ខេត្តកំពង់ចាម ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី២៤ មិថុនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងដាក់ផែនការដល់ថ្នាក់ដឹកនាំគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជានៃខេត្តទាំង៥ ក្នុងនោះមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនៈគិរី និងខេត្តមណ្ឌលគិរី ដើម្បីត្រៀមយុទ្ធនាការឃោសនាបោះឆ្នោតស្វែងរកការគាំទ្រជូនបក្ស ។
ពិធីនេះបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ្សាការីយ៉ា អាដាម សមាជិកសភា និងជាអនុប្រធានគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណៈចលនាសាសនិកអ៊ិស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត-ក្រុង ស្រុក-ខណ្ឌ ទាំង៥ខេត្ត សរុបចំនួន៣១៦នាក់។ នេះជាការដាក់ផែនការយុទ្ធសាស្រ្តជូនថ្នាក់ដឹកនាំគណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជាជាលើកចុងក្រោយ ស្របពេលដែលថ្នាក់ដឹកនាំគណៈចលនារាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌផ្សេងៗទូទាំងប្រទេស ត្រូវបានទទួលផែនការរួចជាស្រេចហើយនោះ ។
លោក ហ្សាការីយ៉ា អាដាម មានប្រសាសន៍ថា នៅក្នុងច្បាប់របស់សាសនាអ៊ិស្លាមមានកាតព្វកិច្ចចាំបាច់ឱ្យមនុស្សលោកទាំងអស់ ធ្វើយ៉ាងណារស់នៅក្នុងសង្គមមួយ ដែលត្រូវតែជ្រើសរើស និងចាត់តាំងមេដឹកនាំរបស់ខ្លួន ដើម្បីដឹកនាំឆ្ពោះទៅរកសន្តិភាព សេរីភាព និងមានការរីកចម្រើន ។ ជាក់ស្តែង ព្យាការីមូហាំម៉ាត់ ក៏បានរំលឹក និងដាក់កម្រិតឱ្យសាសនិកអ៊ិស្លាមទាំងឡាយជ្រើសរើសមេដឹកនាំ ប្រសិនបើធ្វើដំណើរទៅណាមកណា ែដលមានគ្នាចាប់ពី៣នាក់ឡើងទៅ គឺត្រូវចាត់តាំងម្នាក់ដែលមានសមត្ថភាពធ្វើជាអ្នកដឹកនាំ ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំគណៈចលនាទាំង៥ខេត្តឱ្យដឹងថា គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា គឺជាសេនាធិការផ្ទាល់របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ដែលបានអនុម័តបង្កើតឱ្យមានឡើងតាំងពីឆ្នាំ១៩៩៨ និងមានរចនាសម្ព័ន្ធគ្រប់គ្រងតាមលំដាប់លំដោយពីថ្នាក់រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ នៅទូទាំងប្រទេស ។ គណៈចលនាមានភារៈកិច្ចជួយគាំទ្រ និងជ្រោមជ្រែងការងារយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនសំឡេងគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជារបស់សាសនិកអ៊ិស្លាមទូទាំងប្រទេសកម្ពុជា ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ មានប្រសាសន៍បន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនធ្វើជានាយករដ្ឋមន្រ្តី ហើយក៏ជាការបោះឆ្នោតជូនខ្លួនឯង ដើម្បីសម្រេចបាននូវការរស់នៅក្នុងសង្គមមួយ ដែលប្រកបទៅដោយសេចក្តីសុខ សន្តិភាព សេរីភាព និងការរីកចម្រើន ។ ដូច្នេះសូមកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី៤ ដើម្បីជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនាអាណត្តិទី៥ ។
លោកឧកញ៉ា អូស្មាន ហាស្សាន់ និងលោកជំទាវ ក៏បានពាំនាំនូវអំណោយរបស់គណបក្សប្រជាជនកម្ពុជា មកឧបត្ថម្ភចែកជូនដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា ខេត្ត-ក្រុង ស្រុក-ខណ្ឌ ក្នុងខេត្តទាំង៥ខាងលើ ដែលមានចំនួន៣១៦នាក់ សរុបជាថវិកាចំនួន ១៦.២០៥.០០០រៀល ។ ឧបត្ថម្ភដល់មន្ទីរបក្សប្រជាជនកម្ពុជាក្រុងសួង ចំនួន៤០ម៉ឺនរៀល និងកងកម្លាំងការពារចំនួន២០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ