ខេត្តកំពង់ចាម ៖ស្ពានបេតុងប្រវែង៣៦ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមប្រវែង២.៥៧៤ម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាត្រូវបានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី២៦ មិថុនា ២០១៣ ក្រោមអធិបតីភាពលោក មិន ឃិន ប្រធានក្រុមការងារចុះជួយស្រុកកងមាស លោកម៉ៅ ភិរុណ អនុប្រធានក្រុមការងារចុះជួយស្រុកកងមាស និងមន្ត្រីក្រុមការងារជាច្រើននាក់ទៀត ។
លោកមិន ឃិន និងលោកម៉ៅ ភិរុណ មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពល្អប្រសើរជាលំដាប់ ។ លោកមិន ឃិន មានប្រសាសន៍បន្តទៀតថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពិតជាបានចូលរួមក្នុងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលនេះជាការគិតគូរមួយខ្ពស់ពីប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ