ទីក្រុងបាងកក ៖ យោងតាមក្រុមហ៊ុន Willis Towers Watson ដែលជាក្រុមហ៊ុនគ្រប់គ្រងហានិភ័យ និងប្រឹក្សាយោបល់អន្តរជាតិ បានឲ្យដឹងថា កំណើនប្រាក់បៀវត្សរ៍នៅប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានលូតលាស់បន្តិចបន្តួចនៅឆ្នាំនេះជាលើកដំបូងតាំងពីឆ្នាំ២០១៤ មក ។
ប្រាក់បៀវត្សរ៍បានកើនឡើងជាមធ្យមប្រមាណ៥,៧% ក្នុងប្រទេសចំនួន១៧ ខណៈដែលប្រាក់បៀវត្សរ៍ក្នុងប្រទេសថៃកើនឡើងបាន៥,២%។
កំណើនបន្តិចនេះត្រូវបានគិតថា នឹងបន្តកើតមានឡើងរហូតដល់ឆ្នាំ២០១៩ ព្រោះតែទស្សនវិស័យដ៏ល្អសម្រាប់អាជីវកម្មក្នុងឆ្នាំនេះ។ ប្រមាណ៦០%នៃក្រុមហ៊ុនដែលចូលរួមការស្ទង់មតិគិតថា ដំណើរការក្រុមហ៊ុនរបស់ពួកគេនៅឆ្នាំ ២០១៨ ស្របទៅនឹងលទ្ធផលកាលពីឆ្នាំមុន ។
ជាមធ្យម១៦,៨%នៃកំណើនប្រាក់ បៀវត្សរ៍គឺសម្រាប់អ្នកដែលធ្វើការបានល្អជាងគេ ដែលស្មើនឹង១២,៨%នៃបុគ្គលិកទាំងអស់ក្នុងតំបន់។ វាមានន័យថា ជាមធ្យម បុគ្គលិកដែលធ្វើការបានក្រោមមធ្យមមានកំណើនប្រាក់បៀវត្សរ៍តែ ១ដុល្លារប៉ុណ្ណោះ ខណៈដែល១,៤៤ដុល្លារគឺសម្រាប់អ្នកធ្វើការបានល្អ ។
ប្រាក់បៀវត្សរ៍ក្នុងប្រទេសថៃត្រូវបានគិតថានឹងកើនឡើងប្រមាណ៥,៣% ក្នុងឆ្នាំ២០១៩ ខណៈដែលប្រាក់បៀវត្សរ៍ក្នុងតំបន់កើនឡើងជាមធ្យម ៥,៩%។
យោងតាម Willis Towers Watson បានឲ្យដឹងទៀតថា ការលូតលាស់ក្នុងវិស័យទំនិញប្រើប្រាស់ក្នុងប្រទេសថៃកំពុងតែជួយជំរុញដល់កំណើនប្រាក់បៀវត្សរ៍ក្នុងវិស័យនេះឲ្យនាំមុខវិស័យដទៃទៀត ។ ជាមធ្យម សហគ្រាសក្នុងវិស័យនេះបង្កើនប្រាក់បៀវត្សរ៍ឲ្យបុគ្គលិកច្រើនជាងក្រុមហ៊ុនក្នុងវិស័យដទៃប្រមាណ០,៣% ។
ផ្ទុយមកវិញ កំណើនប្រាក់បៀវត្សរ៍ក្នុងវិស័យធានារ៉ាប់រងនៅតែអន់ថយក្នុងប្រទេសថៃ ដែលទាបជាងវិស័យដទៃប្រមាណ ០,៤% ៕
ចែករំលែកព័តមាននេះ