ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​រ៉ូ​ម៉ា​នី​គ្រោង​តម្កល់​រូបសំណាក់​សម្តេចព្រះ​បរម​រតនៈ​កោដ្ឋ​នរោត្តម​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​រដ្ឋមន្ត្រី​ការ​បរទេស​រ៉ូ​ម៉ា​នី​បាន​ត្រៀម​រៀបចំ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សម្ពោធ​រូបសំណាក​ចំនួន​៤​ជា​កិត្តិយស​រំលឹក​ដល់​ស្ថាបនិក​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រ​ង់​កូ​ហ្វូ​នី (​ហៅ​កាត់​ថា IOF) ដែល​ក្នុង​ចំណោម​នោះ​មាន​រូបសំណាក់​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម​សីហ​នុ​របស់​កម្ពុជា នៅ​ក្នុង​បរិវេណ​នៃ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី ស្ថិត​ក្នុង​ទីក្រុង​ប៊ុ​យ​កា​រ៉េ​ស…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​រដ្ឋមន្ត្រី​ការ​បរទេស​រ៉ូ​ម៉ា​នី​បាន​ត្រៀម​រៀបចំ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សម្ពោធ​រូបសំណាក​ចំនួន​៤​ជា​កិត្តិយស​រំលឹក​ដល់​ស្ថាបនិក​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រ​ង់​កូ​ហ្វូ​នី (​ហៅ​កាត់​ថា IOF) ដែល​ក្នុង​ចំណោម​នោះ​មាន​រូបសំណាក់​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម​សីហ​នុ​របស់​កម្ពុជា នៅ​ក្នុង​បរិវេណ​នៃ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី ស្ថិត​ក្នុង​ទីក្រុង​ប៊ុ​យ​កា​រ៉េ​ស ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ចប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​រូ​ម៉ា​នី​ពី​ថ្ងៃ​ទី​១២​ដល់​១៣ ខែធ្នូ ឆ្នាំ​២០១៨ តប​តាម​ការ​អញ្ជើញ​របស់​លោក តេ​អូ​ឌ័​រ ម៉េ​ឡិ​ស្កា​ណូ រដ្ឋមន្ត្រី​ការ​បរទេស​រូ​ម៉ា​នី ។ ទស្សនកិច្ច​នេះ​ដែល​បាន​ធ្វើ​ឡើង​ស្រប​ពេល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​លើក​ទី​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត មាន​គោលបំណង​ពង្រឹង​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ពង្រីក កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​ជំនួប​ទ្វេភាគី​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ជម្រាប​ជូន​អំពី​ការ​វិវត្តន៍​នា​ពេល​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែល​ក្នុង​ឱកាស​នោះ​លោក ម៉េ​ឡិ​ស្កា​ណូ បាន​អបអរ​សារ​ទរ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​កម្រិត​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​បាន​សំដែង​នូវ​ការ​ត្រៀមខ្លួន​លើកកម្ពស់​ទំនាក់ទំនង កម្ពុជា​-​រូ​ម៉ា​នី លើ​គ្រប់​វិស័យ​ដែល​ផ្តល់​ប្រយោជន៍​រួម ។

ដោយ​ពិនិត្យ​លើ​សក្តានុពល​ដែល​កម្ពុជា និង​រូ​ម៉ា​នី​មាន​ស្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​បន្ថែម​ទៀត ដើម្បី​ពង្រីក​ភាព​ជា​ដៃគូ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ធ្វើការ​រួម​គ្នា​ជំរុញ​ឱ្យ​មានការ​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា -​រូ​ម៉ា​នី ក្រុមការងារ​អន្តរ​នាយកដ្ឋាន​រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ និង​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ ។ រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​កត់​សម្គាល់ថា ប្រទេស​ទាំង​ពីរ​មាន​សក្តានុពល​ជា​ច្រើន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​កសិកម្ម ព័ត៌មានវិទ្យា និង​ប្រេង​ឧស្ម័ន (​គ្រឿង​ម៉ាស៊ីន​) ហើយ​បាន​ឯកភាព​លើកទឹកចិត្ត​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ពិភាក្សា​គ្នា​លម្អិត​បន្ត​ទៀត ។ ម្យ៉ាងវិញទៀត​ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បើក​ជា​ផ្លូវការ​នូវ​ស្ថាន​កុងស៊ុល​កិត្តិយស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រូ​ម៉ា​នី និង​ការ​រៀបចំ​វេទិកា​ធុរកិច្ច​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដែល​ជា​ការ​បោះ​ជំហាន​ថ្មី​បន្ថែម​ទៀត សំដៅ​ជួយ​លើក​ស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ។

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អប់រំ​យុវជន​ជំនាន់​ក្រោយ ។ ក្នុង​ន័យ​នេះ​ភាគី​រ៉ូ​ម៉ា​នី​បាន​សន្យា​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា និង​អញ្ជើញ​អ្នកការទូត​វ័យក្មេង​កម្ពុជា​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ការទូត​ប្រចាំឆ្នាំ​របស់​ខ្លួន ។ រដ្ឋមន្ដ្រី​ការ​បរទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​២ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រី​រដ្ឋាភិបាល និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​របស់​វិទ្យាស្ថាន​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។

លើស​ពី​នេះ​ទៀត​ភាគី​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ចូល​ជា​ធរមាន​អោយ​បាន​ឆាប់​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​វិទ្យាសាស្ត្រ វប្បធម៌ ប្រព័ន្ធ​ផ្សព្វផ្សាយ យុវជន និង​កីឡា ដែល​ត្រូវ​បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១៧ ។ ជាង​នេះ​ទៅ​ទៀត​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ឯកភាព​ធ្វើការ​រួម​គ្នា ដើម្បី​ព​ន្លឿ​ន​អោយ​ឆាប់​ចប់​ចំពោះ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ដែល​នៅ​សេសសល់​នៅ​ក្នុង​វិស័យ​ពន្ធដារ សន្តិសុខ ទេសចរណ៍ ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ និង​ពលករ ។ ភាគី​រូ​ម៉ា​នី​ក៏​បាន​ជម្រាប​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី​អំពី​ការ​ត្រៀម​រៀបចំ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សម្ពោធ​រូបសំណាក​ចំនួន​៤ ជា​កិត្តិយស​រំលឹក​ដល់​ស្ថាបនិក​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ហ្វ្រ​ង់​កូ​ហ្វូ​នី (​ហៅ​កាត់​ថា IOF) ដែល​ក្នុង​ចំណោម​នោះ​មាន​រូបសំណាក់​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ​នរោត្តម​សីហ​នុ​របស់​កម្ពុជា​នៅ​ក្នុង​បរិវេណ​នៃ​ទីលាន​ហ្វ្រ​ង់​កូ​ហ្វូ​នី ស្ថិត​ក្នុង​ទីក្រុង​ប៊ុ​យ​កា​រ៉េ​ស ។ ព្រឹត្តិការណ៍​ជា​ប្រវត្ដិសាស្ដ្រ​នេះ​ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​នៅ​ឆ្នាំ​២០២០​វិញ ដើម្បី​អបអរ​សារ​ទរ​ខួប​លើក​ទី​៥០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ IOF ។

រដ្ឋមន្ត្រី​ការ​បរទេស​រ៉ូ​ម៉ា​នី​ក៏​បាន​សន្យា​ថា នឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​ដ៏​ស្មោះត្រង់​មួយ ដើម្បី​ជំរុញ​អោយ​មាន​កុង​សង់​ស៊ុ​ស​សំដៅ​គាំទ្រ​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប រួម​ទាំង​ករណី​នាំ​ចូល​អង្ករ​ក្រអូប​របស់​កម្ពុជា​ចូល​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ក្នុងអំឡុងពេល​ដែល​រូ​ម៉ា​នី​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩ ។ ដោយឡែក​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម​វី​យ៉ូ​រ៉ែ​ល ស្តេ​ហ្វា​ន ឧបនាយករដ្ឋមន្ត្រី​រូ​ម៉ា​នី​ដែល​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក ។

ភាគី​ទាំង​ពីរ​បាន​កំណត់​វិស័យ​សក្តានុពល​មួយ​ចំនួន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដូច​ជា ប្រេង​- ឧស្ម័ន ផ្លូវដែក ថាមពល​កកើត​ឡើង​វិញ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា កសិកម្ម ឱសថ ។ ហើយ​បាន​ឯកភាព​លើកទឹកចិត្ត​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​រៀបចំ​គម្រោង​ជាក់ស្តែង ។ ឧបនាយករដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​សង្កត់ធ្ងន់​លើ​តួនាទី​យ៉ាង​សំខាន់​នៃ​ភាព​ជា​ដៃគូ​ផ្ទាល់​រវាង​អាជ្ញាធរ​ខេត្ត​-​ក្រុង​របស់​ប្រទេស​ទាំង​ពីរ ។ ឯកឧត្តម ស្តេ​ហ្វា​ន ក៏​បាន​បញ្ជាក់​ជា​ថ្មី​ផង​ដែរ​អំពី​បំណង​របស់​រូ​ម៉ា​នី​ក្នុង​ការ​សម្របសម្រួល​កិច្ច​សន្ទនា​ប្រកបដោយ​ភាព​ស្មោះត្រង់ និង​តម្លាភាព ដើម្បី​លើកកម្ពស់​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​៕

កែសម្រួលដោយ