រយៈពេល​11​ខែ ចំណូល​ពន្ធដារ​បាន​ជាង​2​ពាន់​លាន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​២.០៥៥​លាន​ដុល្លារ ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​នេះ កើនឡើង​១៣២​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ស្មើនឹង​ជាង​១០៦%​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​។ នេះ​បើ​តាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់ ។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១១ ធ្នូ កន្លង​មក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​ថ្លែង​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​តែ​ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លង​មកនេះ ទទួល​បាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​បាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​Online ត្រូវ​ប្រមាណ​១៨៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៩,៧៥%​នៃ​ផែនការ​ច្បាប់ បើ​ធៀប​នឹង​ចំណូល​ខែវិច្ឆិកា​ឆ្នាំ​មុន កើនឡើង​ប្រមាណ​ជាង​៤៣​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​៣០,៤៧% ។

លោក​បន្ដ​ថា ៖« បើ​គិត​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​បាន​សរុប​ប្រមាណ​២.០៥៥,៧១​លាន​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​១០៦,៨៨%​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​១២,៤៨% »​។ លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ការ​ប្រមូល​ចំណូល​ពន្ធ និង​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​លើស​ផែនការ​ជា​អតិបរិមា អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​កែទម្រង់​ស៊ី​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដូច​ជា ការ​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នេះ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល​ឆ្នាំ​២០១៤-២០១៨ ការ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​២០១៩-២០២៣ ក៏​ដូច​ជា​គោលនយោបាយ​សារពើពន្ធ​នានា សម្រាប់​អនុវត្ត​នា​ពេល​ខាង​មុខ​នេះ ការ​បន្ត​រៀបចំ​កែសម្រួល​តម្លៃ​អចលនទ្រព្យ ដែល​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ ការ​រៀបចំ​កែសម្រួល​យន្តការ​នៃ​ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម សម្រាប់​ស្ថានទូត សហគ្រាស​អាជីវកម្ម និង​ការ​គិតគូរ​ដល់​ការ​ស្នើ​សុំ​បង្វិល​សង​របស់​ភ្ញៀវ​ទេសចរ និង​បន្ត​កែទម្រង់​ធនធានមនុស្ស ។

លោក គង់ វិបុល បាន​បន្ត​ថា ៖« អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​បន្ត​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​កំណែទម្រង់​សំខាន់​ៗ ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការ​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារ និង​ការ​ជំរុញ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ទាំងអស់ ត្រូវ​ពង្រឹង​បន្ថែម​លើ​ការ​តាមដាន​ការ​ដាក់​លិខិត​ប្រកាស​របស់​អ្នក​ជាប់ពន្ធ »​។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ធ្វើ​កំណែទម្រង់​របស់​ខ្លួន​យ៉ាង​ល្អ​ប្រសើរ ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ប៉ុន្តែ​ស្ថាប័ន​នេះ​នៅ​តែ​ត្រូវការ​កំណែទម្រង់​ច្រើន​ជាង​មុន​បន្ថែម​ទៀត ដើម្បី​អាច​ប្រមូល​ចំណូល​បាន​កាន់តែ​ច្រើន ។ លោក​បន្ត​ថា ៖« ការងារ​ប្រមូល​ពន្ធ​ទាមទារ​នូវ​ឆន្ទៈ និង​កណ្តាប់ដៃ​ដែក ទើប​ការ​ប្រមូល​ចំណូល​បាន​ច្រើន »៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ