ខេត្តក្រចេះ ៖ ឡធ្យូងធំៗចំនួន១២ឡក្នុងបរិវេណរបស់ក្រុមហ៊ុនវៀតណាមមួយនៅក្នុងឃុំឃ្សឹម ស្រុកស្នួល ដែលកំពុងតែធ្វើអាជីវកម្មដុតធ្យូងជាលក្ខណៈទ្រង់ទ្រាយធំបានប្រមូលដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមមានរយៈពេលជាច្រើនខែមកហើយ ។ ទីតាំងអាជីវកម្មមួយនេះត្រូវបានអាជ្ញាធរស្រុកស្នួលចុះផ្អាកសកម្មភាពបន្ទាប់ពីរកឃើញថា ការធ្វើ អាជីវកម្មរបស់ក្រុមហ៊ុនវៀតណាមនេះមិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ។
ការចុះទៅពិនិត្យទីតាំងឡធ្យូងខុសច្បាប់ពីក្រុមសមត្ថកិច្ចស្រុកស្នួលបានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីឡធ្យូងរបស់ក្រុមហ៊ុនវៀតណាមមួយនេះបានធ្វើអាជីវកម្មដោយគ្មានច្បាប់ទម្លាប់មានរយៈជាច្រើនខែមកហើយ ក្នុងនោះដែរក៏គេដឹងថា មានកូនឈើតូចធំគ្រប់ប្រភេទ មានចំនួនរាប់ម៉ឺនម៉ែត្រគូបត្រូវបានកម្មករប្រទេសវៀតណាមប្រមូលដុតកែច្នៃជាធ្យូងនារយៈពេលកន្លងមកនេះ ។
សមត្ថកិច្ចអាវុធហត្ថស្រុកស្នួលដែលបានចុះទៅពិនិត្យដល់ទីតាំងឡធ្យូងខាងលើនេះបានឲ្យដឹងថា ក្នុងបរិវេណក្រុមហ៊ុនឡធ្យូងដ៏ធំនេះមានឡចំនួន១២ឡបាននឹងកំពុងតែធ្វើសកម្មភាពដុតធ្យូង ។ ក្រៅពីនោះ ក៏នៅមានឈើរាប់ម៉ឺនកំណាត់ផ្សេងទៀតមានឈើស្រស់ និងឈើចាស់ត្រូវបានក្រុមកម្មកវៀតណាមប្រមូលកាត់អារដើម្បីដុត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានឈើចំនួនរាប់ម៉ឺនកំណាត់ត្រូវបានប្រមូលដុតនៅក្នុងឡទាំងចំនួន១២ឡ ស្របជាមួយនោះក៏មានធ្យូងចំនួនរាប់ពាន់បេក៏ត្រូវបានប្រមូលដឹកចូលទៅវៀតណាមជារៀងរាល់ថ្ងៃផងដែរ ។
ជុំវិញការធ្វើអាជីវកម្មឡធ្យូងខុសច្បាប់របស់ក្រុមហ៊ុនវៀតណាមក្នុងស្រុកជាប់ព្រំដែននេះប្រធានផ្នែករដ្ឋបាលព្រៃឈើស្នួល លោក ជា បញ្ញា បានប្រាប់ឲ្យដឹងដែរថា ក្រោយការចុះពិនិត្យរបស់អាជ្ញាធរបានសម្រេចផ្អាកមិនឲ្យមានការធ្វើអាជីវកម្មទៀតនោះទេ ដោយតម្រូវឲ្យក្រុមហ៊ុននេះទៅធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវជាមុនសិន ៕
ចែករំលែកព័តមាននេះ