ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផល​នេសាទ​ពី​កម្ពុជា​ឆ្នាំ​នេះ​ស្ថិត​ក្នុង​សភាព​ទ្រឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា កម្ពុជា​អាច​មាន​លទ្ធភាព​នាំ​ចេញ​ផល​នេសាទ​(​ត្រី​)​ចន្លោះ​ពី​៦​ពាន់​ទៅ​៧​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​មុន​ដែរ ។ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា កម្ពុជា​អាច​មាន​លទ្ធភាព​នាំ​ចេញ​ផល​នេសាទ​(​ត្រី​)​ចន្លោះ​ពី​៦​ពាន់​ទៅ​៧​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​នឹង​ឆ្នាំ​មុន​ដែរ ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក អគ្គនាយកដ្ឋាន​ជលផល នៃ​ស​ក្រសួងកសិកម្ម លោក អេ​ង ជា​សាន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ​កន្លង​មក​ថា ការ​នាំ​ចេញ​ត្រី​ពី​កម្ពុជា​អាច​ស្ថិត​ក្នុង​សភាព​ទ្រឹង តែ​កម្ពុជា​បាន​នាំ​ចូល​ត្រី​មក​ពី​ក្រៅប្រទេស​មាន​កំណើន​ជាង​ការ​នា​ចេញ ដោយ​នាំ​ចូល​ត្រី​ប្រមាណ​១​ម៉ឺន​តោន ។
លោក​បន្ត​ថា ៖« ការណ៍​ដែល​កម្ពុជា​មិន​មាន​កំណើន​ឡើង​នៃ​ការ​នាំ​ចេញ និង​មាន​តម្រូវការ​នាំ​ចូល​ខ្លះ​នោះ គឺ​ដោយសារ​ចំនួន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មានការ​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវ​សាច់​ត្រី​ច្រើន »​។ លោក អេ​ង ជា​សាន បញ្ជាក់​ថា រាល់​ផល​ត្រី​ដែល​កម្ពុជា​បាន​បើក​ឲ្យ​មានការ​នាំ​ចេញ​និង​នាំ​ចូល​នេះ គឺជា​ប្រភេទ​ត្រី​ដែល​បណ្តា​ប្រទេស​នីមួយ​ៗ មិន​មានពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រី​មិន​មាននៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ។

ដើម្បី​បង្កើន​ការ​ផលិតផល​ត្រី​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក និង​បង្កើន​ការ​នាំ​ចេញ​ផង នោះ សហភាព​អឺរ៉ុប​ថ្មី​ៗ​នេះ​បាន​សម្រេចចិត្ត គ្រោង​ផ្តល់​ថវិកា​ជំនួយ​ប្រមាណ​៨៧​លាន​អឺ​រ៉ូ ដែល​ស្មើ​ប្រមាណ​១០០​លាន​ដុល្លា​អា​មេ​រិ​កមក​ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​អនុវត្ត​កម្មវិធី​ការ​គ្រប់គ្រង​ធនធាន​ជល ផល​នៅ​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ។

គម្រោង​ជំនួយ​នេះ ជា​ការ​រួមចំណែក ក៏​នឹង​ធានា​ការ​អភិរក្ស​ត្រី​ជិត​ផុត​ពូជ ជួយ​សហគមន៍​នេសាទ​បង្កើន​ជីវភាព​ក្នុង​ការ​ការពារ​ធនធាន ដើម្បី​ឲ្យ​មាន​និរន្តរភាព​ក្នុង​ការ​ប្រមូល​ផល និង​ផ្តល់​ការ​កែ​ច្នៃ​ត្រី​រក្សា​ទុក​បាន​យូរ និង​ជំរុញ​កែ​ច្នៃ​ផល​ត្រី​ឲ្យ​មានគុណ​ភាព និង​អនាម័យ ។

បើ​តាម​លោក អេ​ង ជា​សាន គម្រោង​នេះ អាច​នឹង​ចាប់​ផ្ដល់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​ខាង​មុខ​ដោយសារ​តែ​ទឹកប្រាក់​មិន​ទាន់​ធ្លាក់​មក ដូចនេះ​វា​អាច​ពន្យារពេល​ប្រមាណ​កន្លះ​ឆ្នាំ​ទៀត ។ លោក​ថ្លែង​ថា ៖« ហិរញ្ញប្បទាន​នេះ នឹង​ត្រូវ​បែងចែក​ទៅ​តាម​សហគមន៍​នានា ទូ​ទាំង​ប្រទេស ដើម្បី​អភិរក្ស ថែរក្សា និង​ផ្សព្វផ្សាយ​ពី​វិស័យ​ជល​នៅ​កម្ពុជា ហើយ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​កំណើន​ជលផល​ទាំង​ទឹកសាប និង​ទឹកប្រៃ »​។

ទោះបី​យ៉ាងណា លោក​បញ្ជាក់​ថា សម្រាប់​តំបន់​ណា ខេត្ត​ណា​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពី​ហិរញ្ញប្បទាន​របស់​សហភាព​អឺរ៉ុប មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ពេល​នេះ​ក្រុមការងារ​កំពុង​រៀបចំ​ធ្វើ​កិច្ចការ​នេះ តែ​យ៉ាងណា​ក៏​ដោយ​ក្រសួង​នឹង​បែងចែក​ឲ្យ​មាន​តម្លាភាព​បំផុត​ដើម្បី​ប្រយោជន៍​ដល់​វិស័យ​ជលផល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ