ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ជនជាតិចិនដែលចូលមកស្នាក់នៅបណ្តោះអាសន្នតំបន់ទេសចរណ៍ក្រុងព្រះសីហនុភាគច្រើនជាប់ពាក់គ្រឿងញៀនឲ្យតែសមត្ថកិច្ចឃាត់ឆែកឆេរ និងពិនិត្យទឹកនោម ។
ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូនេះកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងដែលប្រព្រឹត្តនៅចំណុចក្រុម១ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ A FENG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ចូលមកស្នាក់នៅបណ្តោះអាសន្ន និងចាប់យកវត្ថុតាងមាន១- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ទូរស័ព្ទដៃ១គ្រឿងដែលសំងំប្រើប្រាស់ និងចែកចាយនៅទីនោះ ។
ក្រោយពីឃាត់ខ្លួនជនជាតិចិនម្នាក់នោះទើបបានចម្លើយប្រាស្រ័យទាក់ទងទៅជនជាតិចិន១ក្រុមទៀតដែលជាមុខសញ្ញាទទួលការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដូចគ្នា ។ សេចក្តីរាយការបន្តថា ក្រោមការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនៅវេលារសៀលថ្ងៃទី១៣ ខែធ្នូ បានដាក់បទបញ្ជាទៅកម្លាំងជំនាញឲ្យចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនដោយនាំឈ្មោះ A FENG ចូលរួមសហការ ចង្អុលបង្ហាញពីសមាសភាពដែលកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ។
កិច្ចប្រតិបត្តិការនោះបន្តឈានទៅដល់ការឃាត់ជនសង្ស័យជាជនជាតិចិន២នាក់ទៀត ដែលម្នាក់ឈ្មោះ PANJUN ភេទប្រុស អាយុ៣៥ឆ្នាំ និងម្នាក់ឈ្មោះ DU DE YOUNG ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតនៅចំណុចក្រុម១១ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ លទ្ធផលកម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញមានវត្ថុតាង១- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់ម្សៅម៉ត់សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ ប្រភេទថ្នាំគ្រាប់ចំនួន៩០គ្រាប់ និងទូរស័ព្ទដៃចំនួន២គ្រឿង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះសមត្ថកិច្ចបានធ្វើតេស្ត(ពិនិត្យ)ទឹកនោមរកឃើញថា ពួកគេសុទ្ធតែជាប់ពាក់ព័ន្ធប្រើប្រាស់នូវសារធាតុញៀន និងស្តាប់ចម្លើយជនសង្ស័យ បង្ហាញឲ្យកាន់តែច្បាស់ថា ជនជាតិចិនដែលចូលមកស្នាក់នៅតំបន់ទេសចរណ៍ក្រុងព្រះសីហនុភាគច្រើនត្រូវបានប្រើប្រាស់គ្រឿងញៀន ។ ដោយមានការអះអាងយ៉ាងដូច្នេះព្រោះពួកគេ ជាអ្នកចែកចាយទើបបានដឹងពីសកម្មភាពអ្នកប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ