រាជធានីភ្នំពេញ ៖ លោក TSANG Chun-Wah John រដ្ឋលេខាធិការហិរញ្ញវត្ថុហុងកុងបានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះកិច្ចផ្តួចផ្តើម ពិភាក្សាពាណិជ្ជកម្មសេរីហុងកុង-អាសា៊ន ។ លោក សង្ឃឹមថា កិច្ចពិភាក្សានេះនឹងនាំពាណិជ្ជកម្មសេរី ឱ្យមានភាពរីកចម្រើនដល់បណ្តាប្រទេសអាស៊ាននិងហុងកុងផងដែរ ។
លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោក TSANG Chun-Wah John បានថ្លែងបែបនេះក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៥ មិថុនា ខណៈពេលដែលលោក នាំពាណិជ្ជករល្បីៗនៅហុងកុងដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយកម្ពុជា លោកTSANG បានជម្រាបជូនសម្តេចតេជោ ថា សព្វថ្ងៃនេះមានអ្នកវិនិយោគហុងកុងបានមកវិនិយោគនៅកម្ពុជា ជាពិសេសនៅវិស័យឧស្សាហកម្ម សំណង់និងអចលនទ្រព្យ ។ នៅពេលនេះ លោកបាននាំមកជាមួយនូវពាណិជ្ជករល្បីៗមកពីហុងកុងចំនួន៣០រូប ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម អចលនវត្ថុ សេវាកម្មហិរញ្ញវត្ថុនិងម្ហូបអាហារជាដើម ។ ពាណិជ្ជករល្បីៗទាំងនេះសុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា ដែលកំពុងតែធ្វើការសិក្សាទៅលើសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងរវាងហុងកុង-កម្ពុជា ។ សម្តេចបានសម្តែងនូវការរីករាយចំពោះវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាពិសេសការហោះហើរត្រង់ពីហុងកុងមកកាន់កម្ពុជា ។ សម្តេចបានស្វាគមន៍ដល់ពាណិជ្ជករល្បីៗដែលអញ្ជើញមកជាមួយលោក TSANG នៅពេលនេះ ដើម្បីស្វែងយល់នូវសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា ។ សម្តេចបានជម្រាបជូនដល់ប្រតិភូថា ការវិនិយោគនៅកម្ពុជាគឺ៖
ទី១-មានភាពបើកទូលាយ គឺកម្ពុជាអនុញ្ញាតឱ្យបរទេសបើកក្រុមហ៊ុន ធ្វើជាម្ចាស់ក្រុមហ៊ុន១០០% ដោយមិនតម្រូវឱ្យមានការចូលទុនអំពីភាគីកម្ពុជាឡើយ ។
ទី២-កម្ពុជាបើកឱកាសឱ្យបរទេសចូលសញ្ជាតិកម្ពុជាដើម្បីមានលទ្ធភាពកាន់កាប់អចលនវត្ថុ ។
ទី៣ កម្ពុជាមិនតម្រូវឱ្យប្រើប្រាស់រូបិយប័ណ្ណកម្ពុជានោះទេ គឺមានន័យថា កម្ពុជា អនុញ្ញាតឱ្យប្រើរូបិយប័ណ្ណបរទេសនៅក្នុងកម្ពុជា។ ម្យ៉ាងវិញទៀត កម្ពុជាមិនកំណត់ក្នុងការផ្ទេរប្រាក់ចេញ-ចូលនោះឡើយ ។ជាទីបញ្ចប់ សម្តេចបានស្វាគមន៍ និងអបអរសាទរចំពោះកិច្ចចរចាពាណិជ្ជកម្មស៊េរីអាសា៊ន-ហុងកុង ។ សម្តេចបានលើកទឹកចិត្តឱ្យវិនិយោគិនដែលអញ្ជើញមកជាមួួយលោក TSANG ពិនិត្យលើលទ្ធភាពដើម្បីធ្វើធុរកិច្ចនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ