រាម​ផ្ទៃក្នុង​ប្រមាណ​១០​ឆ្នាំ ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខវេទនា​រក​អនាគត​ភ្លឺស្វាង​មិនឃើញ ។

តែ​ដោយសារ​នយោបាយ ឈ្នះ​-​ឈ្នះ ទើប​កម្ពុជា​ស្វែង​រកបាន​សន្តិភាព​ពេញលេញ​នាំ​មក​នូវ​សករាជ​ថ្មី​សម្រាប់​កម្ពុជា​ក្នុង​ការ​មានឱកាស​កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​រីក​ចម្រើន​សម្បូរ​រុងរឿង​ដូច​សព្វថ្ងៃ និង​ទៅ​អនាគត ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ថា​«​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​សូម​ស្វាគមន៍ និង​អបអរសាទរ​ការ​កកើត​ឡើង​នូវ​វិមាន​ឈ្នះ​-​ឈ្នះ​ដ៏​ធំ​ស្កឹមស្កៃ​នេះ ដើម្បី​ទុកជា​កេរ្តិ៍​មរតក​សម្រាប់​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​ជំនាន់​នេះ និង​តទៅ​ជំនាន់​ក្រោយ​ៗ​ទៀត​ក្នុង​ការ​បន្ត​ការពារ និង​ពង្រឹង​សន្តិភាព​ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​តរៀង​ទៅ​យូរអង្វែង​»​។ លោក​ក៏​បាន​ឆ្លើយ​តប​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​រិះគន់​រាជរដ្ឋាភិបាល​ក្នុង​ការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​យ៉ាង​ដូច្នោះ ទន្ទឹម​នឹង​អត្ថន័យ​ដ៏​ល្អ​ខាងលើ​នេះ​ក៏​មាន​ជន​អគតិ​មួយ​ចំនួន​តូច​រួម​មាន​លោកសង្ឃ​អត់​សីល និង​អ្នក​សារព័ត៌មាន​ខ្វះ​វិជ្ជាជីវៈ​បាន​និយាយ​បរិហារ​លើ​វិមាន​ឈ្នះ​-​ឈ្នះ​ដោយ​ប្រការ​ផ្ទុយ​ពី​ខ្លឹមសារ​ពិត​នៃ​នយោបាយ​ឈ្ន​-​ឈ្នះ ។ រាល់​ការ​មាន​មតិយោបល់​របស់​ពួក​អគតិ​ទាំងនេះ​អត់​បានការ និង​គ្មាន​ន័យ​សម្រាប់​ប្រជាជន​កម្ពុជា​សោះឡើយ ។

លោក​បន្ថែម​ថា ទោះជា​យ៉ាងណា ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រទេស​ជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​នៅ​តែ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខជា​និច្ច ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​ក្នុង​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ដ៏​ពេញលេញ​របស់​ខ្លួន ។

បើ​តាម​ការ​ឲ្យ​ពី​សម្តេច ពិជ័យ​សេនា​ទៀ បាញ់ ឧ​បក​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ធ្លាប់​ឲ្យ​ដឹង​ថា វិមាន​ឈ្នះ​-​ឈ្នះ គឺជា​កន្លែង​សម្រាប់​តម្កល់​ស្នាដៃ​ដោយ​មាន​ឆ្លាក់​ជា​អក្សរ រូបភាព នៃ​កម្ម​ភាព​រំដោះជាតិ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ។ ជាង​នេះ​វិមាន​ឈ្នះ​-​ឈ្នះ ក៏​នឹង​ដាក់​តម្កល់​សៀវភៅ​«​វិមាន​ឈ្នះ​-​ឈ្នះ​» ដែល​ចងក្រង​អំពី​វិមាន​ឈ្នះ -​ឈ្នះ ដែល​ខ្លឹមសារ​ក្នុង​សៀ​ភៅ​បាន​រាប់​ពី​ប្រ​វត្ត​តស៊ូ រំដោះជាតិ​មាតុភូមិ​កម្ពុជា​ផង​ដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ពិធី​សម្ភោ​ធ​វិមាន​ឈ្នះ​-​ឈ្នះ រយៈពេល​បី​យប់​បី​ថ្ងៃ ។ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​វិមាន ឈ្នះ ឈ្នះ​នេះ មានការ​រៀបចំ​ក្បួន​ជា​ផែន​ឈរ​របស់​យោធា​ចំនួន​៥៤​ផែន មាន​កម្លាំង​កងទ័ព​ចំនួន​៦.៩៨២​នាក់ ផែន​មន្ត្រីរាជការ និស្សិត ការ​ឬ​ទ្ធិ យុវជន​កាកបាទក្រហម និង​មហាជន ជាង​៥០០​នាក់ ដែល​ផែន​ទ័ព​ត្រូវ​ឈរ​ទាំងអស់ រីឯ​មហាជន គឺ​អង្គុយ​កៅអី ។

សម្រាប់​ពិធី​សម្ពោធ​រយៈពេល​៣​ថ្ងៃ​នោះ​មាន​អុជ​កាំ​ជ្រូ​ចបែប​ថ្មី​៣D​រយៈពេល​៣​ថ្ងៃ​សរុប​ចំនួន​២​ម៉ោង​និង​១៥​នាទី គឺ​នៅ​ថ្ងៃ​ទី​២៩ បាញ់​នៅ​វេលា​ម៉ោង​១៩​មាន​រយៈពេល​៤៥​នាទី នៅ​ថ្ងៃ​ទី​៣០ បាញ់​នៅ​វេលា​ម៉ោង​១៩ មាន​រយៈពេល​៣០​នាទី និង​ថ្ងៃ​ទី​៣១ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​ផង​នោះ ត្រូវ​អុជ​កាំ​ជ្រូ​ច នៅ​វេលា​ម៉ោង​១២​យប់ មាន​រយៈពេល​១​ម៉ោង​តែ​ម្តង ។ របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា វិមាន​ឈ្នះ ឈ្នះ ជា​សំណង់​និមិត្ត​រូបតំណាង​ឲ្យ​វីរភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​ហ៊ាន​លះបង់​ជីវិត​គ្រប់​បែប​យ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ