រាជធានីភ្នំពេញ ៖ បើទោះជាមន្ត្រីរាជរដ្ឋាភិបាលបានអះអាងកន្លងមកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ គ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះក្តី ប៉ុន្តែគិតមកដល់ជិតពាក់កណ្ដាលខែធ្នូទៅហើយ ពុំទាន់មានព័ត៌មានណាមួយបញ្ជាក់លម្អិតថានឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅពេលណា និងពីចំណុចណាឲ្យប្រាកដនៅឡើយ ខណៈគម្រោងដ៏ធំ និងជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះកំពុងស្ថិតក្នុងក្រសែភ្នែករបស់សាធារណជន ។
![Picture]()
ទោះបីយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់សាជាថ្មីកាលពីថ្ងៃទី១៣ ធ្នូ ម្សិលមិញថា គម្រោងនេះមិនប្រែប្រួលទេ នឹងបើកការដ្ឋានសាងសង់ឆាប់ៗ ដោយពេលនេះក្រុមហ៊ុនសាងសង់បានចំណាយប្រាក់ប្រមាណ១០០លានដុល្លារហើយក្នុងការទិញសម្ភារ គ្រឿងចក្រសម្រាប់បម្រើឲ្យការស្ថាបនា ។ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីថែរក្សាផ្លូវ «Road Care Mobile App» នៅទីស្តីការក្រសួងកាលពីថ្ងៃទី ១៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសាង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមក្នុងពេលខាងមុខឆាប់ៗនេះ ។ លោកថ្លែងថា ៖« គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនចិន បានចំណាយប្រាក់ទិញសម្ភារ គ្រឿងចក្រគ្រប់ប្រភេទអស់ប្រហែល១០០លានដុល្លារសម្រាប់យកមកសាងសង់ ហើយក្រុមហ៊ុនរង់ចាំការឯកភាពពីក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ ថាមួយណាត្រូវលើកលែងពន្ធ និងមួយណាត្រូវយកពន្ធ » ។
![Picture]()
បន្ថែមលើនេះ លោកទេសរដ្ឋមន្ត្រីលើកឡើងថា ៖« យើងរង់ចាំការដោះស្រាយផលប៉ះពាល់មួយចំនួនទៀតទាក់ទងនឹងគម្រោងផ្លូវល្បឿនលឿននេះ តែសង្ឃឹមថានឹងបើកការដ្ឋានក្នុងពេលខាងមុខឆាប់ៗ ព្រោះយើងរកទីតាំងបើកការដ្ឋានសាងសង់បណ្ដោះអាសន្នបានហើយ »។
គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ មានប្រវែងជាង១៩០គីឡូម៉ែត្រ គ្រោងសាងសង់មាន៤គន្លង, ទទឹងផ្លូវប្រវែង២៤ម៉ែត្រ ក្រាលដោយកៅស៊ូAC, មានសូនច្បារខណ្ឌកណ្តាល និងមានរបងសងខាង ។ តាមបណ្ដោយផ្លូវ មានស្ពានវែងនិងមធ្យមចំនួន៥៦កន្លែង, ស្ពានខ្លី៣៣កន្លែង, ស្ពានរំលងឬផ្លោះផ្លូវ៣២១កន្លែង និងមានកន្លែងឈប់សម្រាកចំនួន៣កន្លែង ដែលគ្រោងចំណាយថវិកាប្រមាណជិត២ពាន់លានដុល្លារ ដោយប្រើពេលសាងសង់រយៈពេលប្រមាណ៤ឆ្នាំ ។
តាមគម្រោង ផ្លូវនេះ ចេញពីរាជធានីភ្នំពេញទៅ គឺស្ថិតនៅផ្នែកខាងស្តាំផ្លូវជាតិលេខ៤ប្រមាណ៣០គីឡូម៉ែត្រ ទើបងាកមកខាងឆ្វេងដៃវិញរហូតដល់ស្រុកព្រៃនប់ ទើបងាកមកខាងស្តាំដៃរហូតដល់ក្រុងព្រះសីហនុតែម្ដង ។
លោក វ៉ាស៊ឹម សុរិយ៉ា មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ៖« គម្រោងផ្លូវល្បឿនលឿននេះ បើចង់លម្អិតទាល់តែអ្នកបច្ចេកទេស ប៉ុន្តែបើតាមព័ត៌មានបឋមដែលខ្ញុំទទួលបាន គឺយើងអាចចាប់ផ្តើមពីចំណុចទំនប់កប់ស្រូវទៅ ម្តុំតំបន់ចោមចៅ ។ និយាយរួម គឺចាប់ផ្តើមពីផ្លូវទំនប់កប់ស្រូវទៅ (ផ្លូវបេតុងរបស់សាលារាជធានីភ្នំពេញ) »។
លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាវិទ្យាស្ថានសិក្សាការអភិវឌ្ឍ បានថ្លែងថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធជារឿងប្រឈមមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរៀបចំគោលនយោបាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺស្ថិតក្នុងទិសដៅត្រឹមត្រូវមួយហើយ ។ ទោះយ៉ាងនេះក្ដី លោកស្នើសុំឱ្យមានការពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃដើមនៃការដឹកជញ្ជូន ។
លោកថ្លែងថា ៖« វាជារឿងចាំបាច់ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀត ព្រោះបើចង់ឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង និងឈានទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត »៕
ចែករំលែកព័តមាននេះ