ខេត្តក្រចេះ ៖ ពលរដ្ឋអ្នកបង្កបង្កើនផលដំណាំដំឡូងមីនៅស្រុកចិត្របុរីចង់ឲ្យតម្លៃដំឡូង មីមានទីផ្សាខ្ពស់ជាងនេះបន្ថែមទៀតដោយពួកគាត់ថា តម្លៃដំឡូងមីស្រស់១គីឡូ៣៥០រៀល ដែលពួកគាត់បានលក់ចេញសព្វថ្ងៃនេះមិនទាន់ឆ្លើយតបលើផលចំណេញជាដុំកំភួនសម្រាប់ ចំណូល គ្រួសារពួកគាត់ដែលបានមកពីដំណាំកសិកម្មមួយនេះនៅឡើយទេ ។
វិស័យដំឡូងមីកម្ពុជាកាន់តែរីកចម្រើន បន្ទាប់ពីមានដៃគូវិនិយោគ និងភាគីពាក់ព័ន្ធចូលរួមអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។ ក្នុងអំឡុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមីស្រស់បានឡើងថ្លៃរហូតដល់ទៅជិត៤០០រៀល ខណៈដែលឆ្នាំមុនៗមានតម្លៃ តែជាង១០០រៀល ក្នុង១គីឡូងក្រាមតែប៉ុណ្ណោះ ។ ពលរដ្ឋនៅខេត្តក្រចេះលើកឡើងថា តម្លៃដំឡូងមីបានហក់ឡើងវិញនៅលើទីផ្សារបន្ទាប់ ពីមានរោងចក្រកែច្នៃដំឡូងមីដ៏ធំមួយនៅក្រុងក្រចេះត្រូវបានចាប់ផ្តើមដំណើរការ ។ ទន្ទឹម និងតម្លៃទីផ្សាដំណាំដំឡូងមីបាន និងកំពុងតែហក់ឡើងបែបនេះបានធ្វើឲ្យពលរដ្ឋ នៅតំបន់នានាក្នុងខេត្តក្រចេះដែលកន្លងមកបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅតំបន់ផ្សេងៗ ត្រឡប់ចូលស្រុកម្នីម្នាក្នុងការដាំដំឡូងមីមិនទុកដីចម្ការរបស់ពួកគាត់ឲ្យនៅទំនេរចោលដូចឆ្នាំរាល់ដងទៀតនោះទេ ។
តែបើទោះបីជាដំណាំដំឡូងមីកំពុងតែមានទីផ្សារបែបនេះយ៉ាងណាក្តីក៏ពលរដ្ឋនៅស្រុកចិត្របុរី ចង់ឲ្យតម្លៃដំឡូងឡើងថ្លៃខ្ពស់ជាងនេះបន្តិចទៀត ដោយពួកគាត់លើកហេតុផលថា ការដាំដុះដំណាំនេះត្រូវប្រើទន់ច្រើនដូចជា ការទិញពូជការប្រើជី និងការថែទាំជាដើម មួយវិញទៀត ក៏ព្រោះតែរដូវនេះដំណាំដំឡូងប្រឈម និងជម្ងឺប្រភេទ (ក្រិងស៊ី) ។
ពួកគាត់បានប្រៀបធៀបថា កាលពីពីរបីឆ្នាំមុនតម្លៃដំឡូងបានធ្លាក់ចុះស្ទើហៅមិនលឺ គឺ១គីឡូបានត្រឹមតែជាង១០០រៀលតែប៉ុណ្ណោះ ។ ការធ្លាក់ចុះនេះធ្វើឲ្យពួកគាត់ដែលធ្លាប់ចាប់ របរដាំដំឡូងក៏ធ្លាក់ទឹកចិត្តជាមួយ និងការខាតបង់លើវិស័យនេះមិនហ៊ានដាំដុះបន្តទៀតនោះទេ។ តែក្រោយពីតម្លៃបានហក់ឡើងវិញពួកគាត់បានខិតខំប្រឹងប្រែងលើករងពូនថ្នាលសម្រាប់ដាំដុះរហូត ទទួលផល២ដងក្នុង១ឆ្នាំ ។
ពួកគាត់ថាក្នុងមួយថ្ងៃមួយថ្ងៃមានដំឡូងចំនួនរាប់រយតោនត្រូវបានពលរដ្ឋនៅក្នុងស្រុកចិត្របុរី បានគាស់ដឹកចេញពីចម្ការទៅមកលក់នៅតាមដេប៉ូ ។ ហើយតម្លៃដំឡូងដែលបានហក់ឡើងនេះវាបាន ជួយសម្រួលពីភាពខ្វះខាតលើជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត៕
ចែករំលែកព័តមាននេះ