រាជធានីភ្នំពេញ ៖ លោក គាត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសឱ្យដឹងថា លោក ឈូក បណ្ឌិត មិនទាន់ត្រូវបានចាប់ខ្លួននោះទេ ។ ការប្រកាសរបស់អ្នកនាំពាក្យរូបនេះ បន្ទាប់ពីមានព័ត៌មានមិនច្បាស់ការណ៍ថា លោក ឈូក បណ្ឌិត ត្រូវបានចាប់ខ្លួននៅខេត្តរតនគិរី ។ តាមប្រភពដែលផ្សាយនោះប្រាប់ថា ទទួលបានពីមន្ត្រីតុលាការខេត្តស្វាយរៀង ប៉ុន្តែតាមការសាកសួរដេញដោលទៅព័ត៌មានពីការចាប់ខ្លួននោះ គឺមិនពិតទេ ។
អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀងសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ គិតពីថ្ងៃចាប់ខ្លួន តាមអំណាចសាលក្រមលេខ១០ ចុះថ្ងៃទី២៥ មិថុនា ២០១៣ ដែលបានចោទប្រកាន់តាមមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ពីបទបង្កឱ្យមានរបួសដោយអចេតនាកាលពីថ្ងៃទី២០ កុម្ភៈ ២០១២ ។
សាលាដំបូងខេត្តស្វាយរៀង ក៏បានសម្រេចផ្តន្ទាទោសលោក ឈូក បណ្ឌិត តាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌ ដោយតម្រូវឱ្យសងជំងឺចិត្តគិតជាទឹកប្រាក់២០លានរៀល ទៅឱ្យជនរងគ្រោះឈ្មោះ ប៊ុន ចិន្តា ១០លានរៀលទៅឱ្យជនរងគ្រោះឈ្មោះ នុត សាខន និងសងជំងឺចិត្តទៅឱ្យជនរងគ្រោះឈ្មោះ កែវ នា ចំនួន៨លាន
រៀល ។ សាលាដំបូងខេត្តស្វាយរៀង បានប្រកាសសាលក្រមខាងលើនេះ បន្ទាប់ពីបើកសវនាការលើសំណុំរឿងបាញ់កម្មការិនី៣នាក់ ឱ្យរងរបួសរយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មិថុនា ដោយមិនមានវត្តមានរបស់លោកឈូក បណ្ឌិត។
កាលពីដើមឆ្នាំ២០១៣ នេះ លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងដដែលនេះលើកលែងការចោទប្រកាន់ ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានបង្វិលសំណុំរឿងទៅកាន់សាលាដំបូងខេត្តស្វាយរៀងវិញនាដើមខែមីនា ដើម្បីបើកសវនាការលើករណីលោក ឈូក បណ្ឌិត ដែលត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាដោយការបាញ់កម្មការិនីទាំង៣នាក់ ៕
ចែករំលែកព័តមាននេះ