ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឡើងជា​ជំទាវ រាជិនី​កីឡាប៉េតង់​កម្ពុជា​កែ ឡេ​ង ប្រកាស​ជំហរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​បុគ្គល​ភាគច្រើនដែល​បាន​ឡើង​តំណែង​ជា​ជំទាវ ឬ​ជា​ឯកឧត្តម គឺ​តែងតែ​ចង់​​ដំឡើង​​ខ្លួន​ឱ្យ​សម​នឹង​តួនាទី តែ​សម្រាប់​អ្នកស្រី កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ដែល​ទើប​ឡើង​តំណែង​ជា​មន្ត្រី​យោធា​ផ្កាយ​១ ក្នុង​ក្រសួងការពារជាតិ​ក្នុង​នាម​ជា​កីឡាការិនី​ប្រចាំ​ក្រសួង…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​បុគ្គល​ភាគច្រើនដែល​បាន​ឡើង​តំណែង​ជា​ជំទាវ ឬ​ជា​ឯកឧត្តម គឺ​តែងតែ​ចង់​​ដំឡើង​​ខ្លួន​ឱ្យ​សម​នឹង​តួនាទី តែ​សម្រាប់​អ្នកស្រី កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​កីឡា​ប៉េតង់​ដែល​ទើប​ឡើង​តំណែង​ជា​មន្ត្រី​យោធា​ផ្កាយ​១ ក្នុង​ក្រសួងការពារជាតិ​ក្នុង​នាម​ជា​កីឡាការិនី​ប្រចាំ​ក្រសួង បែរជា​ប្រកាស​ដាក់ខ្លួន និង​អះអាង​ថា ក្រៅពី​បន្ត​ជំហរ​ប្រឹង​ប្រកួត​ឱ្យ​បាន​មេដាយ​បន្ថែម​ទៀត​មុន​ចូល​និវត្តន៍ ក៏​នឹង​ខំ​ចំណាយពេល​បង្វឹក​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​ជើង​ខ្លាំង​កីឡា​ប៉េតង់ ។ អ្នកស្រី​​ប្រកាស​​មិន​ចូល​និវត្តន៍ ឬ​ចោល​អាជីព​កីឡា​ប៉េតង់​នោះ​ទេ ។

អ្នកស្រី កែ ឡេ​ង បាន​ថ្លែង​បញ្ជាក់​ថា​អ្នកស្រី​បាន​ឡើង​តំណែង​ពី​ស័ក្ដិ​៥​មក​ផ្កាយ​១​ប៉ុន្មាន​ខែ​មក​ហើយ ដោយ​​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គ្រូបង្វឹក​ខាង​ផ្នែក​ប៉េតង់ ដោយ​ទទួលខុសត្រូវ​ក្នុង​ការ​បណ្ដុះបណ្ដាល​ផ្នែក​នេះ​ប្រចាំ​នៅ​ក្នុង​ក្រសួង​មែន ។ អ្នកស្រី​ថា តំណែង​របស់​ខ្លួន​ត្រូវ​បាន​គេ​ដឹង​ឮ​ពេញ​ក្នុង​ក្រសួង​អស់​ទៅ​ហើយ ដោយ​តំណែង​ដែល​ខ្លួន​បាន​ទទួល​បាន​ធ្វើ​ឱ្យ​អ្នកស្រី​កាន់តែ​មានមុខមាត់​ក្នុង​នាម​ជា​មន្ត្រីរាជការ​បន្ថែម​ពីលើ​អាជីព​កីឡា ។

អ្នកស្រី​ប្រកាស​ថា ក្រោយ​បាន​តំណែង​ផ្កាយ​១ អ្នកស្រី​កាន់តែ​ប្រយ័ត្ន​ជាង​មុន និង​ត្រូវ​តែ​យកចិត្តទុកដាក់​ជាមួយ​ការងារ​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន ដោយ​មិន​អាច​សំអាង​តំណែង​ខ្ពង់ខ្ពស់​ហើយ​ធ្វេសប្រហែស​នោះ​ទេ ។ ក្នុង​នោះ​អ្នកស្រី​ដាច់ខាត​ត្រូវ​តែ​ដាក់ខ្លួន និង​សកម្ម​ឱ្យ​ខ្លាំង​ជាមួយ​កីឡា ដើម្បី​ឱ្យ​សម​នឹង​អ្វី​ដែល​ក្រសួង​ដំឡើង​ស័ក្តិ​ឱ្យ ។ អ្នកស្រី​ថា ទម្រាំ​បាន​តំណែង​ផ្កាយ​១​ក្នុង​ក្រសួងការពារជាតិ គឺ​អ្នកស្រី​ប្រឹងប្រែង​ខ្លាំង​ណាស់ ដោយ​ស្ទើរតែ​លះបង់​អស់​ជាង​ពាក់កណ្ដាល​ជីវិត​ជាមួយ​អាជីព​កីឡា​ហើយ ទើប​អ្នកស្រី​មិន​អាច​ឱ្យ​ខូច​ឈ្មោះ​ក្រោយ​ឡើង​តំណែង​ជំទាវ ។

អ្នកស្រី​ខ្លួន​កាន់តែ​ខ្ពស់ កាន់តែ​មិន​អាច​ភ្លេច​កីឡា និង​រយាល​ពី​ការ​ហ្វឹកហាត់ ឬ​បង្វឹក​សិស្ស​បាន​ឡើយ ដើម្បី​ជំរុញ​កីឡា​ប៉េតង់ ឱ្យ​មានការ​រីក​ចម្រើន ។ ជាមួយនឹង​ការ​ប្រកាស​នេះ ទើប​ធ្វើ​ឱ្យ​ម្នាក់​ៗ​យល់​ថា អ្នកស្រី​ជា​កីឡាការិនី ដែល​មិន​ភ្លេច​អាជីព​ដើម ខណៈ​ដែល​អ្នកខ្លះ ប្រសិនបើ​បាន​តំណែង​ខ្ពស់​ក្នុង​អាជីព​កីឡា​បែប​នេះ​ទៅ​ហើយ នឹង​អាច​ផ្លាស់​ប្ដូរ​កៅអីអង្គុយ​ទៅ​ធ្វើ​ការងារ​មួយ​ផ្សេង​ប្រចាំ​ក្រសួង​ដើម្បី​ហក់​ចាប់​ឱកាស​មួយ​ផ្សេង​នៅ​ក្នុង​ក្រសួងការពារជាតិ​។ អ្នកស្រី​ថា ខ្លួន​ស្រឡាញ់​ប៉េតង់​ខ្លាំង​ណាស់ ដូច្នេះ​បើ​ទោះ​មាន​តំណែង​អាច​ឈោង​ចាប់​ឱកាសល្អ​ទៀត​បាន ក៏​អ្នកស្រី​នៅ​តែ​ចង់​បន្ត​អាជីព​ជា​កីឡា​ការិនី និង​ជា​គ្រូបង្វឹក​រហូត​ដល់​ក្រសួង​លែង​ប្រើ​។

គួរ​បញ្ជាក់​ដែរ​ថា អ្នកស្រី កែ ឡេ​ង កើត​នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​១៩៧០ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ខេត្តកំពង់ឆ្នាំង ដោយ​អ្នកស្រី​កើត​បាន​តែ​រង្វង់​២​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ដែល​ជា​កសិករ​នៅ​ក្នុង​សម័យ​នោះ ក៏​ទទួលមរណភាព ទាំង​អ្នកស្រី​មិន​ទាន់​ស្គាល់​មុខ​ច្បាស់​នៅឡើយ​។ អ្នកស្រី​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៩​នាក់(​ប្រុស​៤​ស្រី​៥) ដោយ​មាន​ឪពុក​ឈ្មោះ កែ ភ​ន និង​ម្ដាយ​ឈ្មោះ ចូ សន ដែល​ទទួលមរណភាព​ដូច​គ្នា​កាលពី​ឆ្នាំ​១៩៨៣ ។

អ្នកស្រី​បាន​ចាក​ចេញពី​ស្រុក​កំណើត​ក្នុង​ឆ្នាំ​១៩៨៣ ក្រោយ​ពេល​ម្ដាយ​បាន​ទទួលមរណភាព ដោយ​មក​រស់នៅ​ជាមួយ​បងស្រី​ៗ ហើយ​ក្នុង​ពេល​នោះ​បង​របស់​អ្នកស្រី ក៏​បាន​ជំរុញ​ឱ្យ​អ្នកស្រី​ចូល​ហ្វឹកហាត់​ផ្នែក​អត្តពលកម្ម​(​រត់ប្រណាំង​) តែ​មិន​បាន​ធ្វើ​ជា​កីឡាការិនី​នោះ​ទេ ដោយសារ​តែ​អ្នកស្រី​គ្រាន់តែ​ហ្វឹកហាត់​លេង​ៗ ដើម្បី​សុខភាព​ច្រើន​ជាង ។ រហូត​ដល់​ឆ្នាំ​១៩៩៣ ក្រសួងការពារជាតិ​បាន​ជ្រើសរើស​កីឡាការិនី​បាល់ទះ​នារី ដោយ​តម្រូវ​ឱ្យ​ប្រឡង​ចូល​ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទះ​នារី ហើយ​អ្នកស្រី​ក៏​ត្រូវ​បង​ៗ​ជំរុញ​ឱ្យ​ដាក់​ពាក្យ​ប្រឡង ហើយ​ជា​ភ័ព្វសំណាង​ក៏​បាន​ជាប់​។

តាំងពី​ពេល​នោះ​មក អ្នកស្រី​បាន​ក្លាយជា​មន្ត្រី​ក្រសួងការពារជាតិ​នៅ​ក្នុង​ក្របខ័ណ្ឌ​កីឡាការិនី និង​ជា​គ្រូបង្វឹក ដោយ​ក្នុង​ពេល​នោះ អ្នកស្រី​ក៏​ជា​មន្ត្រី​ដែល​មាន​តំណែង​មួយ​ប្រចាំ​ក្រសួង​ក្រៅពី​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប៉េតង់​ផង​ដែរ ។ ក្រោយ​ប្រឡង​ជាប់​ក្នុង​ក្រុមកីឡា​ការិនី​បាល់ទះ របស់​​ក្រសួង​ការ​ពារ​ជាតិ ហើយ​ចំ​ពេល​ក្រសួង​នេះ​រំសាយ​ក្រុម​បាល់ទះ អ្នកស្រី​ក៏​ត្រូវ​ក្រសួង​ជ្រើសរើស​ឱ្យ​ចូល​ក្រុម​ប៉េតង់​ក្នុង​ឆ្នាំ​១៩៩៣​ដោយ​អ្នកស្រី​ចាប់ផ្ដើម​ប្រឹងប្រែង​ហ្វឹកហាត់ ហើយដោយ​សារភាព​ប៉ិន​ប្រសប់​អ្នកស្រី​ក៏​ត្រូវ​ក្រសួង​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​សិង្ហ​បុរី​ក្នុង​ឆ្នាំ​១៩៩៩ ។

នៅ​ក្នុង​ការ​ចូលរួម​ប្រកួត អ្នកស្រី​ទទួល​បាន​មេដាយមាស​ជា​លើក​ដំបូង​តែ​ម្ដង​ជាមួយ​អ្នកស្រី អ៊ុ​ក ស្រី​មុំ ដែល​ជា​ដៃគូ​បច្ចុប្បន្ន ។ បន្តបន្ទាប់​មក​អ្នកស្រី​ក៏​ត្រូវ​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ប្រចាំ ទាំង​ការ​ប្រកួត​កម្រិត​អាស៊ាន កម្រិត​អន្តរជាតិ និង​កម្រិត​ពិភពលោក ។ ការ​ប្រកួត​នា​ពេល​កន្លង​មក ស្ទើរ​មិន​មានការ​ចេញ​ប្រកួត​ណាមួយ​មិន​ទទួល​បាន​មេដាយ​ជូន​ជាតិ​ត្រឡប់​មក​វិញ​ឡើយ ។

មក​ទល់​ពេល​នេះ អ្នកស្រី​ទទួល​បាន​មេដាយមាស ៤៧​មេដាយ មេដាយ​ប្រាក់​១៧​មេដាយ និង​មេដាយ​សំរឹទ្ធិ​១៣​មេដាយ ដោយ​មិន​ទាន់​រាប់​បញ្ចូល​មេដាយ​ក្នុងស្រុក​ដែល​អ្នកស្រី​ទទួល​បាន​ពី​ការ​ប្រកួត​នោះ​ផង ។ អ្វី​ដែល​អ្នកស្រី​ទទួល​បាន​មោទនភាព​បំផុត​នៅ​ក្នុង​ពេល​នេះ គឺ​ការ​ទទួល​បាន​មេដាយ​ដល់​ទៅ​៣​លើ​វិញ្ញាសា​មួយ​ទល់​នឹង​មួយ ២​នាក់​ទល់​នឹង​២​នាក់ និង​៣​នាក់​ទល់​នឹង​៣​នាក់ នៅ​ក្នុង​ប្រទេស​បារាំង​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​ដោយ​កីឡាករ​កីឡាការិនី​ជា​ម្ចាស់​មេដាយមាស​នៅ​អន្តរជាតិ​តំណាង​ប្រទេស និង​តំណាង​ទ្វីប​នីមួយ​ៗ​ប៉ះ​គ្នា​។

អ្នកស្រី​ថា ការ​ប្រកួត​មួយ​នេះ គឺ​ធំ​ជាង​បណ្ដា​ការ​ប្រកួត​កន្លង​មក​ដោយសារ​តែ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​គឺ​តម្រូវ​ឱ្យ​យក​តែ​ម្ចាស់​មេដាយមាស​លើ​ឆាក​អន្តរជាតិ​តំណាង​ឱ្យ​ប្រទេស​នីមួយ​ៗ​មក​ប្រកួត​តែ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា មេដាយមាស​ដែល​អ្នកស្រី​ទទួល​បាន​មុន​នេះ គឺជា​មេដាយ​ដែល​ឈ្នះ​លើ​ម្ចាស់​មេដាយ​មាស​ផ្សេង​ៗ មក​ពី​ជុំវិញ​ពិភពលោក ។ ក្នុង​ឆ្នាំ​១៩៨៦ អ្នកស្រី​បាន​រៀប​ការ​ជាមួយ លោក សួ​ស សំ​អឿ​ន អាយុ​ស្របាល​អ្នកស្រី​ជា​មន្ត្រី​ក្រសួងការពារជាតិ​ខាង​ផ្នែក​កងទ័ពជើងគោក ។ សព្វថ្ងៃ​អ្នកស្រី​ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី​២​នាក់ គឺ​កូនប្រុស​ច្បង​អាយុ​២៧​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​២១​ឆ្នាំ ដោយ​អ្នក​ទាំង​២​សុទ្ធតែ​ជា​មន្ត្រី​ប្រចាំ​នៅ​ក្រសួងការពារ​ជាតិ ខាង​ផ្នែក​ប៉េតង់​ដូច​គ្នា ដោយ​គ្រាន់តែ​កូនស្រី​អ្នកស្រី​ហាក់​មាន​ជំនាញ​ជាង ហើយ​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​មុន​នេះ​។

អ្នកស្រី​ថា ខ្លួន​នឹង​បង្វឹក​កូន​ទាំង​២​ឱ្យ​ស្នង​តំណែង ប៉ុន្តែ​ទំនងជា​កូនស្រី​ពៅ​អាច​នឹង​ដើរ​តាម​គន្លង​អ្នកស្រី​បាន​ល្អ​ជាង ដោយសារ​តែ​នាង​ក៏​ធ្លាប់​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​វៀតណាម​មុន​នេះ ហើយ​ទទួល​បាន​មេដាយ​ប្រាក់​ជូន​ជាតិ​បាន​ម្ដង​ដែរ ។ យ៉ាងណាមិញ អ្នកស្រី​ថា កូនប្រុស​ក៏​ល្អ​ផង​ដែរ ប៉ុន្តែ​មក​ពី​លោក​រវល់​នឹង​ការ​សិក្សា​រៀនសូត្រ និង​ការងារ​ផ្ទាល់ខ្លួន​ពេក​ប៉ុណ្ណោះ ទើប​មិនសូវ​បាន​ហ្វឹកហាត់​ដិត​ដល់ ។

ជាមួយនឹង​ការ​រៀបរាប់​ប្រវត្តិ គឺថា​អ្នកស្រី​មិន​ត្រឹមតែ​ជា​កីឡាការិនី​ឆ្នើម​នោះ​ទេ ប៉ុន្តែ​ប្រវត្តិ​ជីវិត និង​ការ​តស៊ូ​ក្នុង​នាម​ជា​កូនកំព្រា​ទាំង​ឪពុក ទាំង​ម្ដាយ​មានចំណេះ​ដឹង​ទាប ហើយ​ប្រឹង​ក្រោកឈរ​ក្នុង​នាម​ជា​កូនពៅ រហូត​បាន​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ល្បីឈ្មោះ​ដ៏​គួរ​ឱ្យ​ស្ងើចសរសើរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ