អ្នកលេងភ្នែកនៅកញ្ចឹង.កឆ្ងល់ថា… ម្តេច​ប៉េអឹមមក​អត់​ប្រាប់


ខេត្តព្រៃវែង ៖ កំពុង​តែ​ហ៊ោសប្បាយ​កងរំពង​ព្រៃ ស្រាប់តែ​កម្លាំង​អាវុធហត្ថ​ ចុះ​ទៅ​ដល់​ធ្វើ​ឲ្យ​ក្រុម​អ្នក​វក់​នឹង​ល្បែង​បញ្ជល់មាន់​រាប់​សិប​នាក់ ផ្អើល​រត់​ចែក​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ដោយ​មិន​នឹក​ស្មានថា​ មាន​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​សោះ ព្រោះ​គេ​ប្រកាស​ថា​ កុំ​ភ័យ​ខ្លាច​បាន​ចរចា​រួច​អស់ហើយ ។

ប្រតិបត្តិការ​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ជល់មាន់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ នៅ​ភូមិ​គោក​ព្រាល ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ។ កម្លាំង​អាវុធហត្ថ​ដែល​ចុះ​បង្ក្រាបនេះ​ មាន​១២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ញ៉ែ​ម វី​រៈ​ជួប មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​​ខេត្ត ដោយ​ប្រើប្រាស់​រថយន្ត​១​គ្រឿង និង​ម៉ូតូ​៥​គ្រឿង​ជា​មធ្យោបាយ ។

លោក​វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិ បត្តិការ​នេះ ​កម្លាំង​អាវុធហត្ថ​ចាប់បាន​មាន់​ជល់​៤​ក្បាល មេអាប៉ោង​ចំនួន​៣ និង​ម៉ូតូ​អ្នក​ទៅ​លេង​បញ្ជល់ មាន់​ចំនួន​៣៩​គ្រឿង ។ វត្ថុ​តាង​ទាំង​អស់នេះ​ក្រោយ​ពី​ចាប់ ត្រូវ​បាន​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជ អាវុធ ហត្ថ​ខេត្ត​ដើម្បី​បំពេញ​នីតិវិធី ។

ដោយឡែក ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្មោង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទីតាំងសង្វៀន​បញ្ជល់​មាន់​នេះ​ គេ​បើក​លេង​តាំងពី​យូរ​ឡើង​ដុះ​ស្លែ​ទៅ​ហើយ ។ ចំណែក​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​វិញ កុំ​ថា​ឡើយ​ទៅ​ចាប់ ​សូ​ម្បី​តែ​ទៅ​ក្បែរ​ ​ក៏​មិន​ដែល​ទៅ​ដែរ ព្រោះ​ម្ចាស់​សង្វៀន​នេះ​គេ​បាន​សែន​ត្រូវ​អស់ហើយ ។

ការ​ចុះ​បង្ក្រាប​​ដោយ​មន្ត្រី​អាវុធហត្ថ​នា​ពេលនេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​ទាំងនោះ​​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​គ្រប់គ្នា​ឆ្ងល់​ជា​ខ្លាំង​ផង​ដែរ ហេតុ​អ្វី​មាន​កម្លាំង​អាវុធហត្ថ​ចុះ​ចាប់​…​? ក្រែង​ម្ចាស់​សង្វៀន​បាន​ដើរ​សែន​ត្រូវ​អស់ហើយ​តើ​…​?

ចំណែក​អ្នកខ្លះ​បាន​អះអាង​ថា បើ​សែន​ត្រូវ​ហើយ ​គេ​មិន​ដែល​ចុះ​ចាប់​ទេ មក​ពី​មិន​សែន​នាំ​គ្នា​លេង​លោត​ឆត្រ​… ​ថ្ងៃក្រោយ​បើ​មិន​រាង​ទេ សុំកុំ​រាង ! ​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ