រាជរដ្ឋាភិបាល​បញ្ចូល​វិស័យ​ទេសចរណ៍​ទៅ​ក្នុង​កម្មវិធី​សិក្សា


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ដាក់​បញ្ចូល​វិជ្ជាជីវៈ​ទេសចរណ៍ ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា​រដ្ឋ ដើម្បី​ពង្រីក​ការ​យល់​ដឹង​ទាក់ទង​នឹង​វិស័យ និង​រួមចំណែក​ក្នុង​ការ​ទាញ​យក​សក្តានុពល​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ប្រទេស​ជាតិ ។

អគ្គនាយករង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ លោក ទ្រី ឈី​វ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ម្សិលមិញ​ថា បច្ចុប្បន្ន ក្រុម​អ្នកជំនាញ​របស់​ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ចប់​កិច្ច​ពិភាក្សា​ហើយ ។ ម្យ៉ាងទៀត ក្រុម​គណៈកម្មការ​អន្តរក្រសួង​បាន​កំពុង​ពិនិត្យ​វាយតម្លៃ ដើម្បី​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​វិជ្ជាជីវៈ​ទេសចរណ៍​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។

លោក​បន្ត​ថា យ៉ាង​យូរ កម្មវិធី​សិក្សា​វិជ្ជាជីវៈ​ទេសចរណ៍ នឹង​អាច​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​កម្រិត​ថ្នាក់​វិទ្យាល័យ​ចាប់ពី​ឆ្នាំ​សិក្សា​២០១៩-២០២០​តទៅ ។ លោក ទ្រី ឈី​វ បាន​បន្ត​ថា ៖« ការ​ចាប់ផ្តើម​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​វិជ្ជាជីវៈ​ទេសចរណ៍​ឆ្នាំ​សិក្សា​២០១៩-២០២០ នឹង​សាកល្បង​ផ្តល់​ការ​បណ្តុះបណ្តាល​នៅ​តាម​ថ្នាក់​វិទ្យាល័យ​ចំនួន​ពី​៣​ទៅ​៤​វិទ្យាល័យ ដែល​ជា​គោលដៅ​ភ្ញៀវ​ទេសចរ​បរទេស​អញ្ជើញ​ទៅ​ទស្សនា​ច្រើន »​។ លោក​បន្ត​ថា ៖« បំណង​នៃ​កា​រប​ញ្ច្រា​ប​វិជ្ជាជីវៈ​ទេសចរណ៍​នេះ ជំរុញ​ឲ្យ​សិស្ស​រៀន​ចប់​នៅ​វិទ្យាល័យ​ទាំងអស់ គឺ​ចេះ​រៀបចំ​អត្ត​ចរិតល្អ និង​ជួយ​តម្រង់​ទិសលើ​ការងារ​បដិសណ្ឋារកិច្ច​ល្អ មាន​ភាព​រួសរាយ​រាក់ទាក់ មាន​ទំនាក់ទំនង​ល្អជា​មួយ​ភ្ញៀវ​ទេសចរ ពិសេស​សិស្ស​ទាំងអស់​នៅ​ពេល​រៀន​ចប់​ថ្នាក់​ទី​១២ គឺ​គេ​អាច​មាន​លទ្ធភាព​រក​ការងារ​បាន​ធ្វើ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ »​។

លោក​ទ្រី ឈី​វ បាន​ឲ្យ​ដឹងផង​ដែរ​ថា សិស្សានុសិស្ស ដែល​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​ទី​១២ ហើយ​មានបទពិសោធន៍​ការងារ​២​ឆ្នាំ​ឡើង​ទៅ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ គឺ​គេ​មាន​លទ្ធភាព​គ្រប់គ្រាន់ នឹង​អាច​ទទួល​បានការ​វាយតម្លៃ​ការងារ​ពី​ក្រសួងទេសចរណ៍ ដើម្បី​ទទួលយក​សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​ថ្មី​មួយទៀត ដែល​មានការ​ទទួលស្គាល់​ដោយ​អាស៊ាន ដើម្បី​មាន​លទ្ធភាព​អាច​ស្វែងរក​ការងារ​បំ​លាស់​ទី​នៅ​ក្នុង​តំបន់​អាស៊ាន​បាន ។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​សម្ដែង​ការ​សាទរ ដោយ​លោក​ប្រសាសន៍​ថា វា​ជា​រឿង​ល្អ​មែនទែន ប្រសិនជា​ក្រសួង​ទាំង​ពីរ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ទាក់ទង​នឹង​វិជ្ជាជីវៈ​ក្នុង​កម្មវិធី​សិក្សា​ចាប់ពី​ថ្នាក់​ទី​១០ នៅ​តាម​សាលា​រដ្ឋ​ទូ​ទាំង​ប្រទេស ។ លោក​ថ្លែង​ថា ៖« វា​នឹង​ផ្តល់​ជូន​សិស្សានុសិស្ស​ក្រោយ​បញ្ចប់​បាក់​ឌុ​ប មិន​មាន​ល​ទ្ឋ​ភាព​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​អាច​រក​ការងារ​ធ្វើ​បាន »​។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន​ការ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​នៅ​តាម​សាកលវិទ្យាល័យ​ភាគច្រើន មិន​អាច​ទទួលយក​បាន​នោះ​ទេ ដោយសារ​កម្មវិធី​បណ្តុះបណ្តាល​ផ្តោត​តែ​លើ​ទ្រឹស្តី ជា​ជាង​ការ​អនុវត្ត ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ជ្រើសរើស​ពួក​គេ​មក​ធ្វើការ និង​បើ​អាច​ធ្វើការ​បាន​ទាមទារ​ការ​បណ្តុះបណ្តាល​រយៈពេល​វែង​»​។ លោក​ថា ៖« ការ​សិក្សា​ជំនាញ​ទេសចរណ៍​មិនមែន​ត្រូវ​សិក្សា​តែ​ទ្រឹស្តី​ទេ វា​ត្រូវការ​ការ​អនុវត្ត​ជាក់ស្តែង​ច្រើន ព្រោះ​វា​ជា reality មិនមែន​សិក្សា​មុខ​វិជ្ជា​ខ្លះ​ត្រូវ​សិក្សា​តែ​ទ្រឹស្តី ហើយ​អាច​ធ្វើការ​បាន​នោះ​ទេ »​។

ទេសចរណ៍​ត្រូវ​បាន​ចាត់​ទុក​ថា ជា​វិស័យ​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​វិស័យ​នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​អះអាង​កន្លង​មក​ថា កម្ពុជា​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ​២០២៣ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦​លាន​នាក់​, នៅ​ឆ្នាំ​២០២៥ ឲ្យ​បាន​១១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ ឲ្យ​បាន​១៥​លាន​នាក់ ដែល​នឹង​នាំ​ចំណូល​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​បុគ្គលិក​បម្រើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ជាង​១​លាន​៥​សែន​នាក់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ