ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​អឺរ៉ុប​ស្នើ​ឱ្យ​កម្ពុជា​បន្ត​ចរចា​ជាមួយ​EU

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប វិនិយោគិន​អឺរ៉ុប​ដែល​កំពុង​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​សហភាព​អឺរ៉ុប​បន្ត​ទៀត ក្នុង​គោលបំណង​ផ្ដល់​អត្ថប្រយោជន៍ ។ លោក Lann Andreas…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប វិនិយោគិន​អឺរ៉ុប​ដែល​កំពុង​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​សហភាព​អឺរ៉ុប​បន្ត​ទៀត ក្នុង​គោលបំណង​ផ្ដល់​អត្ថប្រយោជន៍ ។

លោក Lann Andreas Johannes នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pactics ផលិត​សម្ភារ កាបូប ស្រោមវ៉ែនតា និង​ក្រណាត់​ជូត​វ៉ែនតា សម្រាប់​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា បើសិនជា​ភាគី​ពាក់ព័ន្ធ​ទាំង​ពីរ​អង្គុយ​ចរចា​ជាមួយ​គ្នា លោក​ជឿ​ថា ដំណោះស្រាយ​នឹង​អាច​មាន ហើយ​វា​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​ពលរដ្ឋ​កម្ពុជា ពី​ការ​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​មក​កម្ពុជា ក្នុង​ការ​នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប ។ លោក​ថ្លែង​ថា ៖« ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ជាក់​ខ្ពស់​ចំពោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​មក​លើ​កម្ពុជា ក្នុង​ការ​នាំ​ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប »​។

លោក​បន្ត​ថា បើសិនជា​មានការ​ដក​EBA មែន​នោះ វា​នឹង​បង្ក​ផល​ប៉ះពាល់​ភ្លាម​ៗ​តែ​ម្ដង​មក​លើ​សមត្ថភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ផលិត និង​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន​ផលិត​និង​ចេញ​នាំ​ចេញ​ទៅ​អឺរ៉ុប​ដូច​គ្នា តែ​នៅ​ក្នុង​ប្រទេស​ជិតខាង​របស់​កម្ពុជា ក៏​ដូច​ជា​ជាមួយ​ប្រទេស​ចិន​ជាដើម ។ លោក​ថា ៖« ការ​ផ្ដល់​EBA មក​កម្ពុជា​របស់​អឺរ៉ុប​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​ពលរដ្ឋ​កម្ពុជា​។ ជាក់ស្ដែង គ្រាន់តែ​ក្រុមហ៊ុន​របស់​យើង បាន​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ប្រហែល​៧០០​នាក់ ហើយ​យើង​ក៏​មាន​គម្រោង​ពង្រីក​វិសាលភាព​របស់​យើង​បន្ថែម​ទៀត ដូច្នេះ​វា​នឹង​ផ្ដល់​ការងារ​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​បើសិនជា​EU​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​វិញ​នោះ យើង​នឹង​ពិចារណា ហើយ​រង់ចាំ​មើល​ថា​តើ​អតិថិជន​ដែល​ជា​អ្នកបញ្ជា​ទិញ​របស់​យើង​នឹង​បន្ត​យក​ទំនិញ​ពី​យើង​ទៀត ឬ​ក៏​យ៉ាងណា ។ សរុប​មក ភាព​មិន​ប្រាកដ​មិន​ប្រជា​ដែល​កើត​ចេញពី​EBA​នេះ នឹង​មាន​ច្រើន​ចំពោះ​ប្រយោជន៍​កម្ពុជា »​។

លោក​បាន​រំឭក​ថា កាលពី​ខែ​មុន លោក​ក៏​បាន​ជួប​ចរចា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ក​កម្ពុជា​ដែរ ដើម្បី​រក​ដំណោះស្រាយ​ណាមួយ​ផ្ដល់​ជូន​អ្នក​វិនិយោគ​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចដែល​បានដឹង​ហើយ​ថា មាន​ផល​ប៉ះពាល់​ធំ​ប៉ុនណា​ពី​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ។ លោក​បន្ថែម​ថា ៖« សម្រាប់​កម្មករ និយោជិត​ដែល​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ Pactics បាន​ទទួល​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​។ ជាក់ស្ដែង​នៅ​ពេល​មាន​បុគ្គលិក​សម្រាលកូន​គម្រប់​៣​ខែ ពួក​គេ​អាចយ​កកូន​មក​រោងចក្រ ដោយ​យើង​បាន​បង្កើត​ទារកដ្ឋាន​មួយ​សម្រាប់​មើលថែ​កូន​ៗ​របស់​បុគ្គលិក ។ ជាក់ស្ដែង​ពេល​បច្ចុប្បន្ន​នេះ មាន​ទារក​ចំនួន​១៦​នាក់​កំពុង​ត្រូវ​បាន​មើលថែ ដែល​ក្រុមហ៊ុន​ត្រូវ​ចំណាយ​លើ​ការ​មើលថែ​ទាំងអស់​ជូន​ពួក​គេ »​។ លោក​ថា ៖« យើង​មិន​ចង់​ឲ្យ​កម្មករនិយោជិត​ដែល​មាន​ជំនាញ​របស់​យើង ត្រូវ​សម្រាក​នៅផ្ទះ​មើលថែ​កូន ដោយ​អត់​មាន​ចំណូល​អ្វី​នោះ​ទេ ហើយ​យើង​ក៏​មិន​ចង់រក​បុគ្គលិក​ថ្មី​ៗ​មក​បណ្ដុះបណ្ដាល និង​ប្រើ​ពេល​យូរ​នោះ​ដែរ ដូចនេះ​ហើយ ទើប​យើង​ចំណាយ​ថ្លៃ​មើលថែ​ទារក​នៅ​ក្នុង​រោងចក្រ​តែ​ម្ដង ។ ម្យ៉ាងទៀត ម្ដាយ​ទារក​ទាំងនោះ ក៏​មាន​អារម្មណ៍​កក់ក្ដៅ និង​អាច​បំពេញការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ » ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​របស់​ខ្លួន​គឺ​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប បន្ទាប់​មក​សហរដ្ឋអាមេរិក ហើយ​លេខ​៣​នោះ​គឺ​ប្រទេស​ចិន​។ យ៉ាងណាមិញ សម្រាប់​ការ​នាំ​ចូល​សម្ភារ​សម្រាប់​ផលិត​នៅ​ក្នុង​រោងចក្រ​មួយ​ភាគ​ធំ គឺ​នាំ​ចូល​ពី​ប្រទេស​ចិន ។

ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សេដ្ឋវិទូ​ជាន់ខ្ពស់ និង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ទស្សនាទាន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​រិះរក​វិធីសាស្ត្រ​ដែល​អាច​រស់​ដោយ​ខ្លួនឯង ដោយ​មិន​ចាំបាច់​ពឹង​លើ EBA នេះ ហើយ​កម្ពុជា​គួរតែ​ងាក​ទៅ​រក​ការ​ផលិត​នូវ​ផលិតផល​ណា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច និង​អាច​ឲ្យ​ពលរដ្ឋ​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ។

លោក​បណ្ឌិត ម៉ី កល្យាណ សេដ្ឋវិទូ និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ផ្លាស់​ប្តូរ​បណ្ដើរ​ៗ​ហើយ មាន​ន័យ​ថា ផលិតផល​សម្លៀក​បំពាក់​នៅ​តែ​ធ្វើ តែ​គួរ​ធ្វើ​របស់​ណា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​នេះ ហើយ​ពេល​នេះ​ក៏​បានឃើញ​ថា មាន​ផលិត​ថ្មី​មួយទៀត​ដែល​យើង​កំពុង​ធ្វើ​រួច​ហើយ​នោះ​គឺ ផលិតផល​ធ្វើ​ដំណើរ ( Traveling Goods ) និង​កំពុង​តែ​មាន​ទីផ្សារ​ផង​ដែរ​ទៅ​កាន់​អា​មេ​រិ​ក និង​បណ្ដា​ប្រទេស​ជា​ច្រើន ។ អីចឹង​រយៈពេល​ដែល​ខ្លួន​កំពុង​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នេះ យើង​ត្រូវ​ស្វែងរក​អ្វី​ដែល​ថ្មី​ៗ​បន្ថែម​ឲ្យ​បាន​ច្រើន ។

លោក​បណ្ឌិត​បន្ថែម​ថា ៖« បើសិនជា​យើង​មិន​ពិពិធ​កម្ម​ទាំង​ទីផ្សារ និង​ផលិតផល ហើយ​នៅ​តែ​ពឹង​លើ​ខោអាវ​ដូច​បច្ចុប្បន្ន យើង​អាច​នឹង​មាន​បញ្ហា ពីព្រោះ​ថា កូន​កសិករ​មួយ​ចំនួន​បាន​មក​ចាប់​យករ​បរជា​អ្នក​ផលិត​ខោអាវ ធ្វើការ​នៅ​រោងចក្រ និង​លះបង់​ស្រែ​ចំការ​ចោល​បណ្ដើរ​ៗ​ហើយ ។ អីចឹង បើសិនជា​គេ​ឈប់​ផ្ដល់​អនុគ្រោះ​ពន្ធ មាន​ន័យ​ថា​ទំនិញ​យើង​នឹង​ឡើងថ្លៃ​នៅ​លើ​ទីផ្សារ​លក់រាយ​ប្រទេស​ទាំងនោះ ដូចនេះ​អាច​នឹង​បាត់បង់​អ្នកទិញ ឬ​គេ​ឈប់​ទិញ​ពី​យើង គេ​ទៅ​ទិញ​ពី​ប្រទេស​ណា​ដែល​លក់​តម្លៃ​ទាប​ជាង​យើង នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្មករ​ត្រូវ​បាត់បង់​ការងារ និង​ងាក​ទៅ​ស្រែ​វិញ ជួនកាល​ស្រែ​ចំការ​ធ្វើ​មិន​បាន​ផល​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​កើតឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ