ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត បាន​សិក្សា​រួចរាល់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុង​បា​វិត ដែល​គ្រោង​ចំណាយ​ថវិកា​រហូត​ដល់​៣.៨០០​លាន​ដុល្លារ​នោះ បាន​បញ្ចប់​ការ​សិក្សា​ទាំងស្រុង​ហើយ ប៉ុន្តែ​ការ​សាងសង់​នៅ​ពេល​ណា មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។…

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុង​បា​វិត ដែល​គ្រោង​ចំណាយ​ថវិកា​រហូត​ដល់​៣.៨០០​លាន​ដុល្លារ​នោះ បាន​បញ្ចប់​ការ​សិក្សា​ទាំងស្រុង​ហើយ ប៉ុន្តែ​ការ​សាងសង់​នៅ​ពេល​ណា មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហើប​អំពី​ព័ត៌មាន​នេះ​ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ កន្លង​មកនេះ ។

អ្នកនាំពាក្យ​ក្រសួង​ដដែល​នេះ គឺ​លោក​វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ ម្សិលមិញ គម្រោង​នេះ​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ដែល​ជា​គម្រោង​មួយ​មាន​តម្លៃ​ថ្លៃ​ខ្ពស់ ហើយ​ក្រសួង​បាន​ស្នើ​ឲ្យ​JICA ជួយ​សិក្សា​ជា​ថ្មី ដើម្បី​បន្ថយ​តម្លៃ​លើ​ការ​សាងសង់​ផ្លូវ​នេះ ។

លោក​បន្ត​ថា មាន​ក្រុមហ៊ុន​ជា​ច្រើន ហើយ​ក្រសួង​បាន​អញ្ជើញ​ប្រទេស​ជា​ច្រើន​សិក្សា​ពី​ផ្លូវ​នេះ ដើម្បី​មាន​ជម្រើស​ផ្សេង​ៗ​គ្នា មុន​សម្រេចចិត្ត​សាងសង់ ។ លោក​លើក​ឡើង​ថា ៖« មូលហេតុ​ដែល​ផ្លូវ​នេះ​ត្រូវ​ចំណាយ​ច្រើន ដោយសារ​ត្រូវ​សាងសង់​ស្ពាន​មាន​ប្រវែង​រហូត​ដល់​១០​គីឡូម៉ែត្រ ឆ្លងកាត់​ផ្ទៃ​បឹង​នៅ​ស្រុក​ល្វាឯម ព្រោះ​ផ្លូវ​នេះ​គ្រោង​សាងសង់​ចេញពី​ស្រុក​ល្វាឯម ឆ្លងកាត់​ខេត្តកណ្តាល ឆ្ពោះទៅ​កាន់​ខេត្តព្រៃវែង និង​ទៅ​កាន់​ក្រុង​បា​វិត​ខេត្តស្វាយរៀង​តែ​ម្ដង »​។ លោក​បន្ថែម​ថា ៖« បើ​តាម​ការ​សិក្សា​របស់ JICA ផ្លូវ​នេះ​ត្រូវ​ជួប​ប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​១ នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មុន​ឆ្ពោះទៅ​កាន់​ខេត្តស្វាយរៀង »​។
លោក វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​បន្ដ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​១៦០​គីឡូម៉ែត្រ ខ្លី​ជាង​ផ្លូវជាតិ​លេខ​១ ដែល​បច្ចុប្បន្ន​មាន​ប្រវែង​១៦៧​គីឡូម៉ែត្រ គិត​ពី​រាជធានី​ភ្នំពេញ ដល់​ក្រុង​បា​វិត​ព្រំប្រទល់​ប្រទេស​វៀតណាម ។

គួរ​កត់សម្គាល់​ផង​ដែរ នេះ​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​២​ហើយ​របស់​កម្ពុជា ខណៈ​ដែល​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ឆាប់​ៗ​ខាង​មុខ​នេះ ។
បើ​តាម​ការ​អះអាង​ពី​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​បើក​ការដ្ឋាន​សាង​សាង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​ចំណាយ​ប្រាក់​ទិញ​សម្ភារ និង​គ្រឿងចក្រ​គ្រប់​ប្រភេទ​អស់​ប្រហែល​១០០​លាន​ដុល្លារ​សម្រាប់​យក​មក​សាងសង់ ។

ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយហើយ ។ លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ