ខេត្តកំពង់ចាម ៖ សមាជិក សមាជិកា គណបក្សសង្រ្កោះជាតិ ចំនួន ១២នាក់ ក្នុងនោះ មានបេក្ខជនតំណាងរាស្រ្តចំនួន ៣រូប ផងដែរ បានចុះចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានរៀបចំធ្វើសនិ្នសិទកាសែត កាលពីវេលាម៉ោងជាង ២ រសៀល ថ្ងៃទី២៥ មិថុនា ២០១៣ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
ក្នុងពិធីនេះ មានការចូលរួមពី លោក លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្ត លោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត ក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តកំពង់ចាម ។
ចំពោះអ្នកដែលចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា រួមមាន ១- លោក នួន វុទ្ធី គណៈកម្មការនាយក បេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ចាម ២- លោក ដួង ចាន់វាសនា គណៈកម្មការនាយកបេក្ខជនតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ចាម ៣- លោក ខាត់ កុសល ប្រធានទ្រទ្រង់ស្រុក និងជាសមាជិកក្រុមប្រឹក្សាខេត្ត បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម ៤- ឈ្មោះ ជួន ភារិទ្ធ ប្រធានបក្សស្រុកចំការលើ ៥- ឈ្មោះ ប៉ូវ ប៊ុនឡេង ក្រុមការងារថ្នាក់ខេត្ត ៦-ឈ្មោះ ង៉ូវ ស៊ីផាន ប្រធានបក្សឃុំ និងជាប្រធានចលនាស្រ្តី ៧-ឈ្មោះ ឈូ ហៃងួន ជំនួយការប្រធានទ្រទ្រង់ស្រុក សមាជិកក្រុមការងារខេត្ត ៨-ឈ្មោះ ប៉ែន សុធន ជំទប់ទី១ និងជាអនុប្រធានបក្សស្រុកកងមាស ៩-ឈ្មោះ ឈឹម នាង សមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ១០-ឈ្មោះ ប៉ែន សាជូលីន សមាជិកគាំទ្រស្រុកកោះសូទិន ១១-ឈ្មោះ ស៊ុយ អែត ប្រធានទ្រទ្រង់ស្រុកកងមាស សមាជិកក្រុមប្រឹក្សាបក្សខេត្ត ១២-ឈ្មោះ ហម ម៉ាដា ប្រធានក្រុមការងារស្រុកកោះសូទិន ។
លោក នួន វុទ្ធី បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម បានចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កាលពេលដែលរូបលោករស់នៅជាមួយនឹងគណបក្សសិទិ្ធមនុស្ស រយៈពេលជាច្រើនឆ្នាំ មើលឃើញតែការបោកប្រាស់គ្នាឯង និងមានបញ្ហាជាច្រើនទៀត ដោយសារតែមើលឃើញនូវទង្វើបែបនេះ ទើបរូបលោក និងអ្នកផ្សេងទៀតចំនួន ១១នាក់ បានមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។
លោកបន្តថា នៅថ្ងៃខាងមុខប្រសិនបើជាគណបក្សសង្រ្គោះជាតិជាប់ឆ្នោត អាចនឹងធ្វើឱ្យប្រទេសជាតិរបស់យើងធ្លាក់ទៅក្នុងភ្លើងសង្រ្គាមដូចនៅឆ្នាំ ១៩៧០ ជាក់ជាមិនខានឡើយ ។ ហេតុដូច្នេះហើយទើបសម្រេចធ្វើលិខិតលាឈប់ដោយបានស្នើសុំទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដោយហេតុផលថា ១-គណបក្សនេះ មិនមានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការដឹកនាំប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៏ ក្រៅពីការប្រឆាំងផ្កាប់មុខជាមួយនឹងរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។
២-ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនេះ គិតតែផលប្រយោជន៏ផ្ទាល់ខ្លួន និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនបានគិតគូរដល់ប្រយោជន៏គណបក្ស និងប្រយោជន៏ជាតិជាធំ ។ លោក ដួង វាសនា បេក្ខជនតំណាងរាស្រ្ត មានប្រសាសន៏ឲ្យដឹងថា ការចាកចេញរបស់សមាជិក សមាជិកាបក្សសង្រ្គោះជាតិនេះ មិនមែនត្រឹមតែមាននៅខេត្តកំពង់ចាមនោះទេ គឺមាននៅខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀត ហើយការចាកចេញនេះ នឹងធ្វើឲ្យគណបក្សសង្រ្គោះជាតិត្រូវចុះខ្សោយ ប្រៀបដូចជាកីឡាករដែលខ្វះឈាមយ៉ាងដូច្នោះ ។
សព្វថ្ងៃ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានការអភិវឌ្ឍន៏ សូម្បីតែបរទេសដែលបានចុះស្ទាបស្ទង់មតិ ក្នុងនោះ ៧៩ភាគរយ គាំទ្រដល់គណបក្សប្រជាជនកម្ពុជា ។ លោក លន់ លឹមថៃ ប្រធានគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី២៥ មិថុនានេះ បក្សប្រឆាំងបានមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា រូបលោកសូមស្វាគមន៏ទទួលយកដោយរីករាយ ហើយនៅពេលដែលចុះចូលហើយនោះ ត្រូវតែមានភាពស្មោះត្រង់ «កុំចូលហើយចេញ ចេញហើយចូល» ៕
ចែករំលែកព័តមាននេះ