រាជធានីភ្នំពេញ ៖ ជនសង្ស័យលួចគាស់ផ្ទះម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ផ្ទះជួលរបស់ជនជាតិចិន២នាក់ចូលលួចយកទ្រព្យសម្បត្តិប៉ះចំថ្ងៃស៊យ ត្រូវម្ចាស់គេទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បាននាំគ្នាព្រួតវាយទាត់ធាក់រងរបួសធ្ងន់សល់ដង្ហើមចង្រិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០១៣ នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះពៅ ភ័ក្ត្រ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើបានរងរបួសធ្ងន់ដោយសារប្រជាពលរដ្ឋព្រួតគ្នាវាយទាត់ធាក់ ចំណែកម្ចាស់ផ្ទះម្នាក់ឈ្មោះតឹង ពនភីង ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិន មានមុខរបរជាបុគ្គលិករោងចក្រកាត់ដេរ និងម្នាក់ទៀតឈ្មោះវ័ង ម៉ូយឆាង ភេទប្រុស អាយុ២៥ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ បានបាត់លុយចំនួន៦០០យាន់ ទូរស័ព្ទសាំសុងកាឡាក់ស៊ីចំនួន២គ្រឿង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២៩ មិថុនា ខណៈពេលម្ចាស់មិននៅ ជនសង្ស័យបានធ្វើសកម្មភាពគាស់បន្ទប់មួយចូលលួចយកទ្រព្យសម្បត្តិម្តងរួចមកហើយ លុះដល់ព្រឹកថ្ងៃកើតហេតុជនសង្ស័យរូបនោះបានបន្តធ្វើសកម្មភាពគាស់បន្ទប់មួយទៀតចូលទៅលួចយកទ្រព្យសម្បត្តិ ដោយមិនដឹងថា បុរសជនជាតិចិនទាំង២នាក់ដេកនៅលើឡៅតឿបន្ទប់ផ្ទះជួលនោះទេ។ ខណៈពេលជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ចូលទៅលួច បុរសជនជាតិចិននោះបានប្រទះឃើញ ក៏បានស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនសង្ស័យទៅកាន់ប៉ុស្តិ៍ចោមចៅដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ