ខេត្តបាត់ដំបង ៖ តាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា សិស្សានុសិស្សនៅវិទ្យាល័យស្រុកថ្មគោលបានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី០៧ ខែធ្នូនេះ ហើយពេលនេះសមត្ថកិច្ច និងអាណាព្យាបាលសិស្សកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តបន្ទាប់ ។
ករណីនេះគេមិនទាន់ដឹងអំពីមូលហេតុដែលនាំឲ្យសិស្សានុសិស្សទាំងនោះដួលសន្លប់នៅឡើយទេ ព្រោះពេលនេះកំពុងស្ថិតក្នុងជួយសង្គ្រោះបន្ទាន់ពីសមត្ថកិច្ច និងក្រុមគ្រួពេទ្យនៅឡើយ ។
បើតាមប្រភពព័ត៌មានថា យុវសិស្សដែលដួលសន្លប់ភាគច្រើនជាសិស្សស្រី ហើយពួកគេមានអាការៈវិលមុខ រួចដួលសន្លប់តៗគ្នានៅក្នុងថ្នាក់រៀន ។ ប្រភពពីសិស្សានុសិស្សមួយចំនួនបានប្រាប់ថា យុវសិស្សទាំងនោះបានសន្លប់បាត់មាត់ ពេលកំពុងរៀននៅក្នុងថ្នាក់ ។ ពេលនោះនៅក្នុងថ្នាក់រៀនហាក់ថប់ខ្យល់យ៉ាងខ្លាំង ។ នៅខណៈពេលឃើញមានសិស្សខ្លះដួលសន្លប់បែបនេះ ទើបសិស្សដទៃទៀតមានអាការៈវិលមុខដួលជាបន្តបន្ទាប់តែម្ដងដូចគ្នា ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះជនរងគ្រោះហាក់កំពុងកើនឡើង ដែលមិនអាចប៉ាន់ប្រមាណបានឡើយ ព្រោះកំពុងជួបបញ្ហានេះជាបន្តបន្ទាប់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះយុវសិស្សខ្លះដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត ។ បើតាមព័ត៌បឋមរហូតដល់ពេលនេះ អាចកើនឡើងលើសពី៥០នាក់ហើយដែលប៉ះពាល់ ៕




ចែករំលែកព័តមាននេះ